(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News ដែលជាអង្គភាពព័ត៌មានមួយនៅកម្ពុជា ប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការបាញ់បញ្ជូនព័ត៌មានថ្មីៗ និងចុងក្រោយបំផុត ទៅដល់ដៃរបស់ប្រជាពលរដ្ឋនោះ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានទទួលនូវលិខិតថ្លែងអំណរគុណ ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈការចូលរួមជួយផ្សព្វផ្សាយ សម្រាប់យុទ្ធនាការ លើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ការផ្តល់លិខិតថ្លែងអំណរគុណជូនអង្គភាពព័ត៌មាន Fresh News នេះ ធ្វើឡើងក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងយុទ្ធនាការ «ដើរដោយសុវតិ្ថភាព» ដែលរៀបចំឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលកោះពេជ្រ។
អង្គភាពព័ត៌មាន Fresh News បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបង្ការ អប់រំ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ តួយ៉ាងជារៀងរាល់ថ្ងៃនេះ Fresh News បានចុះផ្សាយយ៉ាងទៀងទាត់ជាប្រចាំថ្ងៃ នូវលទ្ធផលនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ និងសារអប់រំជាប្រចាំ អំពីគ្រោះថ្នាក់ចរាចរណ៍ ដើម្បីជាការដាក់សតិអារម្មណ៍របស់ប្រជាពលរដ្ឋ នៅពេលបើកយានយន្តតាមដងវិថីនោះ។
លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលអញ្ជើញទទួលលិខិតថ្លែងអំណរគុណពីគណៈអធិបតី បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ចំពោះគណៈកម្មាធិការដែលបានផ្តល់នូវការលើកទឹកចិត្ត តាមរយៈការផ្តល់លិខិតថ្លែងអំណរគុណជូន អង្គភាពព័ត៌មាន Fresh News។
នាយកប្រតិបត្តិវ័យក្មេងដដែលរូបនេះ បង្ហាញនូវឆន្ទៈរបស់ខ្លួនថា «Fresh News សូមប្តេជ្ញាថា នឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអប់រំ បង្ការ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តាមរយៈការផ្សព្វផ្សាយនូវព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌»។
លោក លឹម ជាវុត្ថា បានបន្តបញ្ជាក់យ៉ាងដូច្នេះថា «លិខិតថ្លែងអំណរគុណដែល Fresh News ទទួលបាននាពេលនេះ គឺមិនមែនជាកិត្តិយសរបស់ខ្ញុំទេ ប៉ុន្តែវាជាកិត្តិយសរបស់បុគ្គលិកទាំងអស់ ដែលបម្រើការងារនៅអង្គភាពព័ត៌មាន Fresh News មានជាង១០០នាក់»។
សូមជម្រាបថា ពាក់ព័ន្ធការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធការបង្ការ អប់រំ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ Fresh News ធ្លាប់បានទទួលជាប័ណ្ណសរសើរ ពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៣លើករួចមកហើយ ដោយលើកទី១ ទទួលបាននៅឆ្នាំ២០១៧, លើកទី២ ទទួលបាននៅឆ្នាំ២០១៨ និងលើកទី៣ នៅខែមករា ឆ្នាំ២០១៩៕