(ប៊ូសាន, កូរ៉េខាងត្បូង)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានអះអាងថា កម្ពុជា និងកូរ៉េខាងត្បូង បាននិងកំពុងស្វះស្វែងរកលទ្ធភាពលើកកម្ពស់កម្រិតទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីពង្រីកនូវសក្តានុពលភាពនៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងការធ្វើពាណិជ្ជកម្មជាដើម។
កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងជាមួយនឹងគ្នាជាផ្លូវការកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧។ ការបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងប្រទេសកូរ៉េខាងត្បូងនាឆ្នាំ១៩៩៦។ ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ចមួយដ៏សំខាន់ក្នុងការស្វះស្វែងរកលទ្ធភាពបង្កើតចំណងការទូតជាមួយកូរ៉េខាងត្បូងជាប្រវត្តិសាស្ត្រ។
ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងក្នុងរយៈពេលប្រមាណជា២២ឆ្នាំំមកនេះ បានរីកលូតលាស់ជាលំដាប់ ហើយក៏បាននាំមកនូវប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិរវាងប្រទេសទាំងពីរគួរឱ្យកត់សម្គាល់។
លោក ឡុង ឌីម៉ង់ បានអះអាងថា ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនឹងត្រូវធ្វើឡើងក្នុងពេលខាងមុខ ដើម្បីធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរថែមទៀត។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ប្រាប់ក្រុមអ្នកព័ត៌មានពេលបំពេញការងារនៅប្រទេសកូរ៉េខាងត្បូងយ៉ាងដូច្នេះថា «ឥឡូវនេះយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ពិតណាស់មកដល់ពេលនេះយើងមិនទាន់ក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឡើយទេ ប៉ុន្តែយើងកំពុងធ្វើកិច្ចសហប្រតិបត្តិការគ្នាលើច្រើនវិស័យនេះ ហើយត្រូវការទៅវិញទៅមកនេះ យើងគិតថាមិនយូរមិនឆាប់ទេលទ្ធភាពរៀបចំឱ្យទៅជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរនេះមិនអាចខកខានបានទេ ព្រោះសព្វថ្ងៃនេះប្រទេសអាស៊ាន ស្របនឹងនយោបាយទិសខាងត្បូង (New Southern Policy) របស់កូរ៉េនេះ យើងនឹងមានការឈានទៅចាប់ដៃគ្នាជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានមើលឃើញថា ការពង្រីកទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសកូរ៉េខាងត្បូង នឹងនាំឱ្យកម្ពុជាទាញបានប្រយោជន៍យ៉ាងច្រើនថែមទៀតពីទំនាក់ទំនងដ៏ល្អនេះ ដូចជាការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងបទពិសោធន៍លើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យាជាដើម។
លោក ឌីម៉ង់ បានបញ្ជាក់ដូច្នេះ «ផលប្រយោជន៍ដែលយើងអាចទាញបានពីដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ គឺនយោបាយ និងសេដ្ឋកិច្ចនេះឯង។ ខ្ញុំគិតថា វានឹងនាំមកនូវផលប្រយោជន៍ច្រើនដល់ភាគីទាំងពីរ ជាពិសេសកម្ពុជាការលំហូរចូលនៃអ្នកវិនិយោគកូរ៉េ។ ការលំហូរចូលរបស់អ្នកវិនិយោគកូរ៉េទៅប្រទេសកម្ពុជា គឺមិនមែនត្រឹមតែរូបិយបណ្ណតែប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលអាចមួយទៀត គឺជំនាញ បច្ចេកវិទ្យាជាច្រើនទៀត ដែលកូរ៉េគេទទួលបានភាពជោគជ័យក្រោយបញ្ចប់សង្គ្រាមកូរ៉េ។ គេបានលើកឡើងថា កូរ៉េដូចបាននិងកំពុងតែដើរលើផ្លូវកាត់មួយ ដែលរយៈនៃការដែលគេបញ្ចប់សង្គ្រាមឆ្នាំ១៩៥៣ មកដល់ពេលនេះ ការអភិវឌ្ឍរបស់ប្រទេសគេដែលមានលក្ខណៈលេចធ្លោរខ្លាំងលើពិភពលោកហ្នឹង គឺដូចដើរនៅលើផ្លូវកាត់មួយអ៊ីចឹង ដូច្នេះកម្ពុជាយើងក៏ត្រូវការរៀនសូត្រពីគេវិញដែរ។ អ៊ីចឹងទេដៃគូយុទ្ធសាស្ត្រមានការចែករំលែកគ្នាជាច្រើនទៀត ហើយក្នុងនោះដែរ គឺទីផ្សាររបស់កម្ពុជា ដែលកម្ពុជាអាចមានលទ្ធភាពនាំចេញ និងបើកទីផ្សារថែមទៀតសម្រាប់ផលិតផលរបស់កម្ពុជា»។
បើតាមលោក ឡុង ឌីម៉ង់ បច្ចុប្បន្នកម្ពុជាទទួលបានការវិនិយោគពីប្រទេសកូរ៉េខាងត្បូងជាង ៤ពាន់លានដុល្លារ លើវិស័យវេយណភណ្ឌ កសិកម្ម អចលនទ្រព្យ និងសំណង់ជាដើម។ ក្នុងចំណោមគម្រោងវិនិយោគប្រមាណ ២១៤គម្រោង មាន ១២៣គម្រោងវិនិយោគលើរោងចក្រជាមួយទុនវិនិយោគ ៤៨៦លានដុល្លារ បង្កើតការងារប្រមាណ ៨ម៉ឺនកន្លែង។
ដោយឡែកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូងវិញ មានជិត ១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូងមានប្រមាណ ៣០ភាគរយ ហើយកូរ៉េខាងត្បូងនាំចូលកម្ពុជាមានប្រមាណ ៧០ភាគរយ។
ទំនិញកម្ពុជានាំទៅកាន់ប្រទេសកូរ៉េខាងត្បូងមានច្រើនបំផុតជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ស្បែកជើង ភេសជ្ជៈ កាបូប កៅស៊ូ ឱសថ ក្រដាសកាតុង និងផលិតផលកសិកម្មមួយចំនួនទៀត។
ទំនិញកម្ពុជា នាំចូលពីប្រទេសកូរ៉េខាងត្បូងវិញ មានដូចជា ក្រណាត់ត្បាញ រថយន្ត ភេសជ្ជៈ គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន វត្ថុតុបតែងលម្អផ្ទះ ឱសថ សាប៊ូ និងផលិតផលប្លាស្ទិកជាដើម។
តាមរយៈទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ ប្រទេសកូរ៉េខាងត្បូង បានរួមចំណែកផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាជាច្រើនកន្លែងផងដែរ។
គិតចាប់ពីឆ្នាំ២០០៧ រហូតមកត្រឹមឆ្នាំ២០១៩នេះ មានពលករខ្មែរសរុបចំនួន ៦៦,៥៦៥នាក់ បានបញ្ជូនមកបំពេញការងារនៅកូរ៉េខាងត្បូងជាមួយប្រាក់ឈ្នួលចន្លោះពី ១,៥០០ដុល្លារ រហូតដល់ ៣,០០០ដុល្លារ។ ថវិកាប្រមាណ ៦០០លានដុល្លារអាមេរិក ត្រូវបានបញ្ជូនពីកូរ៉េខាងត្បូង ទៅកាន់ប្រទេសកម្ពុជាតាមរយៈប្រាក់ឈ្នួលរបស់ ពលករទាំងនេះ ដែលជាការរួមចំណែកមួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕