(កំពង់ចាម)៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម បន្ទាប់ពីមានបទបញ្ជាពីលោកឧត្តមសេនីយ៍ស្នងការ បានអនុវត្តដីកាចាប់ខ្លួនបុរសម្នាក់ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាប់ចោទពីបទ បង្ករបួសស្នាមនិងធ្វើឲ្យ ខូចខាតដោយចេតនា។
មន្ត្រីនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត
និងតាមការណែនាំ ពីលោកស្នងការងទទួលផែនព្រហ្មទណ្ឌ សមត្តកិច្ចនគរបាលជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកំលាំងជំនាញស្រុកកំពង់សៀម បានចាប់មុខសញ្ញាម្នាក់នាក់ ឈ្មោះ ប៉ែន ធន់ ភេទបុ្រស អាយុ៣០ឆ្នាំ ស្ថិតនៅភូមិអំពិលក្រោម ឃុំអំពិល ស្រុកកំពង់សៀម តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១២ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ពីបទបង្ករបួសស្នាម និងធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្ដកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៨ នៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ។
តាមមន្ត្រីនគរបាលឱ្យដឹងទៀតថា នៅក្នុងកំឡុងឆ្នាំ ២០០៨នោះ ក្រោយពេលជនល្មើសបានបង្កហេតុរួច បានរត់គេចខ្លួនទៅប្រទេសថៃ។ ប៉ុន្តែនៅពេលថ្មីៗនេះ ជនល្មើសបានវិលមកលំនៅដ្ឋាន ហើយសមត្ថកិច្ចបានអនុវត្តដីកាចាប់ខ្លួនតែម្ដង។
បច្ចុប្បន្នជនត្រូវចោត បានបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្ដទៅតាមនីតិវិធី៕