(ភ្នំពេញ)៖ ប្រតិភូក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការងារឧក្រិដ្ឋកម្មឆ្លងដែរ ក្នុងក្របខ័ណ្ឌអាស៊ាន លើកទី១៣ (13th AMMTC) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រតិភូនាយនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលមានការឯកភាពពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នោះដឹកនាំដោយ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងជាប្រធានក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខណ្ឌអាស៊ាន។
ក្រៅពីកិច្ចប្រជុំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏នឹងជួបពិភាក្សាការងារជាមួយបណ្ដាថ្នាក់ដឹកនាំសន្ដិសុខនានា នៃប្រទេសអាស៊ាន ដើម្បីចែករំលែកអំពីព័ត៌មានការវិវត្តន៍ថ្មីៗ នៃបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការពង្រឹងនូវចំណងសាមគ្គីភាព មិត្តភាពជិតស្និទជាមួយបណ្ដាប្រទេសអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ៕