(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុក សុវណ្ណារិទ្ធ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ឈ្មោះ សាំង ឃុនឯកបុរី អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ បេ១៤ បុរីសែនមនោរម្យ ផ្លូវលំ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ក្រោយបោកប្រាស់លុយគេ ជាង៤ម៉ឺនដុល្លារ។ នេះបើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
គួរជម្រាបថា ជនត្រូវចោទឈ្មោះ សាំង ឃុនឯកបុរី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ បានតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនត្រូវចោទ សាំង ឃុនឯកបុរី ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោក និងរំលោភលើកទំនុកចិត្ត ប្រព្រឹត្តនៅចំណុចបុរីមនោរម្យ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។
ដើមហេតុដែលនាំឲ្យមានការចាប់ខ្លួនជនត្រូវចោទខាងលើ គឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់ស្ដ្រីជនរងគ្រោះឈ្មោះ រួន នីតា អាយុ៣៥ឆ្នាំ ផ្លូវលំ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ កាលអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ឈ្មោះ សាំង ឃុនឯកបុរី និងឈ្មោះ សឿន គឹមទាង (ប្រពន្ធ) បានពឹងពាក់ខ្លួនដើម្បីឲ្យជួយរកប្រាក់ចំនួន៤៦,៨០០ដុល្លារ ក្នុងគោលបំណងទិញផ្ទះ ដោយសន្យាថានឹងធ្វើការទូទាត់សងវិញរយៈពេល១ខែ។
លុះដល់ថ្ងៃកំណត់ឈ្មោះ សឿន គឹមទាង និងឈ្មោះ សាំង ឃុនឯកបុរី មិនត្រឹមតែមិនសងខ្លួននោះទេ ថែមទាំងមកលួងលោមខ្លួនឲ្យជួយផ្ទេរសិទ្ធិ កាន់កាប់អចលនៈវត្ថុ នៅក្រុមហ៊ុនបុរីសែនមនោរម្យទៀតផង ហើយដោយអ្នកទាំងពីរជាមនុស្សរាប់អានគ្នា ទើបខ្លួនយល់ព្រមផ្ទេរសិទ្ធិឲ្យ ប៉ុន្ដែក្រោយមកឈ្មោះ សឿន គឹមទាង និងឈ្មោះ សាំង ឃុនឯកបុរី មិនគោរពតាមកិច្ចសន្យាថែមទាំងព្យាយាមគេចវេសមិនព្រមចេញមុខដោះស្រាយ ទើបខ្លួនដាក់ពាក្យបណ្ដឹងតែម្ដង៕