(ភ្នំពេញ)៖ មនុស្សជំនិតម្នាក់ដែលទទួលផែនការផ្ទាល់ពីលោក អេង ឆៃអ៊ាង មេដឹកនាំមួយរូបរបស់ក្រុមឧទ្ទាម បានចូលសារភាពទោសកំហុស នៅចំពោះមុខសមត្ថកិច្ចក្រសួងមហាផ្ទៃ និងទម្លាយនូវអ្វីដែលជាផែនការដ៏ខ្មៅងងឹតរបស់ឧក្រិដ្ឋជន សម រង្ស៉ី ដែលបានកៀងគរពលករខ្មែរ រស់នៅប្រទេសថៃ បម្រុងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបរាជ័យកាលពីពេលកន្លងទៅ។
លោក តោ និមល ដែលរត់គេចខ្លូនទៅនៅប្រទេសថៃ ក្រោយជឿតាមការញុះញង់របស់ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ហើយបន្ទាប់ពីសារភាពនូវអ្វីដែលជាកំហុសរបស់ខ្លួនរួចរាល់ ក៏បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដោយសម្ដែងនូវការសោកស្ដាយ និងរៀបរាប់នូវអ្វីដែលលោក អេង ឆៃអ៊ាង បង្គាប់បញ្ជាកន្លងមក ពិសេសពាក់ព័ន្ធការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
អតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកបានធ្លាក់ខ្លួនដើរតាមគន្លងដែលជាការរៀបចំរបស់ទណ្ឌិត សម រង្ស៉ី តាំងពីឆ្នាំ២០១២ ហើយនៅពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល លោកបានគេចខ្លួនទៅរស់នៅប្រទេសថៃ ជាមួយប្រពន្ធ នៅឆ្នាំ២០១៧ ដែលទទួលបានការផ្គត់ផ្គង់ និងផ្ដល់លុយពីលោក អេង ឆៃអ៊ាង មួយខែ២០០ដុល្លារ (២នាក់ប្រពន្ធ)។
ពាក់ព័ន្ធជាមួយផែនការធ្វើរដ្ឋប្រហារវិញ ត្រូវបានលោក តោ និមល ទម្លាយថា លោក អេង ឆៃអ៊ាង បានបង្គាប់ឲ្យលោកជាអ្នកបង្ហោះចែកចាយនូវ តាមបណ្ដាញសង្គមនូវខ្លឹមសារអ្វីដែលគេប្រឌិតឡើងដើម្បីបំពុលព័ត៌មាន។ ជាក់ស្ដែងលិខិតមួយរបស់គណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធរឿង EBA នោះ គឺលោក អេង ឆៃអ៊ាង ជាអ្នកធ្វើឡើង ហើយឲ្យលោកបង្ហោះចែកចាយ។
លោកបានបន្ដទៀតថា ក្រៅពីនេះលោក អេង ឆៃអ៊ាង បានណែនាំឲ្យលោក និងអ្នកគាំទ្រផ្សេងទៀត ដើរគៀងគរពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ តាមតំបន់ផ្សេងៗ ឲ្យមកចូលរួមហែរហមទណ្ឌិត សម រង្ស៉ី ដែលប្រកាសវិលចូលស្រុក ប៉ុន្ដែត្រូវបរាជ័យទៅវិញនោះ។ ដោយឡែក ចំពោះពលករខ្មែរ ដែលបានដើរគៀងគរនោះ មិនមានចំនួនច្រើនឡើយ ដោយសារតែពលករទាំងអស់នោះ មិនជឿតាមអ្វីដែលលោក សម រង្ស៉ី ញុះញង់។
លោកអះអាងថា ពលករខ្មែរភាគច្រើននៅប្រទេសថៃ ខ្វាយខ្វល់តែរឿងធ្វើការងាររៀងៗខ្លួនប៉ុណ្ណោះ មិនដែលខ្វាយខ្វល់នូវអ្វីដែលជាការអំពាវនាវរបស់លោក សម រង្ស៉ី និងបក្ខពួកឡើយ។
បន្ទាប់ពីផែនការក្បត់ជាតិបរាជ័យហើយនោះ និងមានការបើកភ្លើងខៀវ ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែនភ្លាម លោក តោ និមល ក៏សម្រេចចិត្តវិលមកស្រុកកំណើតវិញ និងចូលសារភាពនូវអ្វីដែលខ្លួនធ្លាប់ធ្វើខុសកន្លងមក រហូតខាតបង់ពេលវេលា និងបាត់បង់ការងារ ដោយសារតែរត់គេចខ្លួន។
លោក តោ និមល បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ អ្នកធ្លាក់គាំទ្រទណ្ឌិត សម រង្ស៉ី ជាច្រើនបានវិលចូលស្រុកកំណើតវិញ ហើយសុទ្ធតែអះអាង ឈប់បាញ់បោកបុគ្គលនេះទៀតហើយ ព្រោះសន្យាម្ដងណាមិនដែលបានសម្រេចនោះទេ ពោលមានតែការបោកប្រាស់ម្ដងហើយម្ដងទៀតតែប៉ុណ្ណោះ ដែលពិតម្ដងនោះទេ។ លោកបន្ថែមថា សកម្មជនបក្សសង្គ្រោះជាតិពេលនេះ បានបែកខ្ញែកគ្នាអស់ហើយមិនដឹងទៅដល់ទីណាខ្លះទេ។
បន្ទាប់ពីបានរៀបរាប់នូវអ្វីដែលជាកំហុសរបស់ខ្លួន លោក តោ និមល និងភរិយា បានលើកម្រាមដៃ១០ ថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលមានទឹកចិត្តសណ្ដោប្រណី មិនយកទោសពៃរូបលោក និងភរិយា ព្រមទាំងអ្នកផ្សេងទៀតដែលធ្លាប់ដើរតាមគន្លងខុស និងបានសន្យាថា លោកមិនធ្វើអ្វីដែលជាកំហុសឆ្គងទៀតនោះឡើយ៕