(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវបង្ហាញតួលេខនៃចំនួនគ្រោះថ្នាក់ចរាចរណ៍ ឲ្យបានច្បាស់លាស់ មិនត្រូវមានការលាក់បាំងនោះឡើយ។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ការដែលត្រូវបង្ហាញតួលេខនេះ ឲ្យបានច្បាស់លាស់ ទៅកាន់សាធារណជន ពិសេសបណ្ដាស្ថាប័នព័ត៌មាននោះ ដើម្បីរួមគ្នាចូលរួមកាន់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាចាំបាច់ចំពោះមុខ ត្រូវតែរួមគ្នាដើម្បីដោះស្រាយ មិនមែនជាភារកិច្ចផ្ដាច់មុខរបស់ ក្រសួង ឬស្ថាប័នណាមួយនោះទេ។
ក្នុងទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ នៅព្រឹកមិញនេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «យើងឃើញថា និន្នាការកំណើនគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាសញ្ញាមិនល្អទាល់តែសោះ ខ្ញុំទទួលស្គាល់ចង់អ្នកណាវាយតម្លៃថា បរាជ័យក៏វាយទៅ ប៉ុន្ដែសូមអំពាវនាវជួយគ្នា [...] ព្រោះអាហ្នឹង [តួលេខគ្រោះថ្នាក់ចរាចរណ៍] យើងត្រូវបង្ហាញជាក់ស្ដែង យើងមិនអាចភូតបន្លំទេ អីចឹងទេយើងត្រូវបង្ហាញការពិត ដើម្បីទាំងអស់គ្នាជួយ ព្រោះរឿងទាំងអស់គ្នាមិនមែនរឿងបុគ្គលណាមួយទេ»។
ឆ្លើយតបនឹងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងឲ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតាមបណ្ដាខេត្ត ត្រូវសិក្សាឲ្យបានច្បាស់លាស់ និងលម្អិតបន្ថែមទៀត ដើម្បីយល់ដឹងកាន់តែច្បាស់ថា និន្នាការនៃគ្រោះថ្នាក់ចរាចរណ៍ កើនឡើងបណ្ដាលមកពីមូលហេតុអ្វី។ លោកថា កន្លងទៅកម្ពុជាធ្លាប់ទទួលបានរង្វាន់លើកទឹកចិត្ត ពីប្រទេសអង់គ្លេស ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្ដែ២ឆ្នាំមកនេះ បរាជ័យដោយសារគ្រោះថ្នាក់ចរាចរណ៍កើនឡើង។
ផ្អែកតាមតួលេខរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបង្ហាញដោយសម្ដេចក្រឡាហោម ស ខេង ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសបានកើតឡើង ចំនួន៣,១៥៩លើក បណ្ដាលឲ្យបាត់បង់ជីវិត១,៥២១នាក់ និងរបួស៤,៧២១នាក់ គិតជាមធ្យមគឺស្លាប់ជាង៥នាក់ និងរបួស១៧នាក់ ក្នុងមួយថ្ងៃ។
សម្ដេចក្រឡាហោម ស ខេង បានអះអាងទៀតថា មូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនលើសលប់ ដោយអ្នកបើកបរយានយន្ដ មិនគោរពច្បាប់ចរាចរណ៍ បង្កគ្រោះថ្នាក់ដោយការបើកបរលើសល្បឿនកំណត់៣៧ភាគរយ, មិនគោរពសិទ្ធិ២៤ភាគរយ, មិនប្រកាន់ស្ដាំ១២ភាគរយ, វ៉ាជែង៩ភាគរយ, បត់៨ភាគរយ, ស្រវឹង៦ភាគរយ, កត្ដាយានយន្ដ៣ភាគរយ និងងងុយ១ភាគរយ។
សម្ដេចប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងទៀតថា តាមការប៉ាន់ប្រមាណគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យប្រទេសកម្ពុជា ខាតបង់ថវិកាក្នុងមួយឆ្នាំៗជាច្រើនលានដុល្លារ ដោយមិនគិតផលលំបាកសង្គមដូចជា ការបន្សល់ទុកជនពិការ កុមារកំព្រា ស្ដ្រីមេម៉ាយ និងធ្វើឲ្យគ្រួសារមួយចំនួន ធ្លាក់ទៅក្នុងភាពក្រីក្រ ដែលបណ្ដាលឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕