(ភ្នំពេញ)៖ តាមស្ថានភាពជាក់ស្ដែងនៃសង្គមបច្ចុប្បន្ន នៅពេលកើតមានបទល្មើសណាមួយដែលមានចរិតលក្ខណៈធ្ងន់ធ្ងរ ជនដែលបានប្រព្រឹត្តបទល្មើសអាចនឹងត្រូវបានគេឃាត់ខ្លួនភ្លាមៗ ឬអាចសម្រេចឃុំខ្លួនជាដើម ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ ឬកើតមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរជាងមុនពីអំពើល្មើសនោះ ។
ប៉ុន្តែមិនមែនគ្រប់ពេលដែលមានបទល្មើសកើតឡើង ការសម្រេចឃុំត្រូវតែធ្វើឡើងនោះទេ ពោលគេត្រូវសិក្សាទៅលើស្ថានភាពនៃបទល្មើស ក៏ដូចជាស្ថានភាពជនដែលបានប្រព្រឹត្តបទល្មើសជាមុនសិន ដើម្បីជៀសវាងថាការសម្រេចឃុំខ្លួននោះ នឹងអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពបុគ្គលរបស់គេ ។ ដូច្នេះតើការឃុំត្រូវធ្វើឡើងបែបណាទើបស្របតាមនីតិវិធីច្បាប់ ?
ដើម្បីស្វែងយល់ពីនីតិវិធីនេះឲ្យបានច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការឃុំខ្លួនបណ្ដោះអាសន្ន» មកបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចតទៅ៖
ការឃុំខ្លួនបណ្ដោះអាសន្ន ជានីតិវិធីមួយដែលធ្វើឡើងនៅមុនពេលជម្រះក្ដី ក្នុងពេលដែលសំណុំរឿងព្រហ្មទណ្ឌស្ថិតនៅក្នុងដំណាក់កាលរបស់ចៅក្រមស៊ើបសួរ ។ ការឃុំខ្លួនបណ្ដោះអាសន្នអាចធ្វើឡើងបានក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ ឬមជ្ឃិម ដែលច្បាប់កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារស្មើ ឬលើសពី ១ (មួយ) ឆ្នាំ ឡើងទៅ ។
យោងតាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវបានបង្គាប់ កាលណាការឃុំខ្លួនបណ្ដោះអាសន្ននេះ ជាការចាំបាច់ ៖
១. ដើម្បីបញ្ចប់បទល្មើស ឬបង្ការបទល្មើសកុំឲ្យកើតជាថ្មី ។
២. ដើម្បីរារាំងកុំឲ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីរារាំងកុំឲ្យមានការត្រូវរ៉ូវគ្នា រវាងជនត្រូវចោទ និងអ្នកសមគំនិត ។
៣. ដើម្បីរក្សាភស្តុតាង ឬតម្រុយជាសម្ភារៈ ។
៤. ដើម្បីធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី ។
៥. ដើម្បីការពារសន្តិសុខឲ្យជនត្រូវចោទ ។
៦. ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈកុំឲ្យមានការច្របូកច្របល់ ដែលបណ្ដាលមកពីបទល្មើស ។
ជាទូទៅការឃុំខ្លួនបណ្ដោះអាសន្ន អាចធ្វើឡើងតាមរយៈគំនិតផ្ដើមពីចៅក្រមស៊ើបសួរ ឬ តាមរយៈដីកាសន្និដ្ឋានរបស់ព្រះរាជអាជ្ញា ដោយយោងតាមការពិចារណា ការស្វែងយល់ដោយផ្ទាល់ទៅលើបុគ្គលិកលក្ខណៈរបស់ជនត្រូវចោទ ឬស្ថានភាពជាក់ស្ដែងនៃបទល្មើសដែលបានប្រព្រឹត្ត ។
នៅពេលដែលចៅក្រមស៊ើបសួរសម្រេចពីការឃុំខ្លួនបណ្ដោះអាសន្ន នោះគឺត្រូវធ្វើឡើងតាមរយៈ «ដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន» ដែលត្រូវជូនដំណឹងភ្លាមដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ ។ ចំពោះថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ន ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ដាច់ដោយឡែកពីគ្នាទៅតាមស្ថានភាពនៃជនត្រូវចោទ (នីតិជន ឬអនីតិជន) ឬលក្ខណៈនៃបទល្មើស (បទមជ្ឃិម ឬបទឧក្រិដ្ឋ)។
១. ជនត្រូវចោទជានីតិជនថិរវេលានៃការឃុំខ្លួនបណ្ដោអាសន្នត្រូវកំណត់ដូចខាងក្រោម៖
ចំពោះនីតិជនដែលត្រូវចោទបានប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី៦ (ប្រាំមួយ) ខែ បានទេ ។ ប៉ុន្តែនៅពេលជិតផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន ៦ (ប្រាំមួយ) ខែ ហើយការសម្រេចពន្យារនេះអាចធ្វើបានតែ ២ (ពីរ) ដងគត់ (មាត្រា ២០៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។
ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឃិម ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៤ (បួន)ខែបានទេ។ ប៉ុន្តែនៅពេលដែលជិតផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះ អាសន្នបានម្ដងគត់ ដោយមិនអាចលើសពី ២ (ពីរ) ខែ (មាត្រា ២០៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ) ។
២. ជនត្រូវចោទជាអនីតិជនថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នត្រូវកំណត់ដូចខាងក្រោម៖
២.១. ចំពោះអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំនឹងត្រូវចោទប្រកាន់ ពីបទឧក្រិដ្ឋដែលថិរវេលាឃុំខ្លួនបណ្តោះអាសន្នមានដូចតទៅ៖
ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ៤ (បួន) ខែ បានទេ កាលណាអនីតិជននេះមានអាយុតិចជាង ១៦ (ដប់ប្រាំមួយ) ឆ្នាំ ។
ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ កាលណាអនីតិជននេះមានអាយុចាប់ពី១៦ (ដប់ប្រាំមួយ) ឆ្នាំដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។
២.២. បើក្នុងករណីជាបទមជ្ឈិមមវិញ ការឃុំខ្លួនបណ្តោះអាសន្នចំពោះអនីតិជនអាយុចាប់ពី១៤ (ដប់បួន) ឆ្នាំ ដល់ ក្រោម ១៨ (ដប់ប្រាំបី) ត្រូវបានកំណត់ដូចខាងក្រោម៖
ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ២ (ពីរ) ខែ បានទេ កាលណាអនីតិជននេះមានអាយុតិចជាង១៦ (ដប់ប្រាំមួយ) ឆ្នាំ។
ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី ៤ (បួន) ខែបានទេកាលណាអនីតិជននេះមានអាយុចាប់ពី ១៦ (ដប់ប្រាំមួយ) ឆ្នាំដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។
ថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នតាមចំណុចទី ២.១ និងចំណុច ២.២ ខាងលើនេះមិនត្រូវលើសពីពាក់កណ្តាលនៃអប្បបរមានៃទោសដែលច្បាប់បានកំណត់សម្រាប់អនីតិជននោះឡើយ ។ ចំពោះអនីតិជនដែលមានអាយុក្រោម ១៤ (ដប់បួន) ឆ្នាំវិញ មិនអាចត្រូវបានឃុំខ្លួនបណ្ដោះអាសន្នទេ ។
ចៅក្រមស៊ើបសួរអាចសម្រេចប្រគល់អនីតិជននេះឲ្យឪពុកម្ដាយ អ្នកអាណាព្យាបាល ឬក្នុងករណីគ្មានអ្នកអាណាព្យាបាល ត្រូវប្រគល់ទៅមជ្ឈមណ្ឌលអប់រំថែរក្សាបណ្ដោះអាសន្ន រង់ចាំសេចក្ដីសម្រេចរបស់តុលាការ (មាត្រា ២១២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ) និងមាត្រា ៣៩ កថាខណ្ឌទី២ នៃច្បាប់ស្ដីពីយុត្តិធម៌អនីតិជន បានចែងថា អនីតិជនអាយុក្រោម១៤ ឆ្នាំ មិនត្រូវបានឃុំខ្លួនបណ្ដោះអាសន្នឡើយ ។
ក្នុងករណីអនីតិជនដែលកំពុងជាប់ឃុំត្រូវ រកឃើញថាមានអាយុក្រោម១៤ ឆ្នាំ ចៅក្រមស៊ើបសួរត្រូវចេញដីការដំណោះស្រាយលើកលែងចោទប្រកាន់ និងបង្គាប់ឲ្យដោះលែងអនីតិជននោះជាបន្ទាន់ទោះបីមានបណ្ដឹងឧទ្ធរណ៍របស់ព្រះរាជាអាជ្ញាក៏ដោយ ហើយប្រគល់អនីតិជននោះទៅឲ្យអ្នកតំណាងដែលច្បាប់បានកំណត់ ។
សរុបមក ការឃុំខ្លួនបណ្ដោះអាសន្នគឺជានីតិវិធីមួយ ដែលធ្វើឡើងនៅក្នុងដំណាក់ការនៃចៅក្រមស៊ើបសួរ ដែលសម្រេចឡើងតាមរយៈការតាមរយៈគំនិតផ្ដើមពីចៅក្រមស៊ើបសួរ ឬ តាមរយៈដីកាសន្និដ្ឋានរបស់ព្រះរាជអាជ្ញា ដោយយោងតាមការពិចារណាទៅលើស្ថានភាពនៃជនត្រូវចោទ ឬលក្ខណៈនៃបទល្មើសនោះ។ ការសម្រេចឃុំខ្លួនបណ្ដោះអាសន្នធ្វើឡើងដើម្បីរក្សាសណ្ដាប់ធ្នាប់ ធានាដំណើរការនីតិវិធីប្រកបដោយរលូន និងត្រឹមត្រូវ និងការពារមានផលប៉ះពាល់មិនល្អ ដែលកើតឡើងពីជនត្រូវចោទដែលនៅក្រៅការឃុំខ្លួន ជាដើម ។
រៀបរៀងដោយ៖ លោក ប៊ុន វិទូ ប្រធានផ្នែកសេវាកម្មច្បាប់ និងលោក ឡេង ពុទ្ធិតារា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕