(បាត់ដំបង)៖ អាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ក្រោមអធិបតីភាពលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ជាប្រធានអនុគណៈកម្មការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត។
ទិវានេះបានធ្វើឡើងនៅមុខសាលាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំង សិស្សនិស្សិត ប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបានថ្លែងថា ដើម្បីរំលឹកដល់ទិវាអន្តរជាតិរំលឹកជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤នា ឆ្នាំនេះ យើងទាំងអស់ត្រូវនាំគ្នាគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា មិនមែនគោរពនគរបាលចរាចរណ៍នោះទេ រាល់អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទលើដងផ្លូវ។
លោកអភិបាលរងខេត្តបានបន្តថា ការស្លាប់ដោយសារគ្រោះថ្នាក់ចរារណ៍ បច្ចុប្បន្នមានការកើនឡើង បើតាមស្ថិតិអាត្រាស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងជាងឆ្នាំមុនៗ គឺស្លាប់៨នាក់ក្នុង១ថ្ងៃ ព្រោះការស្លាប់របស់ជនរងគ្រោះកើតឡើងដោយសារកត្តា៣គឺ ១៖កត្តាមនុស្ស ២៖ កត្តាយានយន្ត ៣៖កត្តាផ្លូវ និងអ្នកមិនគោរពច្បាប់។
លោក សឿម ប៊ុនរិទ្ធ បានបញ្ជាក់ថា ការធ្វើដំណើរលើដងផ្លូវសាធារណៈ មិនថាជិតឬឆ្ងាយនោះទេ គឺត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក នៅកន្លែងភ្លើងស្តុបដែលមានភ្លើង
ក្រហមទោះជាស្ងាត់អត់មនុស្សបើកយានយន្តឆ្លងកាត់ និងទុកសិទ្ធិអាទិភាពឲ្យគ្នាទៅវិញទៅមក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕