(ស្វាយរៀង)៖ ព្រោះតែភ្លើងប្រចណ្ឌជ្រុល បានបង្ខំឲ្យបុរសម្នាក់ជាកម្មកររោងចក្រកាត់ដេរ ដាច់ចិត្តប្រហារជីវិតនារីជាសង្សាររបស់ខ្លួន ដោយគ្មានស្តាយស្រណោះ ក្នុងគ្រាផ្អែមល្ហែមរាប់ឆ្នាំជាមួយគ្នា រួចខ្លួនឯងបានទៅលោតទឹកសម្លាប់ខ្លួនតាមក្រោយបញ្ចប់ជីវិតទៀតផង។
អំពើឃាតកម្ម និងអត្តឃាតសម្រាប់គូសង្សារមួយនេះ បានបណ្តាលឲ្យកក្រើកលើបណ្តាញសង្គម Facebook និងនៅក្នុងខេត្តស្វាយរៀងតែម្តង ជាទឹកដីកើតហេតុ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ នៅចំណុចរោចក្រធីវ៉ាយផលិត អំពូលភ្លើងអំអរ ស្ថិតនៅក្នុងភូមិដើមពោធិ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីឃាតកម្មសម្លាប់នារីបម្រើការងារនៅរោងចក្រ ដោយជនដៃដល់បានយកកូនកាំបិតចិតបន្លែ ទៅធ្វើសកម្មភាពអារ-ក និងចាក់ទៅលើនារី បណ្ដាលឲ្យរងរបួសចំនួន ១៤កន្លែង រហូតដល់ស្លាប់នៅកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ជាឃាតកសម្លាប់នារីរងគ្រោះ នោះ គឺជនសង្ស័យជាសង្សារនារីរងគ្រោះតែម្តង។
បើតាមសមត្ថកិច្ច ករណីឃាតកម្មនេះបង្កឡើងដោយជនសង្ស័យឈ្មោះ នាង ក្រឹម អាយុ២៥ឆ្នាំ រស់នៅស្រុករំដួល ត្រូវជាសង្សាររបស់នារីរងគ្រោះឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យសម្លាប់នារីរងគ្រោះជាសង្សារ ព្រោះគ្រួសារខាងស្រីមិនព្រមឲ្យរៀបការ។
យោងតាមប្រភពព័ត៌មានមួយចំនួនដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបានរហូតមកដល់ថ្ងៃនេះ, នារីរងគ្រោះបានស្គាល់ជ នដៃដល់ ជាសង្សារតាំងពីធ្វើការនៅប្រទេសថៃមកម្ល៉េះ។ លុះពេលមកប្រទេសកម្ពុជាវិញ និងមានស្រុកកំណើតនៅស្រុករំដួល ខេត្តស្វាយរៀង ពួកគេទាំង ២នាក់ បានស្រឡាញ់គ្នាជាសង្សារ រហូតធ្វើការជាមួយគ្នានៅក្នុងរោងចក្រទៀតផង។
បើតាមប្រភពព័ត៌មានដដែល, ខណៈដែលលួចស្រឡាញ់គ្នាជាមួយសង្សារនោះ នារីរងគ្រោះក៏មានស្វាមី និងមានកូនតូចម្នាក់ផងដែរ ដល់ពេលប្តីដឹង និងឃើញសារឆ្លើយឆ្លងនោះ ក៏បានមានបញ្ហា រហូតចែកផ្លូវជា២ តែក៏មិនទាន់ដាច់ស្រេចនោះទេ។ ក្រោយមកទៀត ព័ត៌មានខ្លះ បានបញ្ជាក់ថា នារីរងគ្រោះទំនងមានទំនាក់ទំនងជាមួយបុរសម្នាក់ទៀតនៅក្នុងរោងចក្រនោះ ក៏ស្រាប់តែជនដៃដល់ ដែលស្រឡាញ់គ្នា៣-៤ឆ្នាំ អន់ចិត្ត និងកើតចិត្តប្រចណ្ឌតែម្តងរហូតមានជម្លោះជាមួយគ្នាជាញឹកញាប់ទៀតផង។
លុះដល់ថ្ងៃកើតហេតុ ពោលនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ភ្លើងប្រចណ្ឌបានពុះកញ្ជ្រោលកាន់តែខ្លាំង ធ្វើឲ្យជនដៃដល់គិតមិនបានវែងឆ្ងាយរហូតដាច់ចិត្តសម្លាប់នារីរងគ្រោះតែម្តង។
ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងនគរបាលខេត្ត ទទួលការងារព្រហ្មទណ្ឌ, នាយការិយាល័យព្រហ្មទណ្ឌធ្ងន់-ស្រាល, ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងអធិការ-អធិការរងស្រុកស្វាយទាប ជាមួយក្រុមគ្រូពេទ្យ បានចុះហ៊ុំព័ទ្ធ និងពិនិត្យសាកសពដើម្បីកំណត់មុខសញ្ញាដៃដល់។
ប៉ុន្តែជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់តែម្ដង។ សាកសពក្រោយពីពិនិត្យចប់សព្វគ្រប់ ដោយមានការយល់ព្រម ពីលោកឧត្តមសេនីយ៍ត្រីស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក៏បានប្រគល់សាកសព ជូនទៅលោក ខឹម ហ៊ុន ត្រូវជាឪពុកបង្កើតរបស់សាកសពដើម្បីធ្វើបុណ្យតាមប្រពៃណី។
ស្រាប់តែនៅនៅវេលាម៉ោង១១៖៣០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឃាតកដែលអារ-កសម្លាប់នារីកម្មការិនីរោងចក្រ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បញ្ជាក់ថា បានទៅលោតទឹកសម្លាប់ខ្លួន។
សពឃាតកនេះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញ នៅចំណុចបឹងមួយកន្លែងខាងកើតរោងចក្រធីវ៉ាយ ស្ថិតក្នុងភូមិដើមពោធ៌ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា បុរសដែលជាឃាតកដែលសម្លាប់ស្ត្រីរងគ្រោះ កាលពីម្សិលមិញនេះ បានលោតទឹកសម្លាប់ខ្លួន ហើយត្រូវបានប្រទះឃើញនៅព្រឹកនេះ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕