(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានរៀបចំទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានវត្តមានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក ព្រមជាមួយសិស្សានុសិស្សជាច្រើនបានចូលរួម។
លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោក ខេត្តកំពង់ស្ពឺ បានថ្លែងថា ទន្នឹមជាមួយស្រុកទេសមានសុខសន្តិភាព ប្រជាជនក៏ត្រូវតែមានសន្តិសុខ និងសុវត្ថិភាព ទើបសង្គមជាតិមានការអភិវឌ្ឍន៍ ដូច្នេះបញ្ហាចម្បងដែលកំពុង ប្រឈមនាពេលបច្ចុប្បន្ន គឺបងប្អូនមិនទាន់គោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ ដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុរាល់ថ្ងៃ បណ្តាលបងប្អូនធ្លាក់ខ្លួនពិការ និងរបួស ស្លាប់នាំឲ្យខាតបង់ថវិកាផ្ទាល់ និងថវិកាជាតិច្រើនស្ទើរមិនអាចគណនាបាន។
លោកអភិបានបញ្ជាក់ដែរថា ក្រោមការដឹកនាំដ៏ឈ្លាស់វៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំយកចិត្តទុកដាក់បំផុត ដោយបង្កើតគណៈកម្មាការធិការសុវត្តិភាពចរាចរណ៍ផ្លូវគោក អនុគណៈកម្មការសុវត្តិភាពចរាចរណ៏ផ្លូវគោករាជធានី/ខេត្ត និងលេខាធិការដ្ឋាន ដើម្បីចុះអប់រំផ្សព្វផ្សាយ ពង្រឹងការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជន កម្មករ-កម្មាការិនី តាមបណ្តារោងចក្រ សហគ្រាស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទៀងទាត់ជាប្រចាំ។
យោងតាមរបាយការណ៏ដែលលើកឡើងដោយលោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅក្នុង០៩ខែ ឆ្នាំ២០១៩ ធៀបទៅនឹង៩ខែ ឆ្នាំ២០១៨ នៅទូទាំងខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន១៣៣លើក/៩៩លើក កើនឡើងចំនួន៣៤លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន១០៣នាក់/៧៣នាក់ កើនឡើងចំនួន៣០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១៥០នាក់/១៣១នាក់ កើនឡើងចំនួន១៩នាក់ របួសស្រាលចំនួន១០៧នាក/១៣៤ ថយចុះ២៧នាក់ និងខូចខាតសម្ភារៈសរុបចំនួន២៧១គ្រឿង/១៧៥គ្រឿង មានការកើនឡើងចំនួន៩៦គ្រឿង។
លោកប្រធានមន្ទីរបញ្ជាក់ថា មូលហេតុដែលកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បើកលឿនហួសកំណត់ ប្រើប្រាស់គ្រឿងអេឡិចត្រូនិច វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់, ស្ថានភាពស្រវ៉ឹង, យានយន្តកែឆ្នៃ, មិនពាក់មួក និងខ្សែក្រវ៉ាត់ ជាពិសេសពលរដ្ឋមិនគោរពច្បាប់ចរាចរណ៍តែម្តង៕