(ភ្នំពេញ)៖ ពលករខ្មែរដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទទួលព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន អាក់ខានមិនបានអញ្ជើញទៅសំណេះសំណាល ព្រោះតែម្ដាយក្មេកសម្ដេច គឺមហាឧបាសិកា ប៊ុន ស៊ាងលី ឈឺធ្ងន់ត្រូវសង្គ្រោះបន្ទាន់នោះ បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះដំណឹងនេះ។
ពលករខ្មែរដែលត្រៀមខ្លួនចាំសម្ដេចតេជោ ហ៊ុន សែន រួចជាស្រេចនោះ បានអះអាងថា បើទោះបីដំណើរលើកនេះ សម្ដេចមានការអាក់ខានក៏ពិតមែន ប៉ុន្ដែទំហំចិត្ត និងក្ដីស្រលាញ់របស់គាត់ នៅតែបន្ដទន្ទឹងរង់ចាំវត្តមានរបស់សម្ដេចគ្រប់ពេលវេលា ហើយពួកគេសង្ឃឹមថា នៅថ្ងៃណាមួយនឹងបានជួបជាមួយសម្ដេចតេជោនាយករដ្ឋមន្ដ្រី។
លើសពីនេះ ពលករខ្មែរទាំងអស់បានបួងសួងដល់វត្ថុស័ក្តសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សាមហាឧបាសិកា ប៊ុន ស៊ាងលី ដែលជាម្ដាយបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងត្រូវជាម្ដាយក្មេករបស់សម្តេចតេជោ ហ៊ុន សែន សូមឲ្យបានឆាប់ជាសះស្បើយ ដើម្បីជាម្លប់ដល់កូនចៅ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសម្រេចប្រកាសលុបចោលដំណើរទៅប្រជុំអាស៊ាន-កូរ៉េ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ ដោយសារជំងឺម្តាយក្មេករបស់សម្តេចស្ថិតនៅក្នុងស្ថានភាពសង្រ្គោះបន្ទាន់។ សម្ដេចក៏សូមការយោគយល់ ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េ ដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយសម្ដេច៕