(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប មានប្រារព្ធធ្វើទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធាន អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរស្រុក មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង៥២៥នាក់ ។
លោក គី វិរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅខេត្តសៀមរាប រយៈពេល១០ខែ ឆ្នាំ២០១៩មានចំនួន ៧៤ករណី កើនឡើង១៦ករណី មានអ្នកគ្រោះថ្នាក់២០៦នាក់ (ស្រី៨១នាក់) បណ្តាលឲ្យស្លាប់ចំនួន៧៤នាក់ (ស្រី១៨នាក់) របួសធ្ងន់ចំនួន៤២នាក់ (ស្រី២១នាក់) និងរបួសស្រាលចំនួន៩០នាក់ (ស្រី៣៨នាក់)។
លោកបានបញ្ជាក់ទៀតថា របាយការណ៍បង្ហាញថា ១០ខែចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងគួរកត់សម្គាល់ ។
លោកបានវាយតម្លៃថា បើគិតជាមធ្យមក្នុងខេត្តសៀមរាប ក្នុងមួយសប្តាហ៍មានប្រជាពលរដ្ឋស្លាប់២នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាបញ្ហាប្រឈម ចំពោះការអភិវឌ្ឍជាតិ សុខុមាលភាពប្រជាជន ប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល និងបន្សល់ផលវិបាកជាច្រើនទៀតក្នុងសង្គមជាតិ ដូចជាបានបង្កើតឡើងនូវសោកនាដកម្ម បន្សល់ទុកកូនកំព្រា ស្រ្តីមេម៉ាយ និងពិការភាពជាដើម ។
លោក ពិន ប្រាកដ បានថ្លែងថា ការប្រារព្ធទិវានេះ គឺជាការបន្លឺស្នូជួងជាថ្មីទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលទើបតែមានការធ្វើវិសោធនកម្មថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវ ទាំងថ្មើរជើង និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវតែផ្លាស់ប្តូរឥរិយាបថ ដែលមិនគោរពច្បាប់ មកប្រកាន់យកឥរិយាបថ ចេះអព្យាស្រ័យគ្នា និងគោរពច្បាប់ចរាចរណ៍ នៅពេលធ្វើដំណើរ និងបើកបរយានយន្ត។
លោកបានបញ្ជាក់ថា ជាសាកលនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងទូទាំងពិភពលោក បានប្រារព្ធទិវានេះដូចគ្នា រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ស្តីពីទស្សវត្សសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន៥០% នៅក្នុងឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញនូវអានុសាសន៍ និងអំពាវនាវឲ្យជាពលរដ្ឋកម្ពុជា អនុវត្តដោយការចងចាំ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»៕