(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩នេះលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងលោក មុន រ៉ាម៉ាឌី អគ្គនាយកស្ថានីយទូរទស្សន៍ ស៊ីអិនស៊ី បានដឹកនាំសហការីគោរពវិញាណក្ខន្ធ លោក សំរិទ្ធ ឯកសុវណ្ណ ជានាយករងស្ថានីយទូរទស្សន៍ CNC នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោក សំរិទ្ធ ឯកសុវណ្ណ បានទទួលមរណភាព កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យថៃ ដោយរោគាពាធ។ សពលោក សំរិទ្ធ ឯកសុវណ្ណ ត្រូវបានដឹកពីប្រទេសថៃ យកមកតម្កល់ ធ្វើបុណ្យ នៅស្រុកកំណើតរបស់លោក ក្នុងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ តាមកម្មវិធី សពលោក សំរិទ្ធ ឯកសុវណ្ណ នឹងត្រូវបូជាតាមប្រពៃណី នៅយប់ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពាក់ព័ន្ធនឹងមរណភាពរបស់លោក សំរិទ្ធ ឯកសុវណ្ណ នាពេលនេះលោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិ Fresh News ក៏បានសម្តែងការសោកស្តាយ ចំពោះការបាត់បង់ធនធានសំខាន់ ក្នុងវិស័យសារព័ត៌មានកម្ពុជាផងដែរ។ លោក លឹម ជាវុត្ថា តាមរយៈប្រធាន ស.ស.ស.ក ក៏ចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារសព ព្រមទាំងបានចូលបច្ច័យបុណ្យចំនួន២លានរៀលផងដែរ។
មរណភាពរបស់ លោក សំរិទ្ធ ឯកសុវណ្ណ បានបន្សល់កូនកំព្រាតូចៗ ចំនួន ៤នាក់។ លោក សំរិទ្ធ ឯកសុវណ្ណ បានប្រឡូកក្នុងវិស័យព័ត៌មានជាច្រើនឆ្នាំមកហើយ ដោយមានជំនាញជាអ្នកកាន់កាំម៉ារ៉ា ថតវីដេអូ។ តាមរយៈអាជីពនេះ លោកបានរួមចំណែកជាច្រើនក្នុងការផ្តល់ ព័ត៌មានពីសកម្មភាពរបស់ថ្នាក់ដឹកនាំជាតិ និងការវិវឌ្ឍន៍របស់សង្គមជាតិ។ អាជីពនេះ ក៏បានផ្តល់ឱកាសឲ្យលោកធ្វើសកម្មភាពផ្សេងៗជាច្រើន រួមទាំងសកម្មភាពមនុស្សធម៌ផងដែរ៕