(សៀមរាប-កំពង់ធំ)៖ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាព និងវាយតម្លៃការអនុវត្ត «គម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ» ក្នុងខេត្តគោលដៅចំនួន២ គឺខេត្តសៀមរាប និងខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពីតំណាងជាន់ខ្ពស់ នៃក្រសួង-ស្ថាប័នជាភ្នាក់ងារអនុវត្តគម្រោងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, អគ្គិសនីកម្ពុជា, និងតំណាងមន្ទីរពាក់ព័ន្ធនៃខេត្តគោលដៅផងដែរ។
«គម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ» ជាគម្រោងវិនិយោគ ផ្ទាល់ដោយថវិការាជរដ្ឋាភិបាល មានទឹកប្រាក់សរុបប្រមាណ ២១៥,៤ ប៊ីលានរៀល ដែលមានរយៈពេលអនុវត្ត ៣ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់២០១៩។
គម្រោងនេះ មានវិសាលភាពគ្របដណ្ដប់លើឃុំ ចំនួន ២២៩ នៃស្រុក ចំនួន៥៨ ក្នុងខេត្តគោលដៅ ចំនួន ១២រួមមាន៖ ខេត្តកំពង់ឆ្នាំង, កំពង់ធំ, កំពង់ស្ពឺ, តាកែវ, បាត់ដំបង, ពោធិសាត់, ព្រៃវែង, សៀមរាប, ស្វាយរៀង ឧត្តរមានជ័យ, កណ្តាល និងបន្ទាយមានជ័យ។ គម្រោងនេះ មានគោលដៅចូលរួមកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ ប្រជាជនជនបទ និងប្រជាកសិករក្រីក្រ ដែលត្រូវសម្រេច ឡើងតាមរយៈ៖ (១) ការបង្កើតឱកាសការងាររយៈពេលខ្លីតាមកម្មវិធីសាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយជីវភាព បន្ទាន់ក្នុងរយៈពេលខ្លីផង និងបង្កើតជាទុនសម្រាប់ការវិនិយោគបន្តលើរបរកសិកម្ម និងមុខរបរសមស្របដ៏ទៃទៀតផងដែរ និង (២) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ រួមមាន៖ ផ្លូវលំ, ប្រឡាយជើងក្អែបសម្រាប់បង្ហូរទឹកចូលក្នុងស្រែ, និងការតភ្ជាប់បណ្តាញអគ្គិសនីតម្លៃទាបឱ្យដល់ស្ថានីយ៍បូមទឹកកសិកម្ម។
ផ្អែកតាមរបាយការណ៏បូកសរុបរួម មកដល់ពេលនេះ គម្រោងទាំងមូលសម្រេចការកសាងផ្លូវលំជនបទបានប្រវែងប្រមាណ ៧០២ គ.ម និងការស្តារ និងកសាងប្រឡាយជើងក្អែប សម្រាប់បង្ហូរទឹកឱ្យចូលដល់ស្រែកសិករ តាមកម្មវិធីសាច់ប្រាក់ពលកម្មបានប្រវែងសរុប ៧៨៦ គ.ម នៃប្រវែងសរុបប្រមាណ ១ ១៤០គ.ម។
ទន្ទឹមនេះ អ្នកទទួលផលសរុបពីគម្រោងមានសរុបចំនួនប្រមាណ ១ លាននាក់ ក្នុងនោះប្រជាពលករដែលបានចូលរួមអនុវត្តកម្មវិធីសាច់ប្រាក់ពលកម្មមានចំនួនប្រមាណ ៣០០ ០០០ នាក់ ដោយម្នាក់ៗ បានទទួលសាច់ប្រាក់ពលកម្មចន្លោះ ៣០០ ០០០ ដល់ ជាង ១ ០០០ ០០០ រៀល។ ក្នុងឱកាសនៃការចុះពិនិត្យដល់ទីតាំងគម្រោងនេះ រដ្ឋលេខាធិការប្រចាំការ បានសំណេះសំណាលជាមួយប្រជាកសិករ ប្រជាពលករ និងប្រជាជន ដែលជាអ្នកទទួលផលពីគម្រោង និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័ន ដែលជាភ្នាក់ងារអនុវត្តគម្រោង និងចូលរួមយ៉ាងសកម្មរបស់ប្រជាជនជាអ្នកទទួលផលទាំងអស់ ដែលបានរួមចំណែកឱ្យការអនុវត្តគម្រោងនេះសម្រេចបានសមិទ្ធផលជោគជ័យតាមផែនការ។
រដ្ឋលេខាធិការប្រចាំការបានបន្ថែមទៀតថា គម្រោងកម្មវិធីសាច់ប្រាក់ពលកម្មនេះ គឺជាអន្តរាគមន៍ដោយត្រង់ និងបន្ទាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើតការងារនៅទីជនបទ, កាត់បន្ថយចំណាកស្រុក, បង្កើន ផលិតភាពកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាជននៅជនបទ។ កន្លងមក គម្រោងកម្មវិធីសាច់ប្រាក់ពលកម្ម បានជួយស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទសំខាន់ៗ ដូចជាផ្លូវលំសម្រាប់បង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិកផល និងប្រឡាយជើងក្អែបសម្រាប់បង្ហូរទឹកចូលទៅដល់ស្រែរបស់ប្រជាពលរដ្ឋ។ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងនេះ បានក្លាយជាទ្រព្យសម្បត្តិ និងបម្រើផលប្រយោជន៍របស់សហគមន៍ ប៉ុន្តែដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ ប្រកប ដោយនិរន្តរភាព សហគមន៍ត្រូវមានកាតព្វកិច្ចថែរក្សាទ្រព្យសម្បត្តិនេះដោយខ្លួនឯង ដោយរដ្ឋគ្រាន់តែផ្តល់ទុនវិនិយោគដំបូងប៉ុណ្ណោះ។ លោកក៏បានជម្រាបបន្ថែមទៀតថា រាជរដ្ឋាភិបាលកំពុងគិតគូរពិចារណាលើការបន្ថែមទុនវិនិយោគលើកម្មវិធីនេះ ដោយពង្រីកវិសាលភាព និងបន្ថែមមុខសញ្ញាថ្មីទៀតរបស់កម្មវិធីនេះ ព្រមទាំងយន្តការអនុវត្តកម្មវិធីនេះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាងមុន។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានពាំនាំសេចក្តីនឹងរលឹក និងបណ្តាំផ្ញើរសាកសួសុខទុក្ខរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ តែងយកចិត្តទុកដាក់ចំពោះជីវភាពប្រជាពលរដ្ឋ។ ជាទីបញ្ចប់ ឯកឧត្តមក៏បានសំណូមពរប្រជាពលរដ្ឋ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធជួយថែរក្សាសមិទ្ធផលដែលទទួលបាន ក្រោមគម្រោងនេះ ប្រកបដោយភាពជាម្ចាស់ ព្រោះជាសមិទ្ធផលដែលកើតចេញពីកម្លាំង ពលកម្មផ្ទាល់របស់បងប្អូនប្រជាពលរដ្ឋ និងក៏ដើម្បីធានាចិរភាព និងការប្រើប្រាស់យូរអង្វែងផងដែរ៕