(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅរយៈ១១ខែ ឆ្នាំ២០១៩នេះ (បិទបញ្ជីត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា) មូលនិធិគន្ធបុប្ផាកម្ពុជា ប្រគល់ថវិកាជាង១០លានដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា។
មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ពិតជាមានមោទនភាព ដោយបានប្រគល់ថវិកាសរុបចំនួន១០,៨៩២,៤០៤ដុល្លារអាមេរិក ដែលបានមកពីការបរិច្ចាគនានា ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានាឲ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យនេះ ក៏ដូចជាការបន្តនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា»។
មូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងទៀតថា ថវិកាចំនួន១០,៨៩២,៤០៤ដុល្លារអាមេរិកនេះ គិតរួមទាំងថវិកាចំនួន ៨៣៦,១៣៨ដុល្លារអាមេរិក ដែលអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល មូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដល់កិត្តិយសប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរសរបស់សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងការចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីនាំភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕