(ភ្នំពេញ)៖ លោកបណ្ឌិត ស្តើង សុខុម ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានលើកឡើងថា វិស័យហិរញ្ញវត្ថុ ហាក់បីដូចជាឈាមនៅក្នុងខ្លួនមនុស្ស បើមនុស្សមានឈាមគ្រប់គ្រាន់ និងមានលំហូបានល្អ នឹងធ្វើឲ្យរាងកាយយើងលូតលាស់បានល្អ ហើយហិរញ្ញវត្ថុនៅក្នុងសេដ្ឋកិច្ច ក៏មានលំនាំដូចគ្នានេះដែរ។
លោក ស្តើង សុខុម បានថ្លែងយ៉ាងដូច្នេះ នៅក្នុងសិក្ខាសាលស្តីពីឱកាស និងបញ្ហាប្រឈម របស់មីក្រូហិរញ្ញវត្តុ ដែលបានប្រារព្ធធ្វើឡើង នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ក្រោមអធិបតីភាពរបស់លោក ស៊ុន គន្ធរ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងមានការចូលរួមពីប្រធានគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុ សាស្ត្រាចារ្យ និងនិស្សិតជាច្រើនផងដែរ។
លោក ស្តើង សុខុម បានលើកឡើងថា នៅក្នុងសេដ្ឋកិច្ចគេចាត់ទុកហិរញ្ញវត្ថុ ដូចជាឈាមនៅក្នុងខ្លួនមនុស្សក្នុងខ្លួនមនុស្ស បើសិនជាចលនាឈាមដំណើរការបានល្អ សិរីរាង្គនៅក្នុងខ្លួន ក៏រីកលូតលាស់ និងសុខភាពក៏បានល្អ។ ផ្ទុយទៅវិញ បើសិនជាខ្វះឈាម វានឹងធ្វើឲ្យសិរីរាង្គ នៃផ្នែកខ្លះត្រូវរាំងស្ទះសុខ ភាពក៏មិនល្អ។ នៅក្នុងសេដ្ឋកិច្ចក៏ដូចគ្នា ប្រសិនបើវិស័យណាមួយ ត្រូវជួបបញ្ហាវាក៏ក្លាយទៅជាឧបសគ្គ សម្រាប់ការឈានឡើង នៃកំណើនសេដ្ឋកិច្ចផងដែរ។
លោកបានលើកឡើងទៀតថា ដែលហៅថាសេដ្ឋកិច្ច គឺជាការបូករួមបញ្ជូលគ្នា លើគ្រប់វិស័យ ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ទេសចរណ៍ ការដឹកជញ្ជូន គឺសុទ្ធតែជាសេដ្ឋកិច្ចដូចនេះបើវិស័យណាមួយ ជួបបញ្ហាវានឹងធ្វើឲ្យសេដ្ឋកិច្ចក៏ត្រូវរាំងស្ទះ។ ជាមួយនេះ សេដ្ឋកិច្ចក៏និយាយផងដែរ អំពីលុយហើយនៅពេលនិយាយពីលុយ ឬធនធាន ក៏ត្រូវនិយាយទៅដល់ការសន្សំ កម្ចី វិនិយោគ ការចាយវាយ និងការខ្ជះខ្ជាយ។
ពាក់ព័ន្ធទៅប្រធានបទ នៃសិក្ខាសាលា លោកប្រធានក្រុមប្រឹក្សាភិបាល បានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា បានចូលរួមចំណែកយ៉ាងខ្លាំង ដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន ខណៈដែលសេវាហិរញ្ញវត្ថុ បានរីករាលដាលយ៉ាងខ្លាំង ទៅដល់ទីជនបទរបស់កម្ពុជា, ទុនបន្ថែមបានទៅដល់ដៃប្រជាជន ដែលមានចំណូលទាបដែលមានតម្រូវការទុន ដើម្បីប្រកបរបរអាជីវកម្មខ្នាតតូច។
លោកបានអះអាងថា វិស័យហិរញ្ញវត្ថុកម្ពុជា បានបង្ហាញពីភាពរឹងមាំ នៅឆ្នាំ២០១៨ តាមរយៈកំណើនខ្លាំង នៃទំហំប្រាក់កម្ចី និងប្រាក់បញ្ញើ ស្របពេលកម្ចីដែលអតិថិជន មិនបានសងទាន់ពេលនៅរក្សាបានអត្រាទាប។ ទំហំកម្ចីនៅក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ដែលរួមបញ្ចូលទាំងកម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុបូកបញ្ចូលគ្នា មានចំនួនសរុប២៤.៥ពាន់លានដុល្លារ នៅត្រឹមដំណាច់ឆ្នាំ២០១៨ គឺកើនឡើង១៩ភាគរយ បើធៀបពីដំណាច់ឆ្នាំ២០១៧។
ដោយឡែក ទំហំប្រាក់បញ្ញើក្នុងវិស័យនេះវិញ មានចំនួនសរុប២២.១ពាន់លានដុល្លារ គឺកើនឡើង១៥.៣ភាគរយ។ គិតត្រឹមដំណាច់ឆ្នាំ២០១៨ វិស័យហិរញ្ញវត្ថុទាំងមូល ធនទ្រព្យសកម្មសរុបមាន៤០ពាន់លានដុល្លារ គឺកើនឡើង១៩.៤ភាគរយ បើធៀបពីកាលពីដំណាច់ឆ្នាំ២០១៧។
លោកបណ្ឌិត ស្តើង សុខុម បានបន្តថា មានកត្តាសំខាន់មួយចំនួនដែលជាកត្តាពន្លឿនកំណើនវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្នុងនោះមាន គោលនយោបាយគាំពារ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។ ក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យដោយប្រុងប្រយ័ត្នរបស់ធនាគារជាតិ នៃកម្ពុជា។ ភាពរស់រវើក និងការច្នៃប្រឌិតរបស់ប្រតិបត្តិករមីក្រូហិរញ្ញវត្ថុ និងតម្រូវការ និងការគាំទ្ររបស់អតិថិជនដោយយល់ឃើញពីសារសំខាន់ នៃវិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។
លោកបណ្ឌិត ស្តើង សុខុម បានបន្តថា វិស័យមីក្រូហិរញ្ញវត្ថុ បានរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងទំហំ និងវិសាលភាព។ ពិតណាស់ថា ការរីកចម្រើននេះ ក៏មិនឤចសម្រេចបានដែរ ប្រសិនបើមិនមានបរិយាកាសអំណោយផល ពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើឲ្យកាន់តែប្រសើរ ក្នុងការគ្រប់គ្រង និងអនុវត្តនូវគោលនយោបាយសារពើពន្ធរបស់រាជរដ្ឋាភិបាល។
នៅក្នុងពិធីនោះដែរ លោកបណ្ឌិត ស្តើង សុខុម ក៏បានលើកឡើងពាក់ព័ន្ធទៅការសួរថា តើរាជរដ្ឋាភិបាលមានវិធានការបែបណា ដើម្បីកាត់បន្ថយ ភាពក្រីក្រ និងការលំបានរបស់ប្រជាពលរដ្ឋ? លោកបានលើកឡើងថា ជាការពិតរាជរដ្ឋាភិបាល បានខិតខំខ្លាំងណាស់ដើម្បីអភិវឌ្ឍន៍ប្រទេស ដោយបានស្ថារនូវ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលរៀន និងផ្នែកផ្សេងទៀតជាច្រើន ដែលសុទ្ធតែជាផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ។
រដ្ឋាភិបាលបានប្រែក្លាយប្រទេស ពីប្រទេសក្រីក្រទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងឈានទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ នេះជាគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ។ ជាក់ស្តែងជាងនេះទៀត រដ្ឋាភិបាល បានកាត់បន្ថយភាពក្រីក្រពី៥១ភាគរយ មកនៅត្រឹមជាង១០ភាគរយនាពេលបច្ចុប្បន្ន និងបន្តកាត់បន្ថយក្នុងរង្វង់១ភាគរយ ជារៀងរាល់ឆ្នាំ នេះជាសមិទ្ធផលធំៗ របស់រដ្ឋាភិបាល។ ប៉ុន្តែរដ្ឋមិនអាចធ្វើឲ្យមានភាពស្មើគ្នា ខាងទ្រព្យសម្បត្តិ ក្នុងចំណោមប្រជាជនបានទេ មិនថាមានតែកម្ពុជានោះទេ គឺនៅលើពិភពលោក ពិតជាមិនអាចធ្វើបានសូម្បីនៅសហរដ្ឋអាមេរិក ក៏នៅតែមានអ្នកសុំទានដែរ។
ដើម្បីអាចស្រូបយកបាននូវផលពីការខិតខំរបស់រាជរដ្ឋាភិបាល ទាមទារឲ្យមានចំណេះដឹង និងសមត្ថភាព ដូចនេះកត្តាចំបងរបស់យើង គឺទាមទារឲ្យប្អូនៗ ជានិស្សិតត្រូវខិតខំបង្កើនចំណេះដឹងឲ្យក្លាយខ្លួន ទៅជាមនុស្សដែលមានពោរពេញដោយសមត្ថភាព។ ជាមួយឱកាស នៃការរីកចម្រើនមីក្រូហិរញ្ញវត្ថុ ក្រុមអ្នកជំនាញ ដែលបានចូលរួមក៏បានបង្ហាញ អំពីបញ្ហាប្រឈមមួយចំនួន ដែលបានបង្កឲ្យប្រជាពលរដ្ឋមិនមានជំនឿទៅលើមីក្រូហិរញ្ញវត្ថុ និងធ្វើឲ្យពលរដ្ឋមួយចំនួន មិនសងសំណងទៅមីក្រូហិរញ្ញវត្ថុជាដើម។
លោកបន្ថែមថា មានជនខិលខូច និងអង្គការមួយចំនួន បាននិងកំពុងធ្វើអាជីវកម្មផ្ដល់សេវាមីក្រូហិរញ្ញវត្ថុ ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវពី ធនាគារជាតិ នៃកម្ពុជា តាមរយៈការផ្ដល់ប្រាក់កម្ចីជាលុយរាប់នៅតាមទីផ្សារ និងតាមភូមិឃុំ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ។ ការយល់ដឹងរបស់ពលរដ្ឋ ពីផ្នែកហិរញ្ញវត្ថុនៅមានកម្រិតនៅឡើយ ឧទាហរណ៍ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំទិសដៅ ដែលអាចបង្កើតចំណូលវិញបាន, ការយល់ដឹងមិនបានច្បាស់លាស់ អំពីលក្ខខណ្ឌ នៃកិច្ចសន្យាប្រាក់កម្ចី និងវិធីគណនាការប្រើប្រាស់ និងរបៀបសងប្រាក់កម្ចីជាដើម។
ជាមួយគ្នានេះ បញ្ហាប្រឈមដ៏សំខាន់ផងដែរ នោះវិស័យមីក្រូហិរញ្ញវត្ថុហាក់មានការប្រកួតប្រជែងកាន់តែខ្លាំងឡើង ព្រោះចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កាន់តែកើនឡើងជាបន្តបន្ទាប់ ខណៈចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា មានប្រមាណជិត១៦លាននាក់ប៉ុណ្ណោះ។ រហូតមកទល់ពេលបច្ចុប្បន្ននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពី ធនាគារជាតិ នៃកម្ពុជា ប្រមាណជាង៧០គ្រឹះស្ថាន ចំណែកប្រតិបត្តិករឥណទានវិញ មានប្រមាណ២០០ផងដែរ។
តែជាការកត់សម្គាល់ ចំពោះវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានគេមើលឃើញថា មានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ បើប្រៀបធៀបទៅនឹងប្រទេស ក្នុងតំបន់អាស៊ានដូចគ្នា។
នៅក្នុងឱកាសនោះ ក៏បានការលើកជាសំណួរពីនិស្សិត ទៅកាន់ក្រុមអ្នកជំនាញ មីក្រូហិរញ្ញវត្ថុ ពាក់ព័ន្ធនិងការផ្តល់ប្រាក់កម្ចី, ប្រាក់សន្សំ, ការបង្កើនទុន, ការប្រើប្រាស់ប្រាក់កម្ចីឲ្យចំគោលដៅ, បញ្ហាការប្រាក់ដែលនៅតែមានកម្រិតខ្ពស់, ការលើកសំណួរពាក់ព័ន្ធវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការជួយទៅដល់ប្រជាពលរដ្ឋក្រីក្រនៅទីជនបទ។ល។
ក្រុមអ្នកជំនាញ ក៏បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយ និងបានផ្តល់នូវគំនិតល្អៗ ឲ្យនិស្សិតទាំងអស់ ចេះសន្សំប្រាក់ទុកប្រសើរជាងការយកប្រាក់ ទៅធ្វើការបង់រំលោះទិញសម្ភារដែលមិនចាំបាច់ ដូចជាបង់រំលស់ទូរស័ព្ទទំនើបៗ ឬទៅបង់រំលស់ម៉ូតូថ្មីៗ រថយន្តថ្មីៗដើម្បីបង្អួតគ្នា ខណៈដែលខ្លួនមិនទាន់មានប្រាក់សន្សំជាធនសម្រាប់ខ្លួនឯង។
ជាមួយគ្នានេះ លោក ស៊ុន គន្ធរ បានថ្លែងកោតសរសើរ ចំពោះសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ដែលបានរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ផ្តល់នូវចំណេះដឹងថ្មីសម្រាប់និស្សិត។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្ត ដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ឲ្យខិតខំបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗ សមស្របជាមួយតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រ នៅតាមទីជនបទក្រៅពីសេវាឥណទាន ក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក៏ផ្តល់នូវសេវាផ្សេងៗទៀត ដូចជាសេវាប្រាក់សន្សំ, សេវាផ្ទេរប្រាក់, សេវាម៉ាស៊ីន ដកប្រាក់ និងដាក់ប្រាក់ស្វ័យប្រវត្តិ សេវាធានារ៉ាប់រខ្នាតតូចជាដើម។
សេវាទាំងអស់នេះត្រូវបានផ្តល់ឲ្យអតិថិជន ក្នុងគោលបំណងជួយសម្រួល និងលើកកម្ពស់ស្ថានភាពហិរញ្ញវត្ថុគ្រួសារ ក៏ដូចជាឤជីវកម្មឲ្យកាន់តែប្រសើរឡើង ហើយត្រូវបន្តពង្រីកបណ្តាញប្រតិបត្តិការឲ្យគ្របដណ្តប់ រហូតដល់ថ្នាក់មូលដ្ឋាន នៅទូទាំង២៥រាជធានីខេត្ត។
សូមជម្រាបថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា បានបង្កើតឡើង១៨ឆ្នាំមកហើយ ដោយមានមហាវិទ្យាល័យចំនួន៥។ បច្ចុប្បន្នសាកលវិទ្យាល័យ មានសាខាចំនួន៨ទីតាំង នៅរាជធានីភ្នំពេញ ២ទីតាំង និងនៅបណ្តាខេត្តចំនួន៦ទៀត គឺសៀមរាប បាត់ដំបង កំពង់ធំ កំពង់ចាម បន្ទាយមានជ័យ និងកំពត។ និស្សិតដែលបានបញ្ចប់ការសិក្សា មានចំនួនជាង៣ម៉ឹននាក់ និងមាននិស្សិតកំពុងសិក្សាចំនួនជិត២ម៉ឺននាក់ ខណៈសាកលវិទ្យាល័យ មានកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យបរទេសជាច្រើន និងស្ថាប័នរដ្ឋព្រមទាំងឯកជនជាង៥០០ដើម្បី រកទីកន្លែងសម្រាប់និស្សិតហាត់ការ និងធ្វើការងារ៕