(ភ្នំពេញ)៖ បន្ទាប់ពីសង្គមជាតិទទួលបានសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមក ប្រទេសកម្ពុជាទាំងមូលបាននិងកំពុងក្លាយជាគោលដៅប្រកបដោយភាពទាក់ទាញបំផុត សម្រាប់អ្នកវិនិយោគ ចូលមកបណ្តាក់ទុនប្រកបមុខរបររកទទួលទាននៅកម្ពុជា។ ក្នុងនោះវិស័យសិល្បៈភាពយន្ត ទាំងភាពយន្តក្នុងស្រុក និងភាពយន្តដែលនាំចូលពីបរទេស ក៏បាននិងកំពុងចាត់ទុកកម្ពុជា ជាទីផ្សារក្នុងការប្រកួតប្រជែង ប្រកបដោយសក្តានុពលភាពផងដែរ។
ភាពយន្តជាសិល្បៈចម្បងទី៧ ដោយការបូកបញ្ចូលគ្នារវាងសិល្បៈចម្បងទាំង៦ គឺ៖ ចម្រៀង, របាំ, គំនូរ, ចម្លាក់, ស្ថាបត្យកម្ម និងអក្សរសិល្បិ៍ ដែលត្រូវបាននាំចូល យកមកដាក់បញ្ចាំងនៅប្រទេសកម្ពុជា ជាលើកដំបូង នៅក្នុងអំឡុងឆ្នាំ១៩០៩។ ប៉ុន្តែភាពយន្តក្នុងសម័យកាលនោះ គេដាក់បញ្ចាំងបានត្រឹមតែ «រូបភាព និងកាយវិការ» ប៉ុណ្ណោះព្រោះពុំទាន់មានសំឡេងនៅឡើយ។
លុះចំណេរតមកនៅក្នុងអំឡុងឆ្នាំ១៩២៧ ទើបអ្នកស្រាវជ្រាវរកឃើញការប្រើសំឡេង អមជាមួយរូបភាព និងកាយវិការ ដែលញ៉ាំងឲ្យសិល្បៈប្រភេទនេះ ទទួលបានប្រសិទ្ធិភាពខ្ពស់ដល់ការឆ្លុះបញ្ចាំងនូវទស្សនៈ ព្រមទាំងគំនិតរបស់អ្នកនិពន្ធ ដែលចង់បង្ហាញ និងត្រូវគេដាក់ឈ្មោះថាភាពយន្ត «រូបភាព កាយវិការ និងសំឡេង»។
ភាពយន្ត គឺជាសិល្បៈ «រូបភាព កាយវិការ និងសំឡេង» ទើបអ្នកផលិតភាពយន្ត ពិសេសភាពយន្តបរទេស ដែលនាំចូលយកចាក់បញ្ចាំងនៅកម្ពុជា ត្រូវការអ្នកសិល្បៈ ២ប្រភេទ ដាច់ដោយឡែកពីគ្នាចូលរួមគឺ៖ ប្រភេទអ្នកសិល្បៈផ្នែកសម្តែង និងប្រភេទអ្នកសិល្បៈផ្នែកបញ្ចូលសំឡេង។
ក្នុងចំណោមអ្នកសិល្បៈទាំងពីរប្រភេទនេះ ជាទូទៅអ្នកទស្សនាភាពយន្តភាគច្រើន បានឃើញ បានស្គាល់ ត្រឹមតែអ្នកសិល្បៈផ្នែកសម្តែងតែប៉ុណ្ណោះ រីឯអ្នកសិល្បៈផ្នែកបញ្ចូលសំឡេង គឺពុំសូវមានអ្នកបានជួប បានស្គាល់ និងបានដឹងពីសុខទុក្ខរបស់ពួកគាត់ឡើយ។ ហេតុនេះហើយទើបគេតែងតែប្រសិទ្ធិនាម ឲ្យពួកគាត់ថា «អ្នកសិល្បៈលាក់មុខ»។
ផ្អែកតាមបរិបទនេះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ «អ្នកសិល្បៈលាក់មុខ» និងដើម្បីឲ្យអ្នកសិល្បៈប្រភេទនេះ មានឱកាសជួបជុំ រួមសាមគ្គី ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងគោលដៅបង្កើនសមត្ថភាព ចំណេះជំនាញ ព្រមទាំងទេពកោសល្យរបស់ខ្លួន ឲ្យក្លាយទៅជាចលករ ប្រកបដោយប្រសិទ្ធភាព ដល់ការអភិរក្ស អភិវឌ្ឍ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ សីលធម៌សង្គម ព្រមទាំងដើម្បីចូលរួមទប់ស្កាត់ បាននូវរាល់បណ្តាសិល្បៈ វប្បធម៌ដែលមានលក្ខណៈអវិជ្ជមាន ចូលមកចាក់បញ្ចាំងនៅកម្ពុជា ក្នុងគោលដៅធានាឲ្យបាននូវសុខដុមភាពវិស័យភាពយន្ត និងសុខុមាលភាពសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកសិល្បៈផ្នែកបញ្ចូលសំឡេង និងអ្នកពាក់ព័ន្ធបានជួបប្រជុំ ប្រមូលផ្តុំគ្នា រៀបចំចងក្រងបង្កើតជា «សមាគមមិត្តអ្នកបញ្ចូលសំឡេង» ឡើង ដែលចាត់ទុកថាជា «កាលានុវត្តភាពថ្មី នៃអ្នកសិល្បៈផ្នែកបញ្ចូលសម្លេងប្រមូលផ្តុំគ្នា ចូលរួមជួយសង្គមជាតិ»។
តាមរយៈនៃកិច្ចប្រជុំនេះ ក្រៅពីការសម្តែងនូវក្តីសង្ឃឹមប្រកបដោយភាពរីករាយថា ពួកគេពិតជាទទួលបាននូវដំបូលឆ័ត្រដ៏កក់ក្តៅមួយ ដែលអាចរស់ជាមួយគ្នា បានប្រកបដោយសាមគ្គីភាព ភាតរភាព និងសុខដុមភាពនោះ សមាជិក សមាជិកា «សមាគមមិត្តអ្នកបញ្ចូលសំឡេង» ទាំងអស់ក៏បានប្តេជ្ញាយ៉ាងមុតមាំផងដែរថា ពួកគេនឹងប្រឹងប្រែង ប្រើប្រាស់ឲ្យអស់ពីសមត្ថភាព និងលទ្ធភាពដែលខ្លួនមានដោយអនុវត្តឲ្យបាននូវក្រមសីលធម៌នៃអ្នកសិល្បៈ ដើម្បីចូលរួមលើកកម្ពស់ វិស័យសិល្បៈវប្បធម៌ជាតិឲ្យបានថ្កុំថ្កើងស្របតាម គោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌៕