(ភ្នំពេញ)៖ ក្មេងស្រីអាមេរិកម្នាក់ ដែលមកពីរដ្ឋ Colorado នៃសហរដ្ឋអាមេរិក បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រាសាទអង្គរវត្ត បន្ទាប់ពីខ្លួនបានមកធ្វើទស្សនកិច្ចនៅកម្ពុជា អស់មួយរយៈពេលកន្លងមកនេះ។
ក្មេងស្រីម្នាក់នេះ ឈ្មោះ គ្រីស្ទាន លី គឺជាសិស្សមកពីសាលា Angevine ដែលជាសិស្សម្នាក់ក្នុងចំណោមសិស្ស ១០នាក់ មកពីសហរដ្ឋអាមេរិកដូចគ្នា។ ពួកគេ ធ្វើដំណើរមកប្រទេសកម្ពុជា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សាមួយ ដែលមានឈ្មោះថា កម្មវិធីផ្លាស់ប្តូរបទពិសោធន៍រវាងសាលារៀន និងសាលារៀនឆ្នាំ២០១៩ (International School to School Experience)។
នាអំឡុងពេលស្នាក់នៅប្រទេសកម្ពុជា សិស្សរបស់អាមេរិកទាំងនេះ បានឈ្វេងយល់ពីវប្បធម៌ជាច្រើនរបស់កម្ពុជា ជាពិសេសនោះ ពួកគេបានហាត់រាំក្បាច់រាំបុរាណ មានចង្វាក់សារ៉ាវ៉ាន់ របស់កម្ពុជាយើងផងដែរ។
ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងាររបស់អង្គភាពព័ត៌មាន Fresh News គ្រីស្ទាន លី បានបញ្ជាក់ថា ខ្លួនបានធ្វើដំណើរទៅកន្លែងកម្សាន្តនានា ផ្សារទំនើប ថែមទាំងតំបន់ទេសចរណ៍ នៅក្នុងប្រទេសកម្ពុជា។ ពេលដែលទៅដល់ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ ដ៏សំខាន់មួយរបស់កម្ពុជា ក្មេងស្រីម្នាក់នេះ បានបង្ហាញអារម្មណ៍រំភើប ដោយបញ្ជាក់យ៉ាងខ្លីថា ប្រាសាទអង្គរវត្ត គឺជាប្រាសាទដ៏អស្ចារ្យមួយរបស់កម្ពុជា។
ប្រាសាទអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។ ប្រាសាទនេះ ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើង នៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងឱ្យភ្នំសុមេរុ។
ប្រាសាទអង្គរវត្ត ជាប្រាសាទកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះ គឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវ មជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយ ចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដែលដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធសាសនា។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។
ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជា ជារូបភាពតំណាងប្រទេសជាតិខ្មែរ និងជាប្រាសាទមួយសម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ។
កម្មវិធីផ្លាស់ប្តូរបទពិសោធន៍រវាងសាលារៀន និងសាលារៀនឆ្នាំ២០១៩ ឬ «2019 ISSE Exange Program» គឺជាកម្មវិធីមួយ ត្រូវបានរៀបចំឡើងដោយ វេសឡាញ អេឌ្យូខេសិន គ្រុប សហការជាមួយសាលា Angevine Middle School នៅសហរដ្ឋអាមេរិក។ សិស្សដែលអាចចូលរួមកម្មវិធីនេះបាន លុះត្រាតែប្រឡងជាប់ ដែលត្រូវបានរៀបចំឡើងដោយតឹងតែងបំផុត។
សិស្សទាំង១០រូប មកពីសហរដ្ឋអាមេរិក បានឈ្វេងយល់ពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់នៃប្រជាជនកម្ពុជា ជាពិសេសបានយល់ដឹងស៉ីជម្រៅពីការរស់នៅប្រចាំថ្ងៃ តាមរយៈការស្នាក់នៅជាមួយក្រុមគ្រួសារ ដែលកំពុងរស់នៅកម្ពុជាផ្ទាល់។ បន្ថែមពីចំណេះដឹងទាំងនេះ ពួកគេទទួលបានបទពិសោធន៍ក្នុងការសិក្សាថ្មីៗ សម្រាប់ចែករម្លែកដល់សិស្សានុសិស្សដទៃទៀត ដែលពុំទាន់បានចូលរួមផងដែរ។
សូមបញ្ជាក់ថា កាលពីខែតុលាកន្លងទៅ សិស្សពូកែរបស់កម្ពុជាមកពីសាលាវេសឡាញ ចំនួន៧នាក់ បានចេញដំណើរទៅធ្វើទស្សនកិច្ចសិក្សា នៅសហរដ្ឋអាមេរិក ចំនួន៣សប្តាហ៍ផងដែរ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺត្រូវបានធ្វើឡើងតាមរយៈ «2019 ISSE Exange Program» នេះតែម្តង។
លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការរបស់វេសឡាញ អេឌ្យូខេសិន គ្រុប បានថ្លែងអំណរគុណដល់ភាគីអាមេរិក ដែលបានសហការក្នុងការរៀបចំកម្មវិធី ដ៏មានសារៈសំខាន់នេះឡើង។ លោកថ្លែងថា នេះមិនមែនជាលើកទីមួយទេ ដែលវេសឡាញ រៀបចំការផ្លាស់ប្តូរការសិក្សាបែបនេះ ពោលសាលាតែងតែមានការរៀបចំឲ្យសិស្ស ទៅផ្លាស់ប្តូរការសិក្សា នៅប្រទេសនានាផ្សេងទៀតផងដែរ។
លោក គង់ សំនៀង បានបន្ថែមថា ឆ្នាំក្រោយនេះ កម្មវិធីផ្លាស់ប្តូរបទពិសោធរវាងសាលារៀន និងសាលារៀន នឹងធ្វើឡើងនៅប្រទេសអូស្តា្រលី៕