(ភ្នំពេញ)៖ ប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ងួន សាវ៉ន បានកើតទុក្ខមិនសុខចិត្ត ហើយបានធ្វើសន្និសីទ្ធកាសែតមួយ ដើម្បីលាតត្រដាងពាក់ព័ន្ធករណីលោកឧកញ៉ា ហ៊ុន ប៊ុនធឿន ហៅតាលៀង ក្លែងបន្លំឯកសារស្នាមមេដៃខ្មោចឪពុករបស់គាត់ដើម្បីរត់ការសុំ ស.ជ.ណ រំលោភយកដីពួកគាត់ហើយប្ដឹងពួកគាត់ទៅតុលាការដើម្បីឲ្យចាប់ពួកគាត់ដាក់គុកតាមអំណាចសាលក្រមរបស់តុលាការថែមទៀត។
ការធ្វើសន្និសីទ្ធកាសែតរបស់ក្រុមគ្រួសារដែលអះអាងជាជនរងគ្រោះដោយសារលោកឧកញ៉ាមានប្រាក់រំលោភយកដីនេះ គឺពួកគាត់បានសំណូមពរដល់សម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៏រកយុត្តិធម៌ឲ្យក្រុមគ្រួសាររបស់ពួកគាត់ផង បើរកឃើញថាពួកគាត់ពិតជាមានបំណងរំលោភបំពានយកដីលោកឧកញ៉ា ហ៊ុន ប៊ុនធឿន មែនគឺពួកគាត់សុខចិត្តជាប់គុក ព្រោះលោកឧកញ៉ា ហ៊ុន ប៊ុនធឿន គាត់សំអាងថា ឪពុកពួកគាត់បានលក់ដីខាងលើទៅឲ្យគាត់ ខណៈលិខិតទិញលក់ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៩៨ តែឪពុកគាត់បានស្លាប់តាំងពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨ មកម្ល៉េះគឺស្លាប់មុនលក់ដី១៣ថ្ងៃ អញ្ចឹងមានតែលោកឧកញ៉ា ហ៊ុន ប៊ុនធឿន ទិញដីពីសាកសពឪពុករបស់គាត់។
ដូច្នេះគាត់សន្និដ្ឋានថា ស្នាមមេដៃឪពុករបស់គាត់នៅលើលិខិតលក់ដីឲ្យលោកឧកញ៉ា ហ៊ុន ប៊ុនធឿន គឺជាស្នាមមេដៃក្លែងក្លាយ ហើយគាត់ស្នើសុំឲ្យមានការធ្វើកោសល្យវិច្ច័យស្នាមមេដៃឪពុករបស់គាត់លើលិខិតទិញលក់នោះ ដោយតម្លាភាព តែគេមិនព្រមធ្វើឲ្យឡើយ ហាក់ដូចជាមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីរំលោភយកដីរបស់ក្រុមគ្រួសារគាត់។
ពាក់ព័ន្ធការអះអាងរបស់ប្រជាពលរដ្ឋខាងលើ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ អង្គភាពព័ត៌មានFresh News មិនអាចទាក់ទងភាគីលោកឧកញ៉ា ហ៊ុន ប៊ុនធឿន ហៅតាលៀង ដើម្បីសុំការបកស្រាយបានឡើយ, ហើយ Fresh News រង់ចាំការបកស្រាយជូនប្រសិនភាគីម្ខាងទៀតយល់ថាមិនពិត។
ខាងក្រោមនេះជាសកម្មភាពភាគីប្រជាពលរដ្ឋដែលអះអាងជាជនរងគ្រោះពេលធ្វើសន្និសីទ្ធកាសែត៖