(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង វាយតម្លៃខ្ពស់ចំពោះការសាងសង់អគារខ្ពស់ៗកប់ពពក នៅរាជធានីភ្នំពេញ ដោយថាជាការការចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យសំណង់ និងបានលើកសម្រស់សោភណ្ឌភាព និងបង្កើនឱកាសការងារកាន់តែច្រើនឡើង ជូនដល់ប្រជាជនកម្ពុជា។
ការវាយតម្លៃខ្ពស់បែបនេះរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារ ម័រហ្គេន អេនមៃសិន (Morgan En Maison) នៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានបង្ហាញការរីករាយ ដែលអគារ Morgan En Maison ដ៏ទំនើបនេះ ដែលមានកម្ពស់២២០ម៉ែត្រ និងមាន៦៩ជាន់ ដែលនឹងត្រូវចំណាយអស់៦០០លានដុល្លារ លេចវត្តមាន នៅរាជធានីរបស់កម្ពុជា។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គម្រោងអគារនេះ គឺជាការចូលរួមចំណែកដ៏ធំ របស់ក្រុមហ៊ុន MorganFord លើវិស័យសាងសង់នៅកម្ពុជា។ ក្រុមហ៊ុននេះ បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការវិនិយោគនៅកម្ពុជា ហើយបានរួមចំណែកក្នុងការបង្កើនឱកាសការងារ ដល់កម្មករកម្ពុជាផងដែរ។
គួរជម្រាបថា តាមការគ្រោងទុក អគារនេះនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២២ខាងមុខនេះ ហើយនឹងបង្កើតការងារជាច្រើនកន្លែង ជូនដល់ប្រជាពលរដ្ឋកម្ពុជា៕