(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំប្រធានមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំង៣ ចុះស្តារពើក (ល្បាប់ផុក) ចេញពីអាងស្តុកទឹកកណ្តែក ស្ថិតក្នុងសង្កាត់សំរោង ក្រុងសំរោង។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានឲ្យដឹងថា អាងស្តុកទឹកកណ្តែកនេះមានទំហ៊ំ ៨០ហិកតា អាចស្តុកទឹកបានចំនួន ១.៦លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រព លើផ្ទៃដី ស្រូវវស្សាបានចំនួន ៥១៥ហិកតា ផ្ទៃដីស្រូវប្រាំងបានចំនួន ៥៨ហិកតា និងដំណាំផ្សេងៗបាន៥ហិកតាផងដែរ។
លោក ញឺន កួន បានគូសបញ្ជាក់ទៀតថា អាងស្តុកទឹកកណ្តែកនេះ ក្រៅពីបម្រើឲ្យការងារស្រោចស្រពដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀតនោះ គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ផលិតទឹកស្អាត ប្រើប្រាស់ក្នុងទីរួមខេត្តឧត្តរមានជ័យទាំងមូលទៀតផងដែរ៕