(ភ្នំពេញ)៖ តាមរយៈពិព័រណ៍រយៈពេល ២ថ្ងៃនៅរាជធានីភ្នំពេញ ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ប្រទេសដែនកោះរួមផ្ទៃអាស៊ានមួយនេះ កាន់តែគាំទ្រឱ្យវិស័យឯកជន ធុរជន ក្រុមហ៊ុន និងផ្នែកពាក់ព័ន្ធនៃប្រទេសទាំងពីរ បង្កើនចំណងទំនាក់ទំនងកាន់តែជិតស្និទ្ធជាងមុនលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យអប់រំ។
ពិព័រណ៍ទេសចរណ៍ ពាណិជ្ជកម្ម និងវិស័យអប់រំហ្វីលីពីនលើកដំបូងនេះ ចាប់ធ្វើឡើងនៅសណ្ឋាគារហ៊ីម៉ាវ៉ារី ក្រោមកិច្ចសហការជាមួយនាយកដ្ឋានទេសចរណ៍ហ្វីលីពីន ដើម្បីលើកកម្ពស់ហ្វីលីពីនជាគោលដៅទេសចរណ៍ និងអប់រំ ដោយមានការចូលរួមពីទីភ្នាក់ងារទេសចរណ៍ ធុរជន ក្រុមហ៊ុន និងផ្នែកឯកជនពាក់ព័ន្ធជាច្រើនកុះករ។
នៅមុនពិព័រណ៍នាល្ងាចថ្ងៃទី២២ ខែវិច្ឆិកា មានការផ្គូផ្គងអាជីវកម្ម និងការទទួលបណ្តាញដៃគូអាជីវកម្ម ដើម្បីបង្កើនកិច្ចសហការរវាងប្រតិបត្តិករទេសចរណ៍ហ្វីលីពីន និងកម្ពុជា ក៏ដូចជាសាលារៀនភាសាអង់គ្លេស និងភាសាហ្វីលីពីននៅប្រទេសហ្វីលីពីន និងទីភ្នាក់ងារប្រឹក្សាយោបល់ផ្នែកអប់រំនៅកម្ពុជា។
ក្នុងនោះផ្ទាំងរូបភាពជាច្រើនដែលបង្ហាញពីតំបន់ទេសចរណ៍ល្បីៗនៅហ្វីលីពីន ក៏បានរួមចំណែកទាក់ទាញភ្ញៀវទេសចរជាច្រើនដែរ។ មនុស្សម្នាក់បានកត់សម្គាល់ថា ពួកគេចង់ទៅលេង ប្រទេសហ្វីលីពីនឥឡូវនេះ ដោយសារមានគោលដៅ និងសកម្មភាពគួរឱ្យចាប់អារម្មណ៍ និងស្រស់ស្អាតជាច្រើន។ អ្នកខ្លះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការបង្ហាញរូបភាពកំណើត គ្រីស្ទម៉ាស់នៅជ្រុងម្ខាងនៃសាលពិព័រណ៍។
ក្នុងថ្ងៃទី២៣ ខែវិច្ឆិកានេះ មានការធ្វើបទបង្ហាញទាក់ទងនឹងតំបន់ទេសចរណ៍ល្បីៗ សាកលវិទ្យាល័យល្បីៗ និងបទពិសោធន៍នៃការសិក្សានៅហ្វីលីពីន ការបង្ហាញពីម្ហូបអាហារ ផលិតផល វប្បធម៌ តាមរយៈការសម្ដែងរបាំប្រជាប្រិយហ្វីលីពីន ការបកស្រាយបទចម្រៀង kundiman ឬបទចម្រៀងស្នេហាបុណ្យណូអែល និងក្បាច់គុនរបស់ហ្វីលីពីន ភ្លក្សអាហារដោយឥតគិតថ្លៃ។
ក្រៅពីនេះក៏មានការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីហ្វីលីពីន ព្រមទាំងវត្តមានរបស់តារាម៉ូដែល អ្នកនាង នេត រក្សា និងអ្នកនាង ដារ៉េត សារ៉ា ដែលបានបង្ហាញពីរបៀបពាក់ក្រមា ច្នៃដោយរចនាករជនជាតិហ្វីលីពីនល្បីឈ្មោះលំដាប់ពិភពលោក។
រង្វាន់ Raffle ក៏ត្រូវបានប្រគល់ជូនដល់បុគ្គល ដែលបានមកទស្សនាពិព័រណ៍នេះផងដែរ។ ម្នាក់ៗបានឈ្នះសំបុត្រទៅកាន់ប្រទេសហ្វីលីពីន ដោយមានការអនុញ្ញាតពីក្រុមហ៊ុនអាកាសចរណ៍ថៃ និងក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន។
តំណាងស្ថានទូតហ្វីលីពីន លោកស្រី Myca Magnolia Fischer បានបង្ហាញពីការកើនឡើងនូវចំនួនភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ក្រោយការបើក ឱ្យមានជើងហោះហើរត្រង់ ភ្នំពេញ-ម៉ានីល និងកោះសេប៊ូ។
លោកស្រី Myca បានកត់សម្គាល់ថា ប្រទេសហ្វីលីពីនកំពុងក្លាយជាប្រទេសដ៏ទាក់ទាញសម្រាប់ប្រជាជនកម្ពុជា ហើយមិនត្រឹមតែសម្រាប់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ការសិក្សាផងដែរ៕