(រតនគិរី)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជាទាំងអស់ ដែលបានបូជាគ្រប់បែបយ៉ាង ដើម្បីប្តូរយកសុខសន្តិភាព សេរីភាព ជូនប្រជាជនកម្ពុជាឱ្យរួចផុតពីរបបវាលពិឃាតខ្មែរក្រហម «ប៉ុល ពត»។
ការថ្លែងអំណរគុណបែបនេះរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាព បើកបាឋកថាស្តីពី «រួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស» ដែលរៀបចំសហការដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តរតនគិរី។
មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «អ្នកដែលមានគុណលើយើងជួយសង្គ្រោះអាយុជីវិត ឪពុក ម្តាយ ជីដូន ជីតា ហើយមានទើបមានរូបយើងសព្វថ្ងៃនេះ គឺសម្តេចតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា»។
លោក កែវ រ៉េមី បានបន្តថា ការរួមគ្នាថែរក្សាសន្តិភាព ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងសន្តិភាពនេះ មិនមែនសម្រាប់បុគ្គលណាម្នាក់នោះទេ ហើយក៏គ្មាននរណាម្នាក់ក្នុងការថែរក្សាបានម្នាក់ឯងនោះទេ គឺទាល់តែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ ដែលធ្វើឱ្យមានការគោរពសិទ្ធិមនុស្ស។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោក កែវ រ៉េមី ក៏បានដាស់តឿនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខេត្តរតនគិរី ថា កាលណាមានសង្គ្រាមរាំងជល់ កុំសង្ឃឹមថា បានរស់នៅជួបជុំសាច់ញាតិ ក្រុមគ្រួសារ ហើយកាលណាបើប្រទេសជាតិមានសង្គ្រាម សូមកុំនិយាយពីសិទ្ធិមនុស្ស ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គ្នារួបរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ថែរក្សាការពារសន្តិភាពដែលកម្ពុជា កំពុងតែមាននេះឱ្យបានជាដាច់ខាត។
បន្ថែមពីនេះ លោក កែវ រ៉េមី បានជម្រាបប្រាប់ទៅប្រជាពលរដ្ឋថា សូមកុំនិយាយពីលទ្ធិប្រជាធិបតេយ្យប្រទេសផ្សេងៗ មកប្រៀបធៀប ជាមួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះការអនុវត្តមានស្ថានភាពខុសគ្នា។ ជាក់ស្តែងបច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានបើកទូលាយ ឱ្យប្រជាជនដែលរស់នៅ ក្នុងប្រទេសមានសិទ្ធិគ្រប់បែបយ៉ាងដែលកំណត់ដោយច្បាប់រដ្ឋ ជាពិសេសការគោរពសិទ្ធិដល់បងប្អូនជនជាតិដើមភាគតិច លើការគោរពលើជំនឿ សាសនា ការអប់រំ សេវាថែទាំសុខមាលភាព និងសិទ្ធិផ្សេងៗទៀត ដូចប្រជាជនខ្មែរទូទាំងប្រទេសផងដែរ។
មេសិទ្ធិមនុស្សកម្ពុជារូបនេះ បានបញ្ជាក់បន្ថែមទៀតថា សព្វថ្ងៃ នេះប្រជាជនកម្ពុជាម្នាក់ៗ កំពុងទទួលបាននូវការការពារសិទ្ធិ ការគោរពសិទ្ធិ និងការប្រើប្រាស់ សិទ្ធិយ៉ាងទូលំទូលាយ ជាអាទិ៍ សិទ្ធិរស់រានមានជីវិត សិទ្ធិប្រកបរបរចិញ្ចឹមជីវិត សិទ្ធិការងារ សិទ្ធិសហជីព សិទ្ធិបង្កើតអង្គការមិនមែនរដ្ឋាភិបាល សិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានការថែទាំសុខភាព សិទ្ធិទទួលបានសុខមាលភាពសង្គម សិទ្ធិនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពខាងជំនឿ សេរីភាពសាសនា និងវប្បធម៌ព្រមទាំងទទួល បានពីរដ្ឋប្រកបដោយសមធម៌នូវផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គមកិច្ច សេវាសាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យផងដែរ៕