(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកធ្វើដំណើរតាមផ្លូវទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ដើម្បីរួមចំណែកឈានឆ្ពោះទៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឱ្យចុះមកកម្រិតទាបបំផុត។
ការលើកឡើងរបស់លោក ជាម ច័ន្ទសោភ័ណ នៅក្នុងឱកាសលោកអញ្ជើញជាអធិបតីប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោកលើកទី១៤ នៅក្រុងសួង ដោយមានការចូលរួមដោយអភិបាលរងខេត្ត អភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ១ពាន់ ដែលរៀបចំដោយមន្ទីរសាធារណៈការ ខេត្តត្បូងឃ្មុំ និងចូលរួមឧបត្ថម្ភជាមួកសុវត្ថិភាព ដោយក្រុមហ៊ុនធានារ៉ាប់រង Forte ផងដែរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោក ជាម ច័ន្ទសោភ័ណ បានបន្តថា «ត្រូវចូលរួមអនុវត្តឱ្យបានតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចណ៍» ព្រមទាំងអនុវត្តវិធានការទាំង៨ចំណុច ដោយផ្តោតសំខាន់ទៅលើពាក្យស្លោក «មួកសុវត្ថិភាពមួយ ការពារជីវិតម្នាក់» និង «បើពិសាគ្រឿងស្រវឹង កុំបើកបរ បើបើកបរ កុំពិសារគ្រឿងស្រវឹង»។
ក្នុងនាមអាជ្ញាធរខេត្ត លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកដល់សមត្ថកិច្ចតាមដងផ្លូវ ត្រូវពង្រឹងអនុត្តការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីរ: ជាមន្ត្រីអនុវត្តន៍ច្បាប់ និងធ្វើការស្នើរគ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តទាំងមូល ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យបានក្លាំងខ្លាបន្ថែមទៀត ដើម្បីចូលរួមអនុវត្តច្បាប់ ប្បញ្ញតិចរាចរណ៍នានា សំដៅធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវ ពិសេសក្នុងទឹកដីខេត្តត្បូងឃ្មុំ។
ជាមួយគ្នានេះដែរលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណៈការខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើង នៅលើសកលលោក មិនថាតែប្រទេសកម្ពុជានោះទេ ស្តែងឡើងលើកត្តា៣យ៉ាងគឺ កត្តាមនុស្ស កត្តាយានជំនិះ និងកត្តាផ្លូវ។ ក្នុងនោះខេត្តត្បូងឃ្មុំ មានគ្រោះថ្នាក់ចរាចរណ៍សរុប ៤៦លើក ស្លាប់៤០នាក់ របួសស្រាល់ ១៣នាក៉ និងេបួសធ្ងន់ ៤៥នាក់។
នាឱកាសនោះដែរ គណៈអធិបតីបានចែកជូនមួកសុវត្ថិភាព ចែកសៀវភៅច្បាប់ចរាចរណ៍ ស្លាកស្ទីកគ័រដល់អ្នកចូលរួម និងនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រំ នៅលើដងផ្លូវ ទៅតាមជំនឿប្រពៃណីសាសនាផងដែរ៕