(ប៉ៃលិន)៖ រដ្ឋបាលខេត្តប៉ៃលិន ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកលើកទី១៤ ក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងអភិបាលក្រុង/ស្រុក ប្រធាន-អនុប្រធានមន្ទីរ សមាជិកក្រុមប្រឹក្សាក្រុងស្រុក ឃុំ/សង្កាត់ និងកងកំលាំងគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
នៅក្នុងឱកាសនោះ លោក ផាន់ ចាន់ធុល បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ដើម្បីរួមចំណែកទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យចុះមកកម្រិតទាបបំផុត ជាពិសេសចូលរួមអនុវត្តន៍ឱ្យបាននូវអនុសាសន៍របស់នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍» ព្រមទាំងអនុវត្តវិធានការទាំង ៨ចំណុច ដោយផ្តោតសំខាន់ទៅលើពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹង កុំបើកបរ បើបើកបរ កុំពិសារគ្រឿងស្រវឹង»។
លោក ផាន់ ចាន់ធុល បានបន្តថា ការប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោកលើកទី១៤ នាពេលនេះ ក្នុងគោលបំណងបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់គិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋ និងចូលរួមយ៉ាងសកម្មជាមួយចលនាពិភពលោក តាំងពីឆ្នាំ២០០៦ ដោយបានប្រគល់ភារកិច្ច ជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ នៅតាមទីតាំងដែលមានគ្រោះថ្នាក់ញឹកញាប់ បណ្តាលឲ្យមានការស្លាប់ និងរបួសច្រើន នៅឆ្នាំ២០១៩នេះ សម្រេចប្រារព្ធពិធីលើកទី១៤ នៅទូទាំងប្រទេស។
បើតាមរបាយកាណ៍របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារ និងដឹកជញ្ជូនខេត្ត បានឱ្យដឹងថា ខេត្តប៉ៃលិន គិតត្រឹម០៩ខែដើមឆ្នាំ ២០១៩ មានគ្រោះថ្នាក់ចរាចណ៍ រួមមានដូចជា៖ ករណីកើតឡើងសរុបចំនួន ៣៥លើក មានមនុស្សរងរបួសធ្ងន់ចំនួន ៣៦នាក់ ស្រី០៧នាក់ មនុស្សរងរបួសស្រាលចំនួន ២៤នាក់ ស្រី ០៥នាក់ និងមនុស្សស្លាប់ ១៥នាក់ ស្រី ០២នាក់ សរុបរងរបួសធ្ញន់-ស្រាលទាំងអស់ ៦០នាក់ ស្រី១២នាក់ ព្រមទាំងខូចខាតម៉ូតូចំនួន ៣៩គ្រឿង ខូចខាតរថយន្តធន់ធ្ញន់ និងស្រាលចំនួន ១៩គ្រឿង។
ដោយឡែក បានត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស សរុបចំនួន ១៥១៨គ្រឿង យានយន្តមានឯកសារគ្រប់គ្រាន់ចំនួន ១១៨១គ្រឿង និងមិនមានឯកសារគ្រប់គ្រាន់ចំនួន ៣៣៧គ្រឿង ព្រមទាំងបានចែកពួកសុវត្ថិភាព ចំនួន ២៩០មួក ផងដែរ៕