(ស្វាយរៀង)៖ ឃាតកដែលអារ-កសម្លាប់នារីកម្មការិនីរោងចក្រ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បញ្ជាក់ថា បានទៅលោតទឹកសម្លាប់ខ្លួន។
សពឃាតកនេះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញ នៅចំណុចបឹងមួយកន្លែងខាងកើតរោងចក្រធីវ៉ាយ ស្ថិតក្នុងភូមិដើមពោធ៌ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា បុរសដែលជាឃាតកដែលសម្លាប់ស្ត្រីរងគ្រោះ កាលពីម្សិលមិញនេះ បានលោតទឹកសម្លាប់ខ្លួន ហើយត្រូវបានប្រទះឃើញនៅព្រឹកនេះ។ បុរសជាឃាតកមានឈ្មោះ នាង ក្រឹម អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចរោចក្រធីវ៉ាយផលិត អំពូលភ្លើងអំអរ ស្ថិតនៅក្នុងភូមិដើមពោធិ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីឃាតកម្មសម្លាប់នារីរោងចក្រ ដោយយកកូនកាំបិតចិតបន្លែ ទៅធ្វើសកម្មភាពអារក និងចាក់ទៅលើនារី បណ្ដាលឲ្យរងរបួសចំនួន១៤កន្លែង រហូតដល់ស្លាប់ នៅកន្លែងកើតហេតុតែម្ដង។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមក សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ជាឃាតករសម្លាប់នារីរងគ្រោះហើយ គឺជនសង្ស័យជាសង្សារនារីរងគ្រោះ។
ករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ នាង ក្រឹម ភេទអាយុ ២៥ឆ្នាំ រស់នៅស្រុករំដួល ត្រូវជាសង្សារបស់នារីរងគ្រោះឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សមត្ថកិច្ច បានឲ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យសម្លាប់នារី រងគ្រោះជាសង្សារ ព្រោះគ្រួសារខាងស្រីមិនព្រមឲ្យរៀបការ។
ប្រភពបានបន្តថា ក្រោយទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងនគរបាលខេត្ត ទទួលការងារព្រហ្មទណ្ឌ នាយការិយាល័យព្រហ្មទណ្ឌធ្ងន់ស្រាល បច្ចេកទេសវិទ្យាសាស្ត្រ អធិការ អធិការរងស្រុកស្វាយទាប គ្រូពេទ្យ បានចុះហ៊ុំព័ទ្ធ និងពិនិត្យសាកសព កំណត់មុខសញ្ញាពាក់ព័ន្ធ។
ប្រភពដដែលបន្តថា ជនសង្ស័យ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន ពីកន្លែងកើតហេតុបាត់តែម្ដង។ សាកសពក្រោយពីពិនិត្យចប់សព្វគ្រប់ ដោយមានការយល់ព្រម ពីលោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានប្រគល់សាកសព ជូនទៅលោក ខឹម ហ៊ុន ត្រូវជាឪពុកបង្កើតរបស់សាកសព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕