(ឥណ្ឌូនេស៊ី)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធាន DMDI បានអញ្ជើញចូលរួមសិក្ខាសាលា នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៉ី នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ពិធីនេះរៀបចំឡើងនៅសណ្ឋាគារស៊ុលតង់ សេណាយ៉ាន់ (Sultan Hotel Senayan) ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានសមាជិកចូលរួមមកពី២៣ប្រទេស ក្រោមប្រធានបទ លើកកម្ពស់វិនិយោគសេដ្ឋកិច្ច តាមប្រព័ន្ធអនឡាញ។ សិក្ខាសាលានេះធ្វើឡើងមុន នឹងសន្និសីទពិភពម៉ាឡាយូពិភពឥស្លាម DMDI ដែលនឹងប្រព្រឹត្តទៅនៅល្ងាចថ្ងៃដដែលនេះផងដែរ។
ក្នុងឱកាសថ្លែងសន្ទរកថា ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានលើកឡើងថា បងប្អូនខ្មែរឥស្លាម មានដើមកំនើតមកពីចំប៉ា ក្រោយមកមានការបែកបាក់ ទៅរស់នៅដល់តំបន់អាចេស ប្រទេសឥណ្ឌូនេស៉ី ថៃ ម៉ាឡេស៊ី ព្រុយណេជាដើម។ ចំពោះបងប្អូនខ្មែរឥស្លាមនៅកម្ពុជា បានរួមរស់នៅជាមួយប្រជាជនកម្ពុជា ជាង២០០ឆ្នាំ ហើយក្រោយពីទទួលបានឯករាជ្យ ពីបារាំង ព្រះបរមរតនៈកោដ សម្ដេចព្រះបាទ នរោត្តម សីហនុ បានបញ្ជូលបងប្អូនឥស្លាមទាំងអស់ ឲ្យទទួលបានសញ្ជាតិកម្ពុជាពេញលេញ រហូតដល់សព្វថ្ងៃប្រទេសកម្ពុជា មានប្រជាពលរដ្ឋកាន់សាសនាព្រះពុទ្ធ៩៣ភាគរយ។
ក្រោយពីទទួលបានឯករាជ្យពីបារាំងហើយ ជាអកុសលរបបសេនាប្រមុខ លន់ នុល ចូលមកដល់ធ្វើឲ្យកម្ពុជា បែកបាក់រងការខ្ទេចខ្ទាំ គ្រាប់បែកបានទម្លាក់ ជាង៣លានតោន មកលើទឹកដីកម្ពុជា មិនយូប៉ុន្មានរបប ប៉ុល ពត បានកាប់សម្លាប់ប្រជជនកម្ពុជា ប្រមាណជាង៣លាននាក់ ក្នុងនោះក៏មានបងប្អូនខ្មែរឥស្លាម ប្រមាណ៣០ម៉ឺននាក់ផងដែរ។ លុះក្រោយឆ្នាំ១៩៧៩ កងកម្លាំងរដ្ឋាភិបាល បានដណ្ដើមជ័យជំនះ និងគ្រប់គ្រងប្រទេសរហូតដល់បច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសដ៏ខ្ចេចខ្ទាំនេះពីបាតដៃទទេ រហូតមានការអភិវឌ្ឍ និងរីកចម្រើនដល់បច្ចុប្បន្ន។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្ដទៀតថា សេដ្ឋកិច្ចកម្ពុជា មានកំណើនជាង៧ភាគរយ ក្នុងរយៈពេលជាង២០ឆ្នាំចុងក្រោយនេះ កម្ពុជាបច្ចុប្បន្នកំពុងបើកចំហរ និងសម្រួលដល់វិនិយោគិន ឲ្យចូលបើកក្រុមហ៊ុនរកស៊ីនៅកម្ពុជា។ លើសពីនេះ រដ្ឋាភិបាលកម្ពុជាបានបើកផ្លូវឲ្យមានឧស្សាហកម្ម Halal ដែលជាឱកាសថ្មីមួយទៀត សម្រាប់ធុរជនពីគ្រប់មជ្ឈដ្ឋាន ដែលមានបំណងចង់ទៅវិនិយោគនៅប្រទេសកម្ពុជាផងដែរ។
ប្រទេសកម្ពុជា ជាប្រទេសដែលកាន់សាសនាព្រះពុទ្ធ តែមិនមានបញ្ហាសម្រាប់បងប្អូនខ្មែរឥស្លាម ក្នុងការប្រតិបត្តិតាមសាសនារបស់ខ្លួនឡើយ ផ្ទុយទៅវិញសហគមន៍ឥស្លាមនៅកម្ពុជា ទទួលបានសុខមាលភាព ស្ថេភាព និងការរីកចម្រើន ដោយការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។ ជាទីបញ្ចប់ លោកទេសរដ្ឋមន្ដ្រី បានស្នើសុំប្រធាន DMDI ចូលរួមឧបត្ថម្ភគាំទ្រ ជាបច្ចេកទេសដល់ឧស្សាហកម្មហាឡាលនៅកម្ពុជាផងដែរ៕