(ភ្នំពេញ)៖ តំណាងពលរដ្ឋចំនួន ១៦៣គ្រួសារ ដឹកនាំដោយអ្នកស្រី ជា សារ៉ុម នៅភូមិរោងចក្រ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានអះអាងថា ជាម្ចាស់ដីពិតប្រាកដជិត ១ហិកតា និងថាបានរស់នៅតាំងពីឆ្នាំ១៩៨៨មកនោះ រហូតឈ្នះក្ដីតាំងពីសាលាដំបូង ដល់តុលាការកំពូល បានចេញមុខបកស្រាយការពិត និងច្រានចោលពលរដ្ឋ ១៦១គ្រួសារក្លែងក្លាយ ដែលបង្កើតដោយភាគីក្រុមហ៊ុនឯកជនមួយ។
កាន់ឯកសារពេញដៃមកផ្ទាល់ដល់ការិយាល័យអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកស្រី ជា សារ៉ុម បានអះអាងថា អ្នកស្រីជាតំណាងដោយពេញច្បាប់ លើប្រជាពលរដ្ឋទាំង ១៦៣គ្រួសារ ហើយដីទាំងអស់នេះ មិនទាន់បានលក់ទៅឲ្យភាគីខាងក្រុមឯកជនណានោះទេ។ ចំពោះព័ត៌មានដែលចោទថា ពលរដ្ឋ ១៦១គ្រួសារ បានលក់នោះជារឿងមិនពិត។
អ្នកស្រី ជា សារ៉ុម បានឲ្យដឹងទៀតថា ចំពោះប្រជាពលរដ្ឋ ១៦១គ្រួសារ ដែលចេញមុខអះអាងថា បានលក់ដីឲ្យក្រុមហ៊ុននោះ ជាចំនួនខ្យល់តែប៉ុណ្ណោះ ដែលភាគីផ្សេងបង្កើតឡើងដើម្បី លួចយកដីរបស់ក្រុមអ្នកស្រី ដែលរស់នៅតាំងពីឆ្នាំ១៩៨៨ រហូតមានរឿងក្ដីក្ដាំឡើងដល់តុលាការ និងឈ្នះក្ដីតាំងពីសាលាដំបូង រហូតដល់តុលាការកំពូល នៅឆ្នាំ២០១១។
តំណាងប្រជាពលរដ្ឋទាំង ១៦៣គ្រួសារ បានអះអាងទៀតថា ដីរបស់ពួកគាត់នេះ មានជម្លោះតាំងពីឆ្នាំ២០០៥ ពោលមកដល់ពេលនេះ មានរយៈពេលជិត ១៥ឆ្នាំហើយ។ អ្នកស្រី បានប្រាប់ពីសវតារឿងថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០៥ ដីរបស់គាត់ចាប់ផ្ដើមមានជម្លោះ ដោយមានក្រុមហ៊ុនមួយ មកធ្វើការឈូសឆាយបំពានលើអ្វីដែល ស.ជ.ណ កំណត់ ក្រោយមកពួកគាត់បានដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ។
រហូតដល់អំឡុងខែឧសភា ឆ្នាំ២០០៨ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្ដីឲ្យពួកគាត់ឈ្នះ ប៉ុន្ដែខាងក្រុមហ៊ុនមិនសុខចិត្ត បានប្ដឹងឧទ្ធរណ៍ ទើបអំឡុងខែធ្នូ ឆ្នាំ២០០៨ សាលាឧទ្ធរណ៍ កាត់ក្ដីឲ្យគាត់ឈ្នះទៀត ហើយពេលនោះភាគីក្រុមហ៊ុន មិនសុខចិត្តបានប្ដឹងសាទុកទៅតុលាការកំពូល ប៉ុន្ដែមិនទទួលជោគជ័យឡើយ ដោយអំឡុងខែមីនា ឆ្នាំ២០១១ តុលាការកំពូលបានកាត់ក្ដីឲ្យគាត់ ជាពលរដ្ឋ ១៦៣គ្រួសារបន្ដឈ្នះក្ដី។
លុះដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១២ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តសាលដីការបស់តុលាការកំពូល ដឹកនាំដោយលោកព្រះរាជអាជ្ញារង តុប ឈុនឡុង ដោយប្រគល់ដីជូនពួកគាត់ ដែលជាពលរដ្ឋ ១៦៣គ្រួសារ កាន់កាប់ដោយស្របច្បាប់ ដែលមានទំហំ៩៩៩២ម៉ែត្រការ៉េ។
សរុបមកវិញ ប្រជាពលរដ្ឋទាំង ១៦៣គ្រួសារ នៅតែចាត់ទុកអ្នកស្រី ជា សារ៉ុម ជាតំណាងរបស់ពួកគាត់ដដែល ហើយពួកគាត់អះអាងថា ពួកគាត់នៅកាន់កាប់ដីនេះរាល់ថ្ងៃ តាមអំណាចសាលដីការបស់តុលាការកំពូល និងមិនទាន់មានលក់ឲ្យភាគីណាទាំងអស់ ហើយប្រសិនបើអ្នកណាចេញមកអះអាងថា បានលក់ឲ្យក្រុមហ៊ុននោះ ពួកគាត់សូមច្រានចោលទាំងស្រុង។
យ៉ាងណាក៏ដោយ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចបញ្ជាក់ពីខាងអាជ្ញាធរ និងខាងក្រុមហ៊ុនដែលមានជម្លោះដីជាមួយពួកគាត់នោះឡើយ៕