(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត នឹងរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ នៅតាមបណ្តោយវិថីសម្ដេចសង្ឃជួនណាត ខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២។
ជាមួយនឹងការប្រកាសដាក់ចេញនូវយុទ្ធការខាងលើនេះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់សិស្ស-និស្សិត កម្មករ-កម្មការិនី ព្រះសង្ឃ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលរួមដាំដើមឈើក្នុង ឱកាសបុណ្យសមុទ្រ នៅខេត្តកំពត ឱ្យបានច្រើនកុះករ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។
សាធារណជនទាំងអស់ អាចចុះឈ្មោះចូលរួមដាំកូនឈើ ក្នុងយុទ្ធនាការនេះ តាមរយៈវិបសាយនេះ៖ https://visitcambodia.travel/kh/qafrm2 ផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលខេត្តកំពតត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ ត្រូវបានរាជរដ្ឋាភិបាលកំណត់ធ្វើឡើងនៅថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមវត្តមានអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបង្ហាញការរំពឹងទុកថា បុណ្យសមុទ្រនេះ នឹងបន្ត មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមទស្សនាលេងកម្សាន្តច្រើនកុះករផងដែរ៕