(កំពត)៖ នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩នេះ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកំពត មានចំនួន ១៩២ករណី ក្នុងនោះ ស្លាប់ ៤៦នាក់ របួសធ្ងន់ ១៣៧នាក់ របួសស្រាល ១០៥នាក់។ នេះបើតាមលោក ជីញ គួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត។
លោក ជីញ គួង បានលើកឡើងទៀតថា គ្រោះថ្នាក់ចរាចរណ៍ទាំង ១៩២ករណី មានរថយន្តខូចកម្រិតស្រាល ៧៧គ្រឿង រថយន្តខូចកម្រិតធ្ងន់ ៧៣គ្រឿង ម៉ូតូខូចកម្រិតធ្ងន់ ១៥៦គ្រឿង។ ក្នុងនោះមិនពាក់មួកសុវត្ថិភាព ១៣១នាក់ បើកបរហួសល្បឿនកំណត់ ២៨ករណី មិនប្រកាន់ស្ដាំ ៤១ករណី មិនគោរពសិទ្ធិ ២៣ករណី ប្រជែងគ្រោះថ្នាក់ ៣២ករណី ស្រវឹង ៨ករណី បត់ឆ្វេងស្តាំមិនប្រយ័ត្ន ២៣ករណី ខូចហ្វ្រាំង ៥ករណី ខូចចង្កូត៥ករណី ផ្ទុះកង់២ករណី បញ្ហាសុខភាព១២ករណី បើកថយក្រោយមិនប្រយ័ត្ន ១ករណី និងផ្សេងៗ៥ករណី។
មន្ត្រីរូបនេះ បានថ្លែងបែបនេះ ក្នុងឱកាសអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
អភិបាលខេត្តកំពត លោក ជាវ តាយ បានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាប្រឈមមួយ ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ព្រមទាំងប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ នៅលើដងផ្លូវសាធារណៈទៀតផង។ ដោយយោងតាមទិន្នន័យ របស់លេខាធិការដ្ឋានគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត អាចឆ្លុះបញ្ចាំងបានថាស្ថានភាព គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តកំពត ពីមួយឆ្នាំ ទៅមួយឆ្នាំ គឺមានការថយចុះ។
លោកអភិបាលខេត្ត បានចាត់ទុកទិវាដ៏មានសារៈសំខាន់នាពេលនេះ គឺជាការឆ្លុះបញ្ចាំង ពីសកម្មភាពនៃការចូលរួមជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការទប់ស្កាត់ និងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងតែកើនទ្បើងឥតឈប់ឈរជារៀងរាល់ឆ្នាំ។ ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ ផ្លូវគោកខេត្ត អង្គការ និងក្រុមហ៊ុនឯកជន នានាដែលបានជួយឧបត្ថម្ភ សម្ភារៈ ថវិកា និងស្មារតីកន្លងមក ពិសេសក្នុងការរៀបចំកម្មវិធីនៅពេលនេះ។
ហើយលោក ក៏សូមបន្តអំពាវនាវដល់អង្គការជាតិ អន្តរជាតិ ប្រទេសផ្តល់ជំនួយ ក្រុមហ៊ុនឯកជន ក្នុងស្រុក និងបរទេស ព្រមទាំងដៃគូរផ្សេងៗទៀត មេត្តាជួយឧបត្ថម្ភ ដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពត ថែមទៀត នូវថវិកា សម្ភារៈ និងបច្ចេកទេស ដើម្បីផ្តល់លទ្ធភាព ក្នុងការអនុវត្តន៍ឱ្យបានដោយជោគជ័យ នូវផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ទាំង៨ចំណុច ឲ្យទទួលបានប្រសិទ្ធភាពបំផុត។
លោកអភិបាលខេត ក៏បានអំពាវនាវផងដែរ ឲ្យគ្រប់បណ្តាមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន និងប្រជាពលរដ្ឋ គ្រប់ស្រទាប់ ក្នុងខេត្តកំពតទាំងមូល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នាឲ្យបានសស្រាក់សស្រាំ ស្អិតរមួតថែមទៀត ដើម្បីចូលរួមអនុវត្តច្បាប់ បទប្បញ្ញត្តិចរាចរណ៍នានា សំដៅប្រែក្លាយផែនការសកម្មភាព របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពត ឲ្យក្លាយទៅជាសកម្មភាពជាក់ស្តែង នឹងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ ក្នុងនិងក្រៅទីប្រជុំជន ត្រូវចូលរួមជួយរក្សា ជាយផ្លូវ និងចិញ្ចើមផ្លូវ សម្រាប់ថ្មើជើងធ្វើដំណើរ និងជួយថែទាំកែលម្អបរិស្ថានផ្លូវថ្នល់។
ជាពិសេស មិនត្រូវបណ្តែតបណ្តោយក្មេងដែលមានអាយុតិចជាង ៦ឆ្នាំ និងលែងសត្វពាហនៈដែលចិញ្ចឹម ក្នុងផ្ទះឲ្យដើររហេតរហូតលើផ្លូវថ្នល់ ក្នុងករណីបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នោះឪពុកម្តាយ ឬអាណាព្យាបាលក្មេង ឬម្ចាស់នៃសត្វចិញ្ចឹមទាំងនោះ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន៕