(ប៊ូសាន, កូរ៉េខាងត្បូង)៖ ដើម្បីដោះស្រាយការងារទទួលបានប្រាក់ចំណូលទ្រទ្រង់ជីវភាពនោះ រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែដាក់ចេញគោលនយោបាយបង្កើតការងារក្នុងស្រុកប៉ុណ្ណោះទេ តែក៏បានដាក់ចេញគោលនយោបាយពង្រីកការងារជូនប្រជាពលរដ្ឋនៅក្នុងប្រទេសផងដែរ។
កូរ៉េខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសធំៗទាំង៦ (កូរ៉េខាងត្បូង, ជប៉ុន, ម៉ាឡេស៊ី, សិង្ហបុរី, រដ្ឋបាលហុងកុង, អារ៉ាប៊ីសាអូឌិត) ដែលរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងបញ្ជូនពលករទៅធ្វើការ។ ពលករ-ពលការីនីខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូងនាពេលបច្ចុប្បន្នមានចំនួនសរុបប្រមាណ ៥៥,២០០នាក់ ដែលក្នុងនោះមានពលករខុសច្បាប់ចំនួន ៧,០០០ នាក់។
របាយការណ៍របស់ក្រសួងការងារបានអះអាងថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េធ្វើលើវិស័យសំខាន់ៗចំនួន៣ ធ្វើការលើវិស័យចំនួន៣រួមមាន៖ វិស័យកសិកម្ម ឧស្សាហកម្ម និងសំណង់។ ពួកគេអាចទទួលបានប្រាក់ខែពី ១,៥០០ ទៅ ២,០០០ដុល្លារ និងមួយចំនួនទៀត ទទួលបានជាង ៣,០០០ដុល្លារក្នុងមួយខែ។
ពួកគេអាចសន្សំ និងផ្ញើប្រាក់ជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារនៅកម្ពុជាវិញ ជាមធ្យមប្រមាណ ១,០០០ដុល្លារក្នុងមួយខែ។ តាមរយៈប្រាក់ឈ្នួលខ្ពស់ពីការងារនៅក្នុងប្រទេសកូរ៉េនេះ បានធ្វើឱ្យពលករខ្មែរមានលទ្ធភាពជួយដោះស្រាយបញ្ហាផ្សេងៗរបស់គ្រួសារ ហើយក៏បានជួយកសាងជីវភាពគ្រួសារឱ្យបានកាន់តែប្រសើរផងដែរ។
លោក ជុំ សុយី អាយុ ៣២ឆ្នាំ មកពីស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាននិងកំពុងធ្វើការងារនៅរោងចក្រអាលុយមីញូម ក្នុងក្រុងសាសាំង ប្រទេសកូរ៉េខាងត្បូង។ លោកបានធ្វើការនៅកូរ៉េរយៈពេលប្រមាណជា៦ឆ្នាំហើយ។
សុយី បានចាត់ទុកការទទួលបានឱកាសមកធ្វើការនៅប្រទេសកូរ៉េខាងត្បូង គឺជាការទទួលបានអាហារូបករណ៍មកសិក្សាដកស្រង់យកបទពិសោធន៍ និងចំណេះដឹង ដើម្បីអភិវឌ្ឍន៍ជីវិត ហើយគេចាត់ទុកប្រាក់ឈ្នួលបានពីការងារនោះ គឺជាថ្លៃសម្រាប់អាហារូបករណ៍របស់គេ។
លោក សុយី ទទួលបានប្រាក់ឈ្នួលរហូតដល់ទៅប្រមាណជា ៣ពាន់ដុល្លារក្នុងមួយខែ ហើយប្រាក់ឈ្នួលភាគច្រើនត្រូវបានសន្សំ ហើយផ្ញើទៅគ្រួសារនៅឯស្រុក។ សុយី បានរៀបរាប់ជាមួយស្នាមញញឹមថា ប្រាក់ឈ្នួលពីការងារនៅប្រទេសកូរ៉េ បានធ្វើឱ្យជីវភាពរបស់គេបានប្រសើរជាងមុន ហើយរូបគេផ្ទាល់ទទួលបានបទពិសោធន៍ និងចំណេះដឹងពីការងារច្រើនផងដែរ។
«និយាយឱ្យចំជីវភាពគ្រួសារឥឡូវធូរធារជាងមុន ហើយរូបខ្ញុំបាទផ្ទាល់ក៏ទទួលបានបទពិសោធន៍ និងចំណេះដឹងនៅស្រុកនេះច្រើនដែរទាំងការដើរហើរ ការហូបចុក និងទំនាក់ទំនងជាមួយជនជាតិកូរ៉េ»។ នេះជាការបញ្ជាក់របស់លោក សុយី។
យុវជនខ្មែរម្នាក់ទៀត គឺលោក ប៊ិន សាម៉េត អាយុ ៣០ឆ្នាំ មកពីស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បានមកធ្វើការនៅប្រទេសកូរ៉េជាង៧ឆ្នាំហើយ។ បច្ចុប្បន្នធ្វើការនៅរោងចក្រផលិតរថយន្តហ៉ីយ៉ាន់ដាយ។
ដោយឃើញជីវភាពគ្រួសារលំបាក ហើយមិនចង់ឱ្យគ្រួសារលំបាកផ្គត់ផ្គង់ការសិក្សាក្រោយចប់បាក់ឌុបនោះ យុវជន សាម៉េត ដែលជាកូនប្រុសច្បងក្នុងគ្រួសារ បានសម្រេចរៀនភាសាកូរ៉េង ប្រលងមកធ្វើការនៅកូរ៉េ ក្រោយពេលប្រលងជាប់បាក់ឌុបនៅឆ្នាំ២០១០។
តាមរយៈប្រាក់ឈ្នួលខ្ពស់រហូតដល់ជាង២ពាន់ដុល្លារក្នុងមួយខែ សាម៉េត បានជួយគ្រួសារឱ្យមានជីវភាពប្រសើរ ហើយបានជួយប្អូនឱ្យរៀនដល់មហាវិទ្យាល័យផងដែរ។ សាម៉េត បានចាត់ទុកនេះ គឺជាកិត្តិយសមួយសម្រាប់គ្រួសារក្នុងភូមិមួយដែលមិនសូវមានអ្នករៀនដល់មហាវិទ្យាល័យ។
យុវជន ប៊ិន សាម៉េត បានបញ្ជាក់ដូច្នេះ «បានមកប្រទេសកូរ៉េទី១យើងបានរៀនសូត្រនៅប្រទេសកូរ៉េ ទី២ យើងបានប្រាក់ចំណូលពីប្រាក់ឈ្នួលរបស់យើង អាចជួយឱ្យប្អូនទាំង៤របស់ខ្ញុំ បានរៀនចប់បាក់ឌុប និងចប់មហាវិទ្យាល័យពីរទៅបីនាក់។ អ៊ីចឹងធ្វើឱ្យគ្រួសារខ្ញុំនៅស្រុកមានកិត្តិយសក្នុងគ្រួសារ។ ក្នុងភូមិខ្ញុំជាភូមិមួយដាច់ស្រយាលមានសមាជិកគ្រួសារចប់បាក់ឌុបទាំងអស់គ្នាមកដល់ពេលនេះ។ ម្យ៉ាងទៀតឪពុកម្តាយសប្បាយចិត្ត ដោយសារយើងបានជួយផ្គត់ផ្គង់ប្អូនៗ និងគ្រួសារ»។
ស្រ្តីខ្មែរមួយរូបមកពីស្រុកតាំងគោក ខេត្តកំពង់ធំ គឺអ្នកស្រី ចាន់ ស្រីមុំ អាយុ៣១ឆ្នាំ ដែលមានអតីតភាពជាកម្មការិនីរោងចក្រនៅកម្ពុជា បានប្រឹងប្រែងរៀនភាសាកូរ៉េ រហូតប្រលងជាប់មកធ្វើការនៅកូរ៉េក្នុងអំលុងឆ្នាំ២០១៣។ អ្នកស្រី មុំ មកធ្វើការនៅប្រទេសកូរ៉េ ដោយសារមានក្តីរំពឹងថា ការងារនៅកូរ៉េនឹងជួយធ្វើឱ្យជីវភាពបានប្រសើរជាមួយប្រាក់ឈ្នួលខ្ពស់នោះ។ បច្ចុប្បន្ន ស្រីមុំ ធ្វើការបានប្រាក់ឈ្នួលចន្លោះពី ១,៨០០ដុល្លារ ទៅ ១,៩០០ដុល្លារ។
អ្នកស្រី ចាន់ ស្រីមុំ បានអះអាងក្នុងរយៈពេលប្រមាណ៦ឆ្នាំនេះ គាត់សន្សំលុយបានប្រមាណជា ៨ម៉ឺនដុល្លារ ហើយជួយសង់ផ្ទះឱ្យឪពុកម្តាយ និងបានបង្កើតមុខរបរជូនឪពុកម្តាយផងដែរ។
អ្នកស្រី មុំ បានបញ្ជាក់ដូច្នេះថា «ខុសគ្នាឆ្ងាយណាស់ កាលខ្ញុំនៅស្រុកខ្មែរជាកម្មការិនីរោងចក្រប្រាក់ឈ្នួលមិនច្រើនដូចនៅកូរ៉េ។ តាំងពីខ្ញុំមកធ្វើការនៅប្រទេសកូរ៉េនេះ ជីវភាពគ្រួសារខ្ញុំ គឺខុសប្លែកគ្នាឆ្ងាយមែនទែន»។
រាជរដ្ឋាភិបាល បានចាត់ទុកការរកការងារធ្វើនៅក្រៅប្រទេស ជាពិសេសប្រទេសកូរ៉េ ជាការប្រឹងប្រែងមួយរបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋមានការរងារធ្វើ និងកសាងជីវភាពឱ្យប្រសើរយ៉ាងណាក្តី។ ប៉ុន្តែនៅតែមានការរិះគន់ពីក្រុមមនុស្សចំនួនថា រាជរដ្ឋាភិបាលអសមត្ថភាពបង្កើតការងារជូនប្រជាពលរដ្ឋ និងរុញប្រជាពលរដ្ឋឱ្យធ្វើជាអ្នកស៊ីឈ្នួលនៅប្រទេសដទៃ។
សម្រាប់ពលករខ្មែរដែលសម្ភាសន៍ជាមួយ Fresh News ហើយកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េពួកគេមិនយល់ដូចការរិះគន់នោះឡើយ។ ពួកគេបានគិតថា ការដែលពួកគេបានមកធ្វើការងារនៅប្រទេសកូរ៉េ ជាកិច្ចប្រឹងប្រែងមួយរបស់រាជរដ្ឋាភិបាល ហើយពួកគេក៏រីករាយ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានស្វះស្វែងរកការងារនៅប្រទេសកូរ៉េសម្រាប់ពួកគេ។
លោក សុយី បានលើកឡើងថា «ការដែលពួកខ្ញុំបានមកនេះ បើសម្តេចមិនអនុញ្ញាត មិនស៊ីញ៉េ ឬមិនមានការព្រមព្រៀងគ្នារវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជាយើង គឺពួកខ្ញុំទាំងអស់គ្នាមិនអាចបានមកនោះទេ។ អ៊ីចឹងដោយសារគាត់ជាថ្នាក់ដឹកនាំ គាត់មានទំនាក់ទំនងគ្នាល្អ ហើយគាត់ស្វែងរកទីផ្សារ ដើម្បីប្រជាជនប្រកបការងារចិញ្ចឹមជីវិត ឬជំនាញផ្សេងៗ»។
លោក ប៊ិន សាម៉េត បានបង្ហាញការយល់ឃើញរបស់ខ្លួនថា «មកដល់ពេលនេះខ្ញុំសូមថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសកូរ៉េ ដើម្បីបញ្ជូនបងប្អូនខ្មែរយើង ឬពលករខ្មែរយើងបានមកដល់ប្រទេសកូរ៉េ គាត់មានឱកាសរៀនសូត្រ គាត់បានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ អ៊ីចឹងខ្ញុំមកកូរ៉េនេះ ខ្ញុំមិនដែលគិតថា ខ្ញុំមកធ្វើកញ្ជះគេដូចគេថានោះទេ ខ្ញុំមកទីនេះទី១ ខ្ញុំមានប្រាក់ឈ្នួល ទី២ ខ្ញុំបានទទួលចំណេះដឹងជាច្រើនពីប្រទេសកូរ៉េ។ អ៊ីចឹងយើងអាចដឹកនាំខ្លួនឯងបាន»
អ្នកស្រី ចាន់ ស្រីមុំ បានថ្លែងថា «ចំពោះខ្ញុំអ្នកបានមកធ្វើការនៅប្រទេសកូរ៉េអាចនិយាយថា ជាសំណាងក៏ថាបាន ព្រោះមកធ្វើការនៅទីនេះបានប្រាក់ឈ្នួលច្រើនមែនទែនអាចជួយជីវភាពគ្រួសារ។ អរគុណរាជរដ្ឋាភិបាលដែលគាត់បានបញ្ជូនរូបខ្ញុំ ក៏ដូចជាពលករ បងប្អូនដទៃទៀតដែលមកធ្វើការនេះ គឺសប្បាយចិត្ត មានតែសប្បាយចិត្ត មិនមែនជាទណ្ឌកម្មអីសម្រាប់ពួកយើង ព្រោះធ្វើការនៅទីនេះបានប្រាក់ខែច្រើន ហើយបងប្អូនខ្លះគាត់ទទួលបានជំនាញទៀត»។
មានពលករខ្មែរជាច្រើន ក្រោយពេលបានមកធ្វើការនៅប្រទេសកូរ៉េហើយនោះ ធ្វើឱ្យពួកគេមានឱកាសសន្សំប្រាក់ និងសន្សំចំណេះដឹងផ្សេងៗ ហើយបានយកប្រាក់ និងចំណេះដឹងបានពីប្រទេសកូរ៉េនេះទៅបង្កើតអាជីវកម្មនៅក្នុងប្រទេស។ លោក សុឃី លោក សាម៉េង និងអ្នកស្រី មុំ ក៏មានមហិច្ឆតាដូចនោះផងដែរ។
ពួកគេទាំង៣នាក់ បានអះអាងថា នឹងមិននៅធ្វើការក្នុងប្រទេសកូរ៉េរហូតនោះឡើយ ហើយបច្ចុប្បន្នក៏មានគម្រោងបង្កើតអាជីវកម្មនៅក្នុងប្រទេស ដើម្បីចាប់យកជីវភាពថ្មីលើដីកំណើតផងដែរ។
លោក សាម៉េត បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះដោយសារខ្ញុំធ្វើការនៅទីនេះ៧ឆ្នាំជាងហើយ។ អ៊ីចឹងខ្ញុំគិតថា នៅពេលខ្ញុំចប់អាណត្តិនៅខែឧសភា ឆ្នាំ២០២០ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសារតែខ្ញុំមានដើមទុនខ្លះៗ ហើយយើងមានចំណេះដឹងខ្លះៗលើការធ្វើជំនួញ ឬក៏រកស៊ីខ្លះដែរហើយ។ ម្យ៉ាងទៀតយើងក៏ចង់បង្កើតប្រាក់ចំណូលដោយខ្លួនឯង យើងលែងចង់ទទួលប្រាក់ខែពីគេទៀតហើយ»។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ បានអះអាងតាមរយៈពលករខ្មែរនៅក្នុងប្រទេសកូរ៉េ ទឹកប្រាក់ប្រមាណ ៦០០លានដុល្លារអាមេរិក ត្រូវបាននាំទៅប្រទេសកម្ពុជាក្នុងមួយឆ្នាំ។ បើតាមលោក ឡុង ឌីម៉ង់ តាមលំហូរប្រាក់ឈ្នួលនេះ ជាការរួមចំណែកជួយជំរុញសេដ្ឋកិច្ចជាតិផងដែរ។
លោក ឡុង ឌីម៉ង់ បន្ថែមថា ការធ្វើការងារនៅប្រទេសកូរ៉េនេះ មិនត្រឹមតែជួយឱ្យពលរដ្ឋខ្មែរទទួលបានប្រាក់ឈ្នួលខ្ពស់ប៉ុណ្ណោះទេ។ តែក៏បានរួមចំណែកអភិវឌ្ឍជំនាញវិជ្ជាជីវៈបច្ចេកទេសដល់ពួកគេផងដែរ។
ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មានពេលបំពេញការងារនៅប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ បានបញ្ជាក់យ៉ាងដូច្នេះ «ពិតណាស់មកធ្វើការដើម្បីរកប្រាក់ខែខ្ពស់ដើម្បីបានផ្ញើលុយទៅក្នុងស្រុកអភិវឌ្ឍសេដ្ឋកិច្ចជាតិយើង តាមរយៈការអភិវឌ្ឍគ្រួសារដំបូងបំផុត បានន័យថា ផ្ញើលុយទៅក្រុងគ្រួសាររាងរាល់ខែ។ មួយទៀតបងប្អូនដែលមកធ្វើការនេះបានបំពាក់នូវជំនាញវិជ្ជាជីវៈជំនាញថ្មីៗទៀតដែលបងប្អូនបាននឹងកំពុងក្រេបជញ្ជក់បច្ចេកវិទ្យាថ្មីនៅប្រទេសកូរ៉េលើវិស័យ៣នេះ។ អ៊ីចឹងខ្ញុំគិតថា វាបានផ្តល់នូវសារៈប្រយោជន៍ខ្លាំងណាស់ដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាការពង្រឹងធនធានមនុស្សរបស់យើងដែរ»។
មានប្រជាពលរដ្ឋមកពីប្រទេសចំនួន១៦ ត្រូវបានរដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងអនុញ្ញាតឱ្យចូលមកធ្វើការងារ។ ប្រជាពលរដ្ឋកម្ពុជា ត្រូវបានវាយតម្លៃថា ជាអ្នកដែលតស៊ូអត់ធ្មត់ជាមួយការងារ ហើយក៏ទទួលបានការពេញចិត្តពីថៅកែផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ឌីម៉ង់។
លោកឯកអគ្គរាជទូតបានបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាយើងខ្ញុំអាចនិយាយបានថា ជាប់ចំណាត់ថ្នាក់លេខ១។ នេះមិនមែនខ្ញុំអ្នកលើកឡើងទេ ប៉ុន្តែរដ្ឋាភិបាលកូរ៉េ ក្រសួងការងាររបស់កូរ៉េ ទីភ្នាក់ងារអភិវឌ្ឍន៍ធនធានមនុស្សរបស់កូរ៉េដែលគាត់ទទួលបាន Feedback ពីបណ្តាថៅកែកូរ៉េ គឺគាត់ថា ពលករកម្ពុជាមានភាពអត់ធ្មត់ តស៊ូ ហើយខិតខំធ្វើការណាស់។ អ៊ីចឹងសព្វថ្ងៃនេះយើងមានមោទនភាព គេទទួលស្គាល់ថា ប្រជាជនកម្ពុជាយើង ជាប្រជាជនមានភាពរ៉ាក់ទាក់ មានភាពអំណត់តស៊ូ ធ្វើការដោយខិតខំព្យាយាមប្រមូលនូវជំនាញវិជ្ជាជីវៈនេះ»។
ដោយមើលឃើញពីសារប្រយោជន៍នៃការងារនៅក្នុងប្រទេសកូរ៉េ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងស្វះស្វែងឱ្យរដ្ឋាភិបាលកូរ៉េអនុញ្ញាតឱ្យពលករខ្មែរ បានធ្វើការងារនៅក្នុងប្រទេសនេះកាន់តែច្រើនថែមទៀត។
លោក ឡុង ឌីម៉ង់ បញ្ជាក់ «បើនិយាយពីកូតាសព្វថ្ងៃនេះ ប្រជាជនកម្ពុជាយើងបានកំពុងចូលមកប្រទេសកូរ៉េនេះ កូតា (ចំនួនកំណត់) ដែលកូរ៉េឱ្យក្នុងមួយឆ្នាំប្រមាណជា ៧ពាន់នាក់។ យើងក៏កំពុងព្យាយាមក្នុងការជជែកជាមួយរដ្ឋាភិបាលកូរ៉េទៀត ដើម្បីធ្វើយ៉ាងណាឱ្យចំនួនកូតាមានចំនួនកើនឡើងថែមទៀត»។
សូមបញ្ជាក់ថា ការបញ្ជូនពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ត្រូវបានចុះអនុស្សរណៈនៃការយោគយល់ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោក Roh Moo-Hyun អតីតប្រធានាធិបតីសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៦។
គិតចាប់ពីឆ្នាំ២០០៧ រហូតមកត្រឹមឆ្នាំ២០១៩នេះ មានពលករសរុបចំនួន ៦៦,៥៦៥នាក់ បានបញ្ជូនមកបំពេញការងារនៅសាធារណរដ្ឋកូរ៉េ ដែលក្នុងនោះ រយៈពេល៥ឆ្នាំចុងក្រោយនេះ មានពលករជាមធ្យមចំនួន ៦,០០០នាក់ បានទទួលការងារពីសាធារណរដ្ឋកូរ៉េក្នុងមួយឆ្នាំៗ៕