(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធទិវាអន្ដរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៤។ ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅ បរិវេណមជ្ឈមណ្ឌលកោះពេជ្រ ដោយមានការចូលរួមពីតំណាង ភាគីក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
គួរជម្រាបថា កម្មវិធីនៅព្រឹកនេះ ក៏មានយុទ្ធនាការដ៏ពិសេស ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងឆ្ពោះទៅរកការកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា ដែលមានឈ្មោះថា «ដើរដោយសុវត្ថិភាព»។ យុទ្ធនាការ «ដើរដោយសុវត្ថិភាព» បានចាប់ផ្ដើម ធ្វើឡើងដោយមានការចូលរួមពីមហាជន មកពីគ្រប់មជ្ឈដ្ឋានជួបជុំគ្នា នៅបរិវេណសួនច្បារមុខវត្តបុទមវតី។
យុទ្ធនាការ «ដើរដោយសុវត្ថិភាព» រៀបចំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សហការជាមួយក្រុមហ៊ុន អឹម អេស អេ MSA (Marketing Solutions Asia) ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្កើនស្មារតីចូលរួមឲ្យបានផុសផុល ពីគ្រប់ភាគីពាក់ព័ន្ធ និងពីសាធារណជន ពិសេសយុវជន សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងធ្វើឲ្យប្រសើរឡើងនាពេលខាងមុខ។
របាយការណ៍របស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៩កន្លងទៅនេះ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅតែមានសភាពធ្ងន់ធ្ងរ និងមាននិន្នាការកើនឡើងគួរឲ្យព្រួយបារម្ភ ក្នុងនោះ៖ នៅរាជធានីភ្នំពេញ បានកើតមានគ្រោះថ្នាក់សរុបចំនួន១,១២១លើក/៤៧១លើក បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ គឺកើនឡើងចំនួន ៦៥០ លើក ស្មើនឹង១៣៨% បណ្តាលឲ្យមនុស្សស្លាប់ចំនួន២៥២នាក់ កើនឡើង៥៦នាក់, រងរបួសធ្ងន់៨៦៦នាក់ កើនឡើង៣៩២នាក់, រងរបួសស្រាល៤១១នាក់ កើនឡើង២៨៥នាក់, ខូចខាតរថយន្ត ម៉ូតូប្រមាណ២ពាន់គ្រឿង និងបណ្តាលឲ្យខូចខាត ទ្រព្យសម្បត្តិជាច្រើនថែមទៀតផង៕