(កណ្ដាល)៖ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានថ្លែងថា មានអាជីវកម្មអាចម៌ដី និងខ្សាច់បកមួយចំនួន ដែលបាននិងកំពុងធ្វើអាជីវកម្មគ្មានច្បាប់ អនាធិបតេយ្យ ក្នុងភូមិសាស្ត្រ ខេត្ត កណ្តាល ដូចនេះមន្ទីររ៉ែ និងថាមពលខេត្ត ត្រូវទប់ស្កាត់ឱ្យបានរាល់បទល្មើសទាំងអស់នេះ និងត្រូវកៀគរម្ចាស់ការដ្ឋាន អាជីវកម្ម អាចម៌ដី និងខ្សាច់បកទាំងអស់នោះចូលមកចុះបញ្ជី និងស្នើសុំអាញ្ញាប័ណ្ណឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់។
លោក តាំង ម៉េងលាន បានលើកឡើងយ៉ាង ដូចនេះនាព្រឹកថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសចូលកាន់មុខតំណាងអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ដោយលោកក៏បានជំរុញឱ្យមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល ត្រូវខិតខំទប់ស្កាត់ឱ្យបាន រាល់បទល្មើសធនធានរ៉ែនានា ក្នុងភូមិសាស្ត្រខេត្តកណ្តាលឲ្យខានតែបាន។
លោកអភិបាលរងខេត្ត ក៏បានវាយតម្លៃ ខ្ពស់ចំពោះការខិតខំប្រឹងរបស់ថ្នាក់ដឹកនាំមន្ទីរ ក៏ដូចជាមន្ត្រីរាជការមន្ទីររ៉ែ និងថាមពលខេត្តទាំងអស់ ដែលកន្លងមកបាន ពុះពារការលំបាកនានា ក្នុងការបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យ និងជាស្នាដៃធំធេងកន្លងមក។ លោកក៏បានផ្ដាំផ្ញើដល់មន្ត្រីរាជការ នៃមន្ទីររ៉ែ និងថាមពលខេត្ត ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង កាត់បន្ថយឱ្យបានជាអតិបរមានូវបញ្ហាទំនាស់នានាផងដែរ។
សូមបញ្ជាក់ថា តាមប្រកាសរបស់រដ្ឋបាលខេត្តកណ្ដាល ក្នុងរយៈពេល០៩ខែ ឆ្នាំ២០១៩ មន្ទីររ៉ែ និងថាមពល បានប្រមូលចំណូលមកពីសួយសារធនធានរ៉ែបាន ៣០៧,១៣៧,៥៣៣ ដុល្លារអាមេរិក។ នេះបើតាមការឱ្យដឹងពីលោក ខាវ ប៊ុណ្ណារ៉ា ជាអនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល៕