(ប៊ូសាន, កូរ៉េខាងត្បូង)៖ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ចំនួនពីរនៅសាធារណរដ្ឋកូរ៉េ គឺកិច្ចប្រជុំកំពូលរំលឹកខួបអានុស្សាវរីយ៍៣០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ ដែលជាកិច្ចប្រជុំលើកដំបូងស្នើដោយសម្តេចតេជោ ហ៊ុន សែន។
នៅវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ម៉ោងនៅសាធារណរដ្ឋកូរ៉េ ត្រូវនឹងម៉ោងប្រមាណ ៣រសៀលម៉ោងនៅកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងគណៈប្រតិភូ បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិ Gimhae Air Base ទីក្រុងប៊ូសាន ប្រកបដោយសុវត្តិភាពហើយ។
ការអញ្ជើញដល់របស់លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍ពីកុមារា កុមារី តំណាងឱ្យប្រទេសកម្ពុជា- សាធារណរដ្ឋកូរ៉េ ជូនបាច់ផ្កា និងការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ឥស្សរជនជាន់ខ្ពស់របស់ក្រសួងការបរទេស នៃសាធារណរដ្ឋកូរ៉េ រួមមាន៖ អភិបាលក្រុងប៊ូសាន ឯកអគ្គរដ្ឋទូតវិសាមញ និងពេញសមត្ថភាពសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា, លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ព្រមទាំងឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េជាច្រើនរូប។ ជាពិសេសមានការស្វាគមន៍ពីកងកិត្តិយសរបស់សាធារណរដ្ឋកូរ៉េផងដែរ។
តាមកម្មវិធីដែលបានគ្រោងទុកលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េចាប់ពិថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។
ក្រៅពីកិច្ចប្រជុំដ៏មានសារៈសំខាន់ទាំងពីរនេះ លោកឧបនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូចូលប្រជុំទ្វេភាគី ជាមួយលោកស្រីរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ ដែលកិច្ចពិភាក្សានោះ ប្រមុខការទូតនៃប្រទេសទាំងពីរឈានទៅចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងមួយចំនួន។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងជួបពិភាក្សាការងារជាមួយអភិបាលក្រុងប៊ូសានផងដែរ។
កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងគូសបញ្ជាក់អំពីខួបលើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយនឹងកំណត់ពីកិច្ចសហប្រតិបត្តិការសម្រាប់ពេលអនាគត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ ឱ្យដល់កម្រិតថ្មីខ្ពស់ជាងមុន។
លើសពីនេះ កិច្ចប្រជុំកំពូលទាំងពីរ នឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដើម្បីជំរុញបន្ថែមនូវភាពជាដៃគូរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ អាស៊ាន-សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសមេគង្គ-សាធារណរដ្ឋកូរ៉េ សម្រាប់ផលប្រយោជន៍ និងវិបុលភាពពិតប្រាកដរបស់ប្រជាជនខ្លួន។
សូមបញ្ជាក់ថា ដើមឡើយសម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់ទាំងនេះ តែដោយសារមានធុរៈបន្ទាន់ ដោយមហាឧបាសិកា ប៊ុន ស៊ាងលី ជាម្តាយក្មេករបស់សម្តេច មានអាការៈជំងឺធ្ងន់ធ្ងរ និងចូលបន្ទប់សង្គ្រោះបន្ទាន់នោះ សម្តេចតេជោ ក៏បានសម្រេចលុបនូវដំណើរចូលរួមកិច្ចប្រជុំ ក៏ដូចជាដំណើរទស្សនកិច្ចមកកាន់សាធារណរដ្ឋកូរ៉េ៕