(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំប្រតិភូត្រឡប់ពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសង្គមកិច្ចអាស៊ាន នៅប្រទេសឡាវ ក្រោយកិច្ចប្រជុំបានបិទបញ្ចប់ដោយជោគជ័យ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក ម៉ែន សុចិត្រ រដ្ឋលេខាធិការ និងជាប្រធានខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន លើកទី១០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន+៣ លើកទី ៦ ស្តីពីសុខុមាលភាពសង្គម និងការអភិវឌ្ឍ បានបញ្ចប់ទៅដោយជោគជ័យ។
លោកបន្ថែមថា ការបញ្ចប់ដោយជោគជ័យ ព្រោះរដ្ឋមន្ត្រីអាស៊ាន បានព្រមព្រៀងគ្នាប្តេជ្ញាសម្រេចឲ្យបាននូវគោលដៅសំខាន់ៗ ដែលជាក្តីប្រាថ្នាចង់បាន និងជាប្រយោជន៍ដល់វិស័យសង្គមកិច្ច នៃប្រទេសជាសមាជិកទាំងអស់។
លោក ម៉ែន សុចិត្រ បានបញ្ជាក់អំពីលទ្ធផលសំខាន់ ដែលអង្គប្រជុំសម្រេចបាន គឺ៖
*ទី១៖ ប្តេជ្ញាសម្រេចឲ្យបានចក្ខុវិស័យឆ្នាំ២០២៥ នៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងSDG ឆ្នាំ២០៣០
*ទី២៖ លើកទឹកចិត្តឲ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញវិស័យសុខុមាលភាពសង្គមឲ្យកាន់តែប្រសើរ
*ទី៣៖ បញ្ជ្រាបការងារពិការភាពឲ្យបានទូលំទូលាយ
*ទី៤៖ លើកកម្ពស់សិទ្ធិស្ត្រី និងកុមារ។
ចំណែកកិច្ចប្រជុំអាស៊ាន+៣ គឺអាស៊ាន+ចិន ជប៉ុន និងកូរ៉េ ខាងត្បូងវិញ ក៏បានព្រមព្រៀងគ្នាថានឹងពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ ឲ្យបានកាន់តែប្រសើរថែមទៀត។ សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី១០ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន+៣ លើកទី៦ ស្តីពីសុខុមាលភាពសង្គម និងការអភិវឌ្ឍ បានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទ ប្រទេសឡាវ កាលពីថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនោះ លោក វង សូត រដ្ឋមន្ត្រីសង្គមកិច្ចកម្ពុជា បានលើកយកចំណុចសំខាន់ៗ មួយចំនួនដែលកម្ពុជាសម្រេចបាន ដើម្បីផ្លាស់ប្តូរយោបទពិសោធន៍ ជាមួយសមាជិកដទៃ នៃអង្គប្រជុំមានជាអាទិ៍៖ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ដែលជាផែនទីបង្ហាញផ្លូវរយៈកាលវែង ផ្តោតលើសរសរស្តម្ភ ចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម, កម្មវិធីផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ក្នុងគ្រួសារក្រីក្រ, ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ, ច្បាប់ស្តីពីយុត្តិធម៌អនីតិជន និងគោលនយោបាយសម្រាប់មនុស្សវ័យចាស់ជាដើម។
លោក ម៉ែន សុចិត្រ បានបន្ថែមថា លោក វង សូត បានជួបពិភាក្សាការងារជាមួយភាគីថៃ ហើយបានព្រមព្រៀងគ្នាថា នឹងពន្លឿនការសាងសង់មណ្ឌលសំចត ប៉ោយប៉ែត ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅខែធ្នូខាងមុខនេះ ដោយនឹងចំណាយថវិកាប្រមាណ២លានដុល្លារអាមេរិក។
មន្ត្រីជាន់ខ្ពស់សង្គមកិច្ចរូបនេះ បានបន្ថែមថា អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺលោករដ្ឋមន្ត្រី វង សូត បានជួបពិភាក្សា និងបានស្នើលោក Shan Chengfu អនុរដ្ឋមន្ត្រីកិច្ចការស៊ីវិលចិន ដើម្បីពង្រឹង និងពង្រីកវិស័យពិការភាពឲ្យកាន់តែប្រសើរ ជាពិសេសបានស្នើសុំឲ្យរដ្ឋាភិបាលចិនជួយលើគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលជាតិជនពិការ ស្របតាមស្ថានភាពវិវឌ្ឍន៍របស់កម្ពុជា។ ជាលទ្ធផលភាគីចិន ទទួលយកសំណូមពររបស់លោក វង សូត ទៅពិចារណា ហើយថានឹងអញ្ជើញលោករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសចិននាពេលខាងមុខ។ នេះគឺជាអ្វីដែលលោក ម៉ែន សុចិត្រ ចាត់ទុកថា ជាជោគជ័យដ៏ត្រចះត្រចង់ផ្សេងទៀតនៃដំណើរបំពេញការងារ នៅប្រទេសឡាវ រយៈពេល២ថ្ងៃនោះ៕