(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ខណៈពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ គ្រោះថ្នាក់ចរាចរណ៍ជាកត្តាមួយធ្វើឲ្យអន្តរាយដល់អាយុជីវិតមនុស្ស សត្វ និងខូចខាតទ្រព្យសម្បត្តិឯកជន និងរដ្ឋជាច្រើនផងដែរ។
លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី ១៤ នៅភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងឲ្យដឹងថា «ស្របពេលដែលប្រទេសជាតិយើង បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ទាំងក្នុងក្រុង និងទីជនបទ និងកំណើនមធ្យោបាយធ្វើដំណើរយានយន្តគ្រប់ប្រភេទ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានការកើន ឡើងគួរឲ្យព្រួយបារម្ភផងដែរ ជាពិសេសហានិភ័យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង»។
លោក អ៊ុន ចាន់ដា បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យអន្តរាយដល់អាយុជីវិតមនុស្ស សត្វ បរិស្ថាននិងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ដោយមិនទាន់គិតដល់ការបន្សល់ទុកនូវស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនពិការឡើយ។ ម្យ៉ាងវិញទៀត ការបាត់បង់ទ្រព្យសម្បត្តិ ដែលមានចំនួនច្រើនលើសលប់ បើមិនជះឥទ្ធិពលធ្ងន់ធ្ងរផងដែរ ដល់សេដ្ឋកិច្ចជាតិ ដល់គោលនយោបាយ កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គមជាតិ។
លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា សុវត្ថិភាពចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈ ដែលការងារអភិវឌ្ឍន៍ចម្បង ទាមទារឲ្យមានការដោះស្រាយបន្ទាន់ ខណៈចំនួនមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ លើពិភពលោកនៅតែមានចំនួនខ្ពស់ នឹងកើនឡើងយ៉ាងខ្លាំង ដែលមានចំនួនប្រមាណ ១,៣៥លាននាក់ ជារៀងរាល់ឆ្នាំ។ សម្រាប់ប្រទេសកម្ពុជា គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវនៅទូទាំងប្រទេសគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩នេះ បានកើនឡើង ៩៨៨ករណី បណ្ដាលឲ្យមានអ្នកស្លាប់ចំនួន ១,៤៩៤នាក់។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខេត្តបានអំពាវនាវឱ្យគ្រប់បណ្ដាលមន្ទីរអង្គ ភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ក្នុងទូទាំងខេត្តកំពង់ចាម បង្កើនកិច្ចសហប្រតិបត្តិការ ចូលរួមអនុវត្តច្បាប់ចរាចរណ៍នានា សំដៅប្រែក្លាយផែនការសកម្មភាព អោយក្លាយទៅជាសកម្មភាពជាក់ស្ដែង និងមានប្រសិទ្ធភាពខ្ពស់៕