(ភ្នំពេញ)៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានកសាងសំណុំរឿងបញ្ជូនក្រុមជនសង្ស័យ ចំនួន៤នាក់ និងវត្ថុតាងមួយចំនួន ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី បន្ទាប់ពីកម្លាំងជំនាញរបស់ការិយាល័យ បើកការស្រាវជ្រាវតាមពាក្យបណ្ដឹងជនរងគ្រោះ រហូតចាប់ខ្លួនពួកគេបាន ពាក់ព័ន្ធធ្វើសកម្មភាពលួចម៉ូតូសម្រេច២លើក កាលពីចុងខែតុលា និងពាក់កណ្ដាលខែវិច្ឆិកា នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ។
បើតាមលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូទាំង៤នាក់នេះ គឺអនុវត្តឡើងរយៈពេល២ថ្ងៃជាប់គ្នា ដោយជំហានដំបូងឃាត់ខ្លួនបាន២នាក់ ស្ថិតនៅចំណុចម្តុំវត្តនាគវន្ត័ ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ហើយក៏បន្តស្រាវជ្រាវភ្លាមៗ ឈានទៅឃាត់ខ្លួនបានបក្ខពួកម្នាក់ទៀត ស្ថិតនៅចំណុចហាងអ៊ីនធឺណែតម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ ចំនួន៣នាក់ លុះស្អែកឡើងនាវេលាម៉ោងប្រហែល ១២៖៣០នាទី ថ្ងៃទី២២ កម្លាំងជំនាញរបស់ការិយាល័យអាចកំណត់បានមុខសញ្ញា ហើយឈានដល់ការឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់បន្ថែមទៀត ស្ថិតនៅចំណុចម្តុំផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
លោកនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញដដែលនេះ បានឲ្យដឹងថា នៅក្នុងរង្វង់ប្រតិបត្តិការតាមបង្ក្រាបនេះ ក្រៅពីឃាត់ខ្លួនក្រុមជនសង្ស័យជាចោរលួចម៉ូតូទាំង៤នាក់ គឺកម្លាំងការិយាល័យជុំនាញ បានចាប់យកវត្ថុតាងមួយចំនួន រួមមាន៖ ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1F-5333 (ជាម៉ូតូរបស់ជនរងគ្រោះឈ្មោះ កែវ សុខជា), និងដែកកាច់រៀងសំប៉ែតមុខស្រួច សម្រាប់កាច់សោកុងតាក់ម៉ូតូ១, សោខ្សៀរលេខ៨ រាងអក្សរអិល ១ដើម, តួណឺវីស មុខបួន១ដើម, កូនកាំបិតបត់១, ដែកលួសសសៃតូច ចុងស្រួចសម្រាប់ឆ្កឹះសោម៉ូតូ, កូនសោ១, ក្រាមពណ៌សថ្លា ចំនួន៩កញ្ចប់តូច ជាមួយកូនថង់សម្រាប់ច្រកគ្រឿងញៀន, ទូរសព្ទ័ដៃ២គ្រឿង ម៉ាក OPPO ពណ៌ស ស៉ីមកាតលេខ ០៩៦ ៨០៨៧៤៤៧ មួយគ្រឿង និងមួយគ្រឿងទៀតម៉ាក VFONE ពណ៌ខ្មៅ។
យ៉ាងណាក៏ដោយ ក្រោយពីកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួនក្រុមជនសង្ស័យទាំង៤នាក់ យកមកធ្វើការសួរនាំតាមជំនាញ ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូបានសម្រេច១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1F-5333 ប្រព្រឹត្តនៅចំណុចមុខហាងអ៉ីនធឺណិត ផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។
ក្រុមជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា ក្រៅពីលួចម៉ូតូម៉ាកហុងដា បានសម្រេច១គ្រឿង រហូតដល់រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពួកគេបានធ្វើសកម្មភាពម្ដងទៀត ដោយលួចម៉ូតូបានសម្រេច ជាលើកទី២ ម៉ាកហុងដា ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-0788 ប្រព្រឹត្តនៅចំណុចចំហៀងហាងអ៉ីនធឺណេតយីហោណេត ផ្ទះគ្មានលេខ ផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកវរសេនីយ៍ឯក នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលថា ជនសង្ស័យទាំង៤នាក់នេះទី១៖ ឈ្មោះ នាង ចាន់ឌីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក, ទី២៖ ឈ្មោះ រ៉ាន់ រ៉ា ហៅត្រេន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅដីឡូតិ៍ទុកចោល ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក, ទី៣៖ ឈ្មោះ រុំ រឿង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ, ទី៤៖ ឈ្មោះ សៀប មិនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៉ីនត្រជាក់ ស្នាក់នៅផ្ទះជួល ផ្លូវ២០០២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនរងគ្រោះឈ្មោះ កែវ សុខជា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកហាងអ៉ីនធឺណេត មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បានបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 1F-5333។ ជនរងគ្រោះម្នាក់ទៀតឈ្មោះ សាត សង់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បានបាត់បង់ម៉ូតូ ១គ្រឿងផងដែរ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៣ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E-0788៕