(កំពង់ធំ)៖ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីរួមចំណែកឈានឆ្ពោះទៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកបន្តថា ប្រទេសកម្ពុជា មានការរីកចំរើនឥតឈប់ឈរ ស្ថិរភាព សន្តិសុខសង្គម និងសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ កាន់តែត្រូវបានធានាយ៉ាងរឹងម៉ាំ ភាពរស់នៅដោយសុខក្សេមក្សាន្ត និងជីវភាពប្រជាពលរដ្ឋ ទូទាំងប្រទេស កាន់តែល្អបានធ្វើឱ្យកំណើនមធ្យោបាយយានយន្តគ្រប់ប្រភេទ បានកើនឡើងនាប៉ុន្មានឆ្នាំនេះ ទន្ទឹមនឹងនេះគ្រោះថ្នាក់ចរាចរណ៍ ក៏ស្ថិតក្នុងកំណើនមួយគួរឱ្យព្រួយបារម្ភ របស់រាជរដ្ឋាភិបាល។
លោកបានបន្តទៀតថា ក្នុងការអនុវត្តឱ្យបានតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍» ព្រមទាំងអនុវត្តវិធានការទាំង៨ចំណុច ដោយផ្តោតសំខាន់ទៅលើពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹង កុំបើកបរ, បើបើកបរ កុំពិសាគ្រឿងស្រវឹង»។
ក្នុងនោះ លោក សុខ លូ បានជំរុញដល់សមត្ថកិច្ចតាមដងផ្លូវ ត្រូវពង្រឹងអនុត្តការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ជាមន្ត្រីអនុវត្តន៍ច្បាប់ និងធ្វើការស្នើរគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងខេត្តត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានក្លាំងខ្លាបន្ថែមទៀត ដើម្បីចូលរួមអនុវត្តច្បាប់ប្បញ្ញតិចរាចរណ៍នានា សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
ការលើកឡើងរបស់លោក សុខ លូ នៅក្នុងឱកាសលោក អញ្ជើញជាអធិបតីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៤ នៅស្រុកកំពង់ស្វាយ ដោយមានការចូលរួមដោយអភិបាលរងខេត្ត អភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ដែលរៀបចំដោយមន្ទីរសាធារណៈការ ខេត្តកំពង់ធំ។
លោក ជូ កូឡា ប្រធានមន្ទីរសាធារណការខេត្តកំពង់ធំ បានធ្វើរបាយការណ៍អំពីគ្រោះថ្នាក់ចរាចរណ៍ និងដោយមូលហេតុទើបថ្ងៃនេះ បានប្រារព្ធទិវារអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះឡើង ក៏ដូចជាក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យមានការភ្ញាក់រលឹកផ្លាស់ប្តូរឥរិយាបថ មកគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ រួមគ្នាដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ឲ្យមកត្រឹមកម្រិតទាប៕