(ភ្នំពេញ)៖ ដើម្បីឱ្យសុខភាពផ្លូវកាយ ក៏ដូចជាសុខភាពផ្លូវចិត្តបានល្អ វាមានការពាក់ព័ន្ធនឹងកត្តាជាច្រើនមានដូចជា ចំណីអាហារ ភេសជ្ជៈ រួមទាំងការចាក់វាក់សាំង កាសំរាក របៀបរស់នៅត្រឹមត្រូវ និងកត្តាផ្សេងៗជាច្រើនទៀត ហើយសុខភាពនេះវា គឺជាកត្តាមួយដែលមានតម្លៃបំផុតមិនអាចយកអ្វីមកកាត់ថ្លៃបាននោះទេ បើសិនជាសុខភាពមិនល្អ អ្វីៗក៏យើងលែងចង់បានដែរ ហើយដើម្បីបានសុខភាពល្អនោះ ទាមទារឱ្យយើងអ្នកប្រើប្រាស់ត្រូវយល់ដឹងថា តើអ្វីជាអាហារដែលមានសុវត្ថិភាព និងមិនមានសុវត្ថិភាពដល់ខ្លួន របស់យើងជាមុនសិន។ កាលើកឡើងរបស់លោក អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន (CJBI)។
ការបញ្ជាក់នេះនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលាសុខភាព ស្តីពីសុវត្ថិភាពចំណីអាហារ និងការការពារ ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន ( CJCC) ដោយមានការចូលរួមពីលោក សុខ សារេត អនុប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង និងផលិតផលក្លែងក្លាយ, លោក ចែ រតនា អនុប្រធានការិយាល័យវិភាគមីក្រូជីវសាស្ត្រម្ហូបអាហារ នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម, ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះចៅអធិការវត្តនន្ទមុនី ប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រៅឧត្តមសិក្សា រួមទាំងមានព្រះតេជគុណ សិស្ស និស្សិតជាច្រើនអង្គ/នាក់ផងដែរ។
លោក អៀង សុធារ៉ា បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងសុវត្ថិភាពចំណីអាហារនេះ ទាំងអ្នកប្រើប្រាស់ អ្នកចែកចាយទាំងអស់ គួរគប្បីយល់ដឹងទាក់ទង និងសុវត្ថិភាព ចំណីអាហារនេះ ថាតើចំណីអាហារប្រភេទណា ដែលគួរប្រើប្រាស់ និងមិនគួរប្រើប្រាស់ ព្រោះបើសិនជាចំណីអាហារដែលមិនមានគុណភាព វានិងធ្វើឱ្យអ្នកបរិភោគ ទទួលបានសុខភាពមិនល្អ ដែលស្តែងចេញតាមរយៈការពុលសំណីអាហារដូចជា រាគ ក្អួត ក្តៅខ្លួន ហើយវាក៏អាចធ្វើឱ្យ យើងមានការពុលរ៉ាំរ៉ៃ ដែលបណ្តាលឱ្យទៅជា មានជំងឺដូចជា ជំងឺមហារីក ជំងឺទឹកនោមផ្អែក ជំងឺគាំបេះដូង និងជំងឺផ្សេងៗជាច្រើនទៀត។
លោក អៀង សុធារ៉ា បានបន្ថែមថា បច្ចុប្បន្ននេះទាំងអាជ្ញាធរ រដ្ឋាភិបាល ក៏ដូចជាមន្ត្រីពាក់ព័ន្ធផ្សេងៗបានខិតខំព្យាយាមទប់ស្កាត់ និងផាកពិន័យ រាល់ការនាំចូលនូវរបស់របរ បន្លែ និង ចំណីអាហារដែល មិនមានគុណភាពនៅតាមព្រំដែន តែទោះជាយ៉ាងនេះក៏ដោយ តម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋ មានច្រើន ដូចនេះដើម្បីតម្រូវឱ្យ គ្រប់នូវការប្រើប្រាស់នេះ ទាមទារឱ្យមានចូលរួមពីប្រជាពលរដ្ឋ ក្នុងការដាំដំណាំ បន្លែ ផ្លែឈើ គ្មានសារជាតិគីមីដោយខ្លួនឯង ទុកប្រើប្រាស់ផង និងដាក់លក់នៅលើ ទីផ្សារផង ដើម្បីផ្តល់សុវត្ថិភាពដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។
លោកក៏បានស្នើសុំឱ្យ អ្នកផលិតម្ហូបអាហារ បន្លែ ត្រូវមានគុណធម៌ សច្ចធម៌ មានបច្ចេកទេសខ្ពស់ ដើម្បីជួយបំរើដល់សុខភាពរបស់អ្នកប្រើប្រាស់ កុំដើម្បីតែប្រយោជន៍ ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកដទៃតាម រយៈការលក់របស់ដែលមិនមានគុណភាពទៅឱ្យអតិថិជន។ ចំពោះអ្នកប្រើប្រាស់ក៏គួរគប្បីស្វែងយល់ ឱ្យបានច្រើននូវរាល់ផលិតផលណា ដែលគួរប្រើប្រាស់ និងមិនគួរប្រើប្រាស់ដូចគ្នាផងដែរ។
លោក សុខ សារេត បានឱ្យដឹងដែរថា សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ដើម្បីទទួលបានសុវត្ថិភាពចំណីអាហារ បើអាចពិនិត្យលើគុណភាណចំណីអាហារ ក៏គួរគប្បី មុននឹងទិញផលិតផលយកទៅប្រើប្រាស់ យ៉ាងហោចណាស់ក៏បានពិនិត្យមើលលើកាបរិច្ឆេទផុតកំណត់ ឱ្យបានមួយចំណុចមុនសិនដែរ ដើម្បីធានាឱ្យដឹងថា ផលិតផលនោះនៅអាចប្រើប្រាស់បាន ហើយបើកន្លែងបរិច្ឆេទផុតកំណត់ មានកាកោសលុប មានមិនជាន់គ្នានោះ យើងមិនត្រូវទិញយកទៅប្រើប្រាស់នោះឡើយ៕