(សៀមរាប)៖ ក្រុមអ្នកទេសចរស្ម័គ្រចិត្ត នៃជនជាតិថៃប្រមាណ ៣០នាក់ ជាមួយនឹងម៉ូតូធំជាង ២០គ្រឿង ដែលមកពីទីក្រុងបាងកក ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ធ្វើដំណើរទេសចរណ៍ នៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាបរយៈពេល ៣ថ្ងៃ ចាប់ថ្ងៃទី២២-២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

នេះជាលើកទី៣ហើយ ដែលក្រុមអ្នកទេសចរថៃជិះម៉ូតូធំ ធ្វើដំណើរឆ្លងដែនចូលមកទស្សនាកម្ពុជា។ ក៏ប៉ុន្តែ នេះគឺជាលើកទី១ សម្រាប់ការចូលមកទស្សនា តំបន់រមណីយដ្ឋានអង្គរ-សៀមរាប ដែលពួកគេបានដាក់ប្រធានបទ ដំណើរកម្សាន្តនេះថា ៖ «ថៃ-កម្ពុជា ក្រុមម៉ូតូធំជួបជុំនៅអង្គរ-សៀមរាប (BIKE MEET Siem Reap ឬ Angkor BIKERS)»។

ជាមួយនឹងព្រឹត្តិការណ៍នេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់វត្តមានក្រុមអ្នកទេសចរថៃ ជិះម៉ូតូធំមកពីទីក្រុងបាងកក ទស្សនាតំបម់រមណីយដ្ឋានអង្គរ-សៀមរាប គឺជាការឆ្លើយតបរបស់ភាគីថៃ បន្ទាប់ពីភាគីកម្ពុជា បានធ្វើដំណើរទស្សនកិច្ចឆ្លងដែនទៅកាន់បណ្តាខេត្តមួយចំនួនរបស់ប្រទេសថៃ នៅជាប់ព្រំដែនប្រទេសកម្ពុជា កាលពីក្នុងអំឡុងសប្តាហ៍ទី៤ នៃខែតុលាកន្លងទៅ របស់ក្រុម Siem Reap Caravan Tour To Thailand ដែលរៀបចំឡើងដោយក្លឹបសមាគមទេសចរណ៍សៀមរាប (STC) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ បង្ហាញសក្តានុពលទេសចរណ៍កម្ពុជា និងដើម្បីបង្ហាញថា ទេសចរណ៍ឆ្លងដែនមកកាន់កម្ពុជា មិនមានរបាំងឧបសគ្គនោះឡើយ។

លោក ស្វាយ ពិសិដ្ឋ មន្រ្តីបម្រើការងារនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា និងជាអ្នកស្រឡាញ់ការជិះកម្សាន្តដោយម៉ូតូធំនៅសៀមរាប បានបង្ហាញផងដែរនូវក្តីរំភើបរីករាយ ដោយបានជួបស្វាគមន៍មិត្តភក្តិថៃ តាំងពីច្រកទ្វារព្រំដែន និងបានជូនដំណើរកម្សាន្តរបស់ពួកគេ នៅក្នុងក្រុងសៀមរាប នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនទៀត។

អ្នកដឹកនាំដំណើរកម្សាន្ត ក្រុមម៉ូតូធំថៃ លោក យោធិន ដូរ៉ាក់ខ្លាង បានបង្ហាញអារម្មណ៍របស់ខ្លួន ដោយបានរៀបរាប់ឱ្យដឹងថា ទោះបីនេះជាលើកទី១ ជាមួយរយៈពេលដ៏ខ្លី ដែលក្រុមរបស់លោក បានឆ្លងដែនចូលមកទស្សនាសៀមរាប-អង្គរ ក៏ប៉ុន្តែកំណត់ត្រាសម្រាប់ការកសាងអនុស្សាវរីយ៍លើដែនដីអច្ឆរិយៈ បេតិកភ័ណ្ឌពិភពលោក ដែលលោកគិតថាជាស្ថាបត្យកម្មដ៏កំពូលនៃមនុស្សជាតិ វាពិតជាមិនអាចរាប់ទំព័រ នៃការចងចាំបាននោះឡើយ។ ក្រុមរបស់លោក ពិតជារីករាយខ្លាំងណាស់ សម្រាប់ដំណើរកម្សាន្តលើកនេះ។

លោកក៏បានវាយតម្លៃខ្ពស់ផងដែរថា ការទទួលស្វាគមន៍របស់ក្រុមការងារ គឺពិតជាកក់ក្តៅខ្លាំងណាស់ ដែលរឹតតែធ្វើឱ្យដំណើរកម្សាន្ត នៃក្រុមម៉ូតូធំរបស់លោក មិនអាចបាត់បង់ឱកាសនៅពេលក្រោយទៀតនោះឡើយ (ការជួបជុំក្រុមម៉ូតូធំនៅអង្គរ-សៀមរាប)។

គួរបញ្ជាក់ដែរថា ការទទួលស្វាគមន៍ ដំណើរកម្សាន្តឆ្លងដែនលើកទី១ នៃក្រុមម៉ូតូធំរបស់ថៃ មកកាន់អង្គរ-សៀមរាប រៀបចំឡើងដោយមន្ទីរទេសចរណ៍ សហការជាមួយក្លឹបសមាគមទេសចរណ៍សៀមរាប គាំទ្រដោយក្រសួងទេសចរណ៍ អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរាផងដែរ៕