(ឧត្តរមានជ័យ)៖ លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តឧត្តរមានជ័យ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវចូលរួមថែរក្សាប្រភពដែលមានស្រាប់ឲ្យបានល្អ និងត្រូវប្រើប្រាស់ទឹកឲ្យបានត្រឹមត្រូវ ពោលគឺកុំប្រាស់ទឹកដោយការខ្ជះខ្ជាយដូចជាបូម បាចយកត្រីជាដើម។
លោក ញឺន កួន បានគូសបញ្ជាក់ទៀតថា នៅតាមអាងស្តុកទឹកសំខាន់ៗ គឺបានបិទទ្វារទឹកហើយ ពោលគឺនៅឆ្នាំ២០១៩នេះ ក្រោយបញ្ចប់ទឹកភ្លៀង មន្ទីរបានបិទទ្វារទឹកតាមបណ្តាលអាងទឹក សំខាន់ៗ ដូច្នេះយើងមានទឹកពេញអាងសំខាន់ៗ ដើម្បីត្រៀមសម្រាប់ពេលខាងមុខ។
ប៉ុន្តែទន្ទឹមនិងអាងស្តុកទឹក មានទឹកពេញហើយក៏ដោយ លោក ញឺន កួន បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល គឺធ្វើស្រូវប្រាំងបានតែម្តង មិនអាចធ្វើលើកទី២ បានទេ និងត្រូវប្រើប្រាស់ដោយសន្សំសំចៃ កុំប្រើដោយខ្ជះខ្ជាយ ចៀសវាងការខ្វះទឹកនៅពេលខាងមុខ ដោយសារយើងនៅរយៈពេលយូរ គឺចាប់ពីខែ១១ ឆ្នាំ២០១៩ ដល់ខែ៥ ឆ្នាំ២០២០ ពោលគឺរយៈពេល៧ខែ ដែលយើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្ន។
លោក ញឺន កួន បានឲ្យដឹងទៀតថា សម្រាប់ខេត្តឧត្តរមានជ័យ គឺមិនមានការព្រួយបារម្ភ រឿងការខ្វះខាតទឹកប្រើប្រាស់នោះទេ ដោយសារអាងស្តុកទឹក ក៏ដូចជាប្រភពទឹកធម្មជាតិផ្សេងៗទៀត នៅមានទឹកពេញទាំងអស់ ចឹងលោកគិតថា សម្រាប់ខេត្តឧត្តរមានជ័យ គឺមិនមានការព្រួយបារម្ភខ្លាំងពេកទេ។ ប៉ុន្តែលោកបញ្ជាក់ថា លើកលែងតែតំបន់មួយចំនួនតូចទេ អាចនិងប្រឈមបើសិនជា ប្រជាពលរដ្ឋគាត់អត់បាន គិតឲ្យបានវែងឆ្ងាយដូចជា នាំគ្នាបូមស្រះ ត្រពាំង បាចយកត្រីជាដើម។
ទន្ទឹមនិងបញ្ហា ដែលលោកលើកឡើងខាងលើនេះ លោក ញឺន កួន ក៏បានធ្វើការសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះថែរក្សាប្រភពទឹក ដែលមានស្រាប់ឲ្យបានល្អ និងកុំប្រើប្រាស់ទឹកដោយខ្ជះខ្ជាយឲ្យសោះ៕