(ភ្នំពេញ)៖ អនុវត្តតាមគោលការណ៍សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ បានដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចជាមិត្តភាព ផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងឱកាសនៃទស្សនកិច្ចនេះ គណៈប្រតិភូសាកលវិទ្យាល័យការពារជាតិ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសមភាគីនៃបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលនានា នៅទីក្រុងហាណូយ រួមមាន៖ វិទ្យាស្ថានការពារជាតិ វិទ្យាស្ថានបច្ចេកទេសយោធា វិទ្យាស្ថានទ័ពជីងគោកដាឡាត់។
គណៈប្រតិភូបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ទោ អនុសាស្ត្រាចារ្យ បណ្ឌិត ជិន វៀតខ័រ នាយកវិទ្យាស្ថានការពារជាតិ នៃកងទ័ពរំដោះប្រជាជនវៀតណាម និងអញ្ជើញជួបសំណេះសំណាលជាមួយ ឧត្តមសេនីយ៍សាស្ត្រាចារ្យរងបណ្ឌិត ឧត្តមសេនីយ៍ត្រី ឡេ គីណាម នៅវិទ្យាស្ថានបច្ចេកទេសយោធា និងជួបជាមួយឧត្តមសេនីយ៍ទោ ហ្វាង វាំង មិញ នាយកវិទ្យាស្ថានទ័ពជើងគោកដាឡាត់។
រាល់ជំនួបនៅតាមវិទ្យាស្ថានទាំងអស់ នាយឧត្តមសេនីយ៍ ជា តារា បានជួបសំណេះសំណាលជាមួយនិស្សិតសិក្ខាកាមកងទ័ពកម្ពុជា ដែលកំពុងសិក្សានៅទីនោះ ដោយបាននាំយកផ្ញើរួមគ្នា ហូបអំបុកខ្មែរថែជាតិ សាសនា ព្រះមហាក្សត្រ ផងដែរ។
គណៈប្រតិភូសាកលវិទ្យាល័យការពារជាតិដឹកនាំដោយនាយឧត្តមសេនីយ៍ ជា តារា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។ នាយឧត្តមសេនីយ៍ ជា តារា បានថ្លែងនូវគោរពអរគុណចំពោះបក្ស រដ្ឋាភិបាល និងកងទ័ពប្រជាជន វៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រជាជនកម្ពុជាទាំងក្នុងពេលជួបលំបាក គ្រោះមហន្តរាយ គ្រោះប្រល័យពូជសាសន៍ ក៏ដូចជាក្នុងដំណើរការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ។
ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយបានការដឹកនាំណែនាំផ្ទាល់ពី សម្តេចពិជ័យសេនា ទៀ បាញ់ កងទ័ពមានការរីកចម្រើន ធំធាត់ជាលំដាប់ ជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល អនុវត្តដោយជោគជ័យ ភារកិច្ច ពិសេសគឺការថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម។
សាកលវិទ្យាល័យការពារជាតិបាននិងកំពុងតែធ្វើកែទម្រង់លើការងារ ហ្វឹកហ្វឺននិងបណ្តុះបណ្តាល ក្នុងគោលដៅសំខាន់ ២គឺ ៖ទី១ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារជាតិ និង ទី២៖ ជាមជ្ឈមណ្ឌលតម្រង់ទិសពីគោលជំហរទស្សនៈនយោបាយការពារជាតិចំទិស ស្របតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន។
ជារួមគឺ បណ្តុះឲ្យក្លាយជាកងទ័ពម្នាក់ៗមានសមត្ថភាពដឹកនាំបំពេញភារកិច្ចការពារជាតិមាតុភូមិ ថែរក្សាសុខសន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ ដែលមានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល និងឱ្យក្លាយជាកម្លាំងពិតមួយដែលស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិ សំដៅដាច់ខាត ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពារនិងគោរពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ស្របច្បាប់ គឺសម្តេចតេជោ ហ៊ុន សែន។
ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង បានថ្លែងអំណរគុណ និងនូវការកោតសរសើរចំពោះការខិតខំរបស់សាកលវិទ្យាល័យការពារជាតិកម្ពុជា ដែលបានជួយដល់ការបណ្តុះបណ្តាល ដល់និស្សិតកងទ័ពវៀតណាម លើការបណ្តុះបណ្តាលភាសាខ្មែរបានជាច្រើននាក់ក្នុងមួយឆ្នាំៗ។ ដោយឡែកចំពោះសំណើរបស់សាកលវិទ្យាល័យការពារជាតិ ដើម្បីលើកកម្ពស់លើការងារបណ្តុះបណ្តាល ឧត្តមសេនីយ៍ឯកបម្រុង ផាន វ៉ាន់ហ្សាង ឯកភាពទទួល និងផ្តល់ជូនក្នុងឆ្នាំ២០២០ និងបណ្តាឆ្នាំបន្តទៀត៕