(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យព្រះកុសុមៈ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានចុះពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយគិតថ្លៃ ប្រមាណជិត៤០០នាក់ ដែលធ្វើឡើងនៅសាលាបឋមសិក្សាអ្នកឧកញ៉ាភក្ដី ហ៊ុន នាង យ៉ាម៉ាប៉ីកូ ស្ថិតនៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសលោកវេជ្ជបណ្ឌិត តាន់ សុគន្ធ នាយកមន្ទីរពេទ្យព្រះកុសុមៈ តំណាងរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានដឹកនាំក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យទាំងពីរនេះ ចុះមកពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋមានដូចជា៖ ជំងឺទូទៅ ផ្នែកសម្ភព និងរោគស្ត្រី ពិគ្រោះផ្នែក ទឹកនោមផ្អែម ពិគ្រោះ ផ្នែកវះកាត់ ផ្នែករូបភាពវេជ្ជសាស្ត្រ និងជំងឺកុមារទូទៅ។
លោកបន្ដថា បើសិនជាជំងឺណាធ្ងន់ធ្ងរ នឹងបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលភ្លាមៗ តាមរថយន្ដសាមុយ ដែលបានយកប្រចាំការនៅទីតាំងនេះ។ លើសពីនេះទៀត ក្រុមការងារ នឹងបន្ដចុះមកព្យាបាលជំងឺដល់ប្រជាពលរដ្ឋ នៅខែក្រោយៗទៀត ដើម្បីលើកកម្ពស់ និងផ្តល់សេវាសុខភាព ទូទៅជូនប្រជាពលរដ្ឋឲ្យបានកាន់ប្រសើរបន្ថែមទៀត។
លោកវេជ្ជបណ្ឌិត តាន់ សុគន្ធ ក៏បានថ្លែងទៀតថា សូមប្រជាពលរដ្ឋទាំងអស់ ដែលមានសុខភាពមិនល្អ ឬកើតជំងឺផ្សេងៗ សូមមកទទួលសេវាព្យាបាល នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតលោកអ្នក។ ក្រុមគ្រូពេទ្យនឹងពិនិត្យព្យាបាល ដោយយកចិត្ដទុកដាក់ជាទីបំផុត ជាមួយនឹងឧបករណ៍ទំនើបគ្រប់ប្រភេទ ដើម្បីជួយសង្គ្រោះភ្លាមៗ»។
គួររម្លឹកថា សកម្មភាពរបស់ក្រុមគ្រូពេទ្យកុមារជាតិ ដែលដឹកនាំដោយលោកសាស្ដ្រាចារ្យ ញឹប អង្គាបុស្ស ជានាយក និងមន្ទីរពេទ្យព្រះកុសុមៈ ដែលមានលោកសាស្ដ្រាចារ្យ តាន់ សុគន្ធ ជានាយក តែងតែសហការគ្នា ចុះពិនិត្យព្យាបាលអ្នកជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ជាញឹកញាប់ក្នុងមួយឆ្នាំៗដោយបានចុះពិនិត្យស្ទើរគ្រប់ទីកន្លែង នៅរាជធានីភ្នំពេញ ពិសេសកម្មករកម្មការិនី និងមនុស្សចាស់ជរា ដើម្បីបង្កភាពងាយស្រួល និងកាន់បន្ថយការលំបាកមួយកម្រិតផងដែរ៕