(ភ្នំពេញ)៖ ក្រុមហ៊ុន ម័រហ្គេន ហ្វត ជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន ដែលបានមកបោះទុកវិនិយោគនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ១០ឆ្នាំមកហើយនោះ បានបើកការដ្ឋានសាងសង់ អគារ ខុនដូរ ធំមួយទៀតហើយគឺ MORGAN EnMaison ដែលមានកម្ពស់រហូតដល់ ២២០ម៉ែត្រ មាន៦៩ជាន់ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៦០០លានដុល្លារ ស្ថិត នៅទីតាំងគំរូក្នុងរាជធានីភ្នំពេញ នៅតំបន់ទីក្រុងរណបជ្រោយចង្វាជាប់មាត់ទន្លេ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២២ ខាងមុខនេះ។
ពិធីបើកការដ្ឋានសាងសង់ MORGAN EnMaison នេះធ្វើឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, លោក Ding Yongjun អគ្គនាយកនៃ MORGAN គ្រុប, លោកឧកញ៉ា Lin Caitong អគ្គនាយកនៃ Bai Hui គ្រុប, លោក Song Qingxian ប្រធានគ្រប់គ្រងទូទៅនៃ Mei Lin Hu គ្រុប ប្រទេសចិន, លោក Zhao Yuanzhao ប្រធានគ្រប់គ្រងទូទៅសាខាក្រុមហ៊ុនកម្ពុជានៃ cdf គ្រុប ប្រទេសចិន, លោក Su Liangsheng អគ្គនាយកនៃ Heng He គ្រុប និងមានភ្ញៀវកិត្តិយសជាច្រើនទៀតផងដែរ។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា ចាប់តាំងពីបានចូលរួមក្នុងពិធីបើកសម្ពោធសំណង់អគារ MORGAN នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨មក រយៈពេល ដ៏ខ្លីមួយឆ្នាំនេះ បានបញ្ជាក់ឲ្យឃើញពីទិសដៅអភិវឌ្ឍន៍របស់ MORGAN គ្រុប។ លោកបានវាយតម្លៃខ្ពស់អំពីកម្រិតវិវឌ្ឍនៃ MORGAN គ្រុប និងការរំពឹងទុកកម្លាំងជំរុញ អភិវឌ្ឍក្នុងប្រទេសកម្ពុជានាថ្ងៃអនាគតរបស់ MORGANគ្រុប។ លោកលើកឡើងថា គម្រោងអគារនេះគឺជាការចូលរួមចំណែកដ៏ធំរបស់ក្រុមហ៊ុន ម័រហ្គេន លើវិស័យសាងសង់នៅកម្ពុជា។
លោក Ding Yongjun បានលើកឡើងដែរថា ភាពស្រស់ត្រកាលនាពេលអនាគតក្នុងតំបន់ជ្រោយចង្វានេះលោកគឺមានជំនឿចិត្ត និងទំនួលខុសត្រូវខ្ពស់ សម្រាប់អគារស្នាក់នៅមួយនេះ ហើយទន្ទឹមនឹងការលើកកម្ពស់កម្រិតអគារស្នាក់នៅក្នុងប្រទេសកម្ពុជាផងនោះ MORGAN គ្រុប មានទំនួលខុសត្រូវយ៉ាងសកម្មក្នុងសង្គមផងដែរ ដោយបានផ្តល់ឱកាសការងារយ៉ាងច្រើន ជូនដល់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍស្ថិរភាពសេដ្ឋកិច្ចកម្ពុជា។
លោក Ding Yongjun បានបញ្ជាក់ទៀតថា បានជាលោកជ្រើសរើសតំបន់ជ្រោយចង្វាដើម្បីសាងសង់អគារខុនដូរនេះ ពីព្រោះវាជាកន្លែងស្នាក់នៅដ៏សាកសមបំផុត ដែលមានប្រសិទ្ធនាមថា ជាមេនហាតានលោកខាងកើត ដែលជាតំបន់ទម្រង់ថ្មីកម្រិតពិភពលោក នឹងជាតំបន់ដែលមានភាពប្រកួតប្រជែងនៃលំនៅដ្ឋានអ្នកមានជីវភាព ធូរធារក្នុងប្រទេសកម្ពុជា ហើយការអភិវឌ្ឍប៉ុន្មានឆ្នាំនេះ ក៏មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
សូមបញ្ជាក់ថា MORGAN EnMaison មានទីតាំងក្បែរស្ពានជ្រោយចង្វា ជាតំបន់ប្រសព្វនៃទន្លេទាំងបីខ្សែ ហើយនិងនៅចំពីមុខគឺព្រះបរមរាជវាំង។ បើឈរមើលទេសភាព មាត់ទន្លេមេគង្គពីអគារខ្ពស់ EnMaison នឹងឃើញវិបុលភាពនៃការអភិវឌ្ឍទីក្រុង ដោយបង្កើតបានជាភាពភាពអស្ចារ្យដែលដំណាលតៗគ្នាពីទេសភាពធម្មជាតិ និង វិបុលភាពនៃទីក្រុងតាមមាត់ទន្លេមេគង្គ។
បច្ចុប្បន្ននេះគំរូនៃលំនៅស្ថាន EnMaison បានបង្ហាញទេសភាពដ៏ចាំបាច់ក្នុងរាជធានីភ្នំពេញ ដែលមានទេសភាពមាត់ទឹកល្អដាច់ ហើយនាពេលអនាគត MORGAN EnMaison នឹងបង្កើតជាហាងកាហ្វេមាត់ទឹកបន្ថែមទៀត ដើម្បីបង្កើតសកម្មភាពកម្មវិធីដែលពោរពេញដោយភាពអស្ចារ្យសម្រាប់ម្ចាស់ អាជីវកម្មផងដែរ៕