(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទាមទារឱ្យលោក ផែង វណ្ណៈ អ្នកលេងបណ្តាញសង្គម Facebook ពន្យល់អំពី Comment របស់លោកលើរូប «ចចកថើបគ្នា» ក្នុងខ្លឹមសារដែលសម្តេចបង្ហោះអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News រួមជាមួយខ្លឹមសារបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «សូមលោក ផែង វណ្ណៈ ពន្យល់ខ្ញុំបានទេតើរូបដែលបញ្ជូនមកនេះមានន័យយ៉ាងណាដែរ ? សប្បាយរីករាយដោយឃើញម្តាយខ្ញុំឈឺធ្ងន់ឬស្លាប់ឬចូលរួមកើតទុក្ខ?» សម្តេចតេជោ បានបន្ថែមថា «តើរូបភាពចចកខាំគ្នានេះមានន័យយ៉ាងណា ?»

សូមជំរាបថា​ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន​​ សែន បានបង្ហោះតាមរយៈហ្វេកប៊ុកផ្លូវការរបស់សម្តេច ដោយជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរឲ្យដឹងអំពីស្ថានភាពជំងឺម្តាយក្មេករបស់សម្តេច ដែលកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ប៉ុន្តែត្រូវបានលោក ផែង​ វណ្ណៈបង្ហោះរូបភាពចចកថើបគ្នានៅក្នុងខ្លឹមសារនេះ។ ប៉ុន្តែលោក ផែង វណ្ណៈ បានបកស្រាយថាការខមមិនក្នុងន័យគោរពស្រឡាញ់តែប៉ុណ្ណោះ៕