(កំពង់ធំ)៖ នាយកវិទ្យាល័យ ហ៊ុន សែន ចំណាលើ បានអះអាងថា ចាប់ពីពេលនេះតទៅសាលាលែងខ្វះបន្ទប់ សម្រាប់ឲ្យសិស្សរៀនទៀតហើយ ទោះបីសាលានេះឡើងដល់កម្រិតវិទ្យាល័យក៏ដោយ ព្រោះអគារថ្មី ២ជាន់ ១២បន្ទប់ អំណោយថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចបានជាង ៨០%ហើយ។
នេះបើតាមការបញ្ជាក់ពីលោក ធាន វុទ្ធា នាកយកវិទ្យាល័យហ៊ុនសែនចំណាលើ នៅក្នុងឱកាសលោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មារធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្ទោង អញ្ជើញចុះជួបសំណេះសំណាល និងពិនិត្យអគារថ្មីនេះនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ធាន វុទ្ធា ឲ្យដឹងថា កាលនៅកម្រិតអនុវិទ្យាល័យមិនមានបញ្ហាខ្វះខាតបន្ទប់សិក្សាឡើយ ប៉ុន្ដែពេលឡើងកម្រិតវិទ្យាល័យ គឺត្រូវខ្វះថ្នាក់សម្រាប់ឲ្យសិស្សរៀន ដែលបង្ខំចិត្តចែកការរៀនជា២វេន តែពេលនេះលែងលំបាកដូចពីមុនទៀតហើយ ព្រោះអាគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចបានជាង៨០%ហើយ។
លោកនាយកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះរួមទាំងលោក ជា ចាន់តូ ដែលបានប្រាប់ពីការខ្វះខាតនេះដល់សម្ដេចតេជោ បានទាន់ពេលវេលា។
លោក ជា ចាន់តូ ឲ្យដឹងថា រាល់សមិទ្ធផលដែលមាននៅថ្ងៃនេះមិនមែនកើតឡើង ដោយចៃដន្យនោះទេ តែកើតឡើងដោយការប្រឹងប្រែង និងការខិតខំរបស់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងកសាងសុខសន្ដិភាព រហូតដល់បច្ចុប្បន្ននេះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សាសុខសន្ដិភាពដែលមាននេះឲ្យបានគង់វង្ស។
លោក ជា ចាន់តូ បានអំពាវនាវឲ្យសិស្សានុសិស្សត្រូវខិតខំរៀន ដើម្បីឲ្យក្លាយជាធនធានប្រកបដោយ ចំណេះដឹងសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើន។
ម្រាប់ជាចំណងដៃក្នុងឆ្នាំសិក្សាថ្មីនេះលោក ជា ចាន់តូបាននាំយកសៀវភៅ ប៉ិច ខ្មៅដៃ សារុង និងថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចែកជូនដល់លោកគ្រូ អ្នកគ្រូនិងសិស្សានិសិស្សទាំងសរុប៦៥៩នាក់ផងដែរ៕