(បាត់ដំបង)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការពង្រឹងការងារគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុស» នាសាលាស្រុកសំឡូត ខេត្តបាត់ដំបង។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង, លោក ធូ ភា អភិបាលរងខេត្តប៉ែលិន, លោក សើ សាម៉េត អភិបាលស្រុកសំឡូត និងដោយមានការចូលរួមពីសំណាក់មន្រ្តីនៃក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
លោក សាយ សំអាល់ បានថ្លែងថា កិច្ចប្រជុំនេះមានគោលដៅផ្តោតសំខាន់ទៅលើការទប់ស្កាត់ និងបង្ក្រាបការទន្រ្ទាន និងកាន់កាប់ដីធ្លីដោយខុសច្បាប់ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងដែនជម្រកសត្វព្រៃភ្នំសំកុស» ក្នុងភូមិសាស្ត្រស្រុកសំឡូត ខេត្តបាត់ដំបង។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី នឹងពិនិត្យ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលបាននិងកំពុងកើតមានទាក់ទងនឹងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ និងព្រមទាំងចូលរួមក្នុងការអភិវឌ្ឍសហគមន៍ការពារធម្មជាតិដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការគិតគូរពីការធ្វើហេដ្ឋារចនាសម្ព័ន្ធនានា ដែលក្នុងនោះរួមទាំងគម្រោងទឹកស្អាត ផ្តល់នូវចំណេះដឹងលើការចិញ្ចឹមសត្វ ដើម្បីប្រជាសហគមន៍អាចដោះស្រាយជីវភាពរស់នៅបានធូរធាផងដែរ។
គួរបញ្ជាក់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត មានភូមិសាស្ត្រស្ថិតក្នុងខេត្តបាត់ដំបងមួយផ្នែក និងខេត្តប៉ៃលិនមួយផ្នែក ដែលមានផ្ទៃដីសរុបចំនួន ៦០,០០០ហិកតា ហើយដែនជម្រកសត្វព្រៃភ្នំសំកុស មានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង មានផ្ទៃដីទំហំ ៣៣៥ ,៧៥០ហិកតា៕