(កំពង់ឆ្នាំង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង ដឹកនាំលោក យីវ ណារិន ប្រធានសាខា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារពង្រ និងតូបលក់ជុំវិញផ្សារ ស្ថិតក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រកមិនឃើញទំនិញណាមួយខូចគុណភាពឡើយ។
លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រុមការងារជំនាញ បានធ្វើតេស្តបឋមទៅលើបន្លែស្ពៃតឿ, ស្ពៃបូកគោ, ស្ពៃក្តោប និង ផ្សិត។ ជាលទ្ធផលបឋម គឺយើងពុំមានឃើញសារធាតុគីមី ឡើយ ហើយក៏ពុំបានរកឃើញទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់ដែរ យ៉ាងណាមិញមន្រ្តីជំនាញ បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ពីសុវត្ថិភាពម្ហូបអាហារ ការរៀបចំទំនិញតាំងលក់ និងមានអនាម័យល្អ។
លោកប្រធានសាខា ក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។ មួយវិញទៀត ក្រុមការងារ បានឃ្លាំពិនិត្យតម្លៃលក់រាយ នៅតាមស្ថានីយ/ដេប៉ូ ចំនួន០៤ទីតាំង រីឯតម្លៃលក់រាយនេះ គឺសមស្របតាមតម្លៃ ដែលក្រសួងបានកំណត់៕