(ភ្នំពេញ)៖ ក្លឹបបណ្ដុះបណ្ដាលស្រ្ដី Be Your Own Hero (B-YooH) ជាកម្មវិធីអភិវឌ្ឍន៍ជំនាញទន់ ដល់ស្ត្រីវ័យក្មេងបង្កើតឡើងក្នុងឆ្នាំ២០១៨ ដែលបង្កើតឡើងក្នុងគោលបំណងអប់រំដល់ស្រ្ដីកម្ពុជា ឲ្យក្លាយខ្លួនជាអ្នកដឹកនាំស្រ្ដីដ៏ឆ្នើមនៅកម្ពុជា ដោយបណ្ដុះបណ្ដាលដល់ស្រ្ដីគ្រប់រូប និងឥតគិតថ្លៃ។
ជាក់ស្ដែងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ក្លឹប B-YooH នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពី «ភាពជាអ្នកដឹកនាំជាស្រ្តី ឆ្នាំ២០១៩» ដែលសិក្ខាសាលានេះរៀបចំឡើង ដើម្បីលើកទឹកចិត្តដល់ស្រ្ដី និងបណ្ដុះបណ្ដាលពីគំនិតសំខាន់ៗ ព្រមទាំងមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ។
សិក្ខាសាលាថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងដូចជា៖
១៖ លើកតំកើនស្ត្រីវ័យក្មេងដែលមានភាពជាអ្នកដឹកនាំ ដើម្បីរកឃើញពីភាពខ្លាំង និងខ្សោយ។
២៖ ទទួលបាននូវគំនិតល្អៗ ពីវាគ្មិនដែលមកពីស្ថាប័ន ឯកជន រដ្ឋ និងនិស្សិតសកលវិទ្យាល័យ សម្រាប់រៀបចំគំម្រោងអនាគត។
៣៖ យល់ពីភាពជាអ្នកដឹកនាំរបស់វាគ្មិន ពីគ្រប់វិស័យទាំងអស់ដែលនឹងចូលរួមចែករំលែក។
៤៖ ទទួលបានបទពិសោធន៍, សកម្មភាព, បទបង្ហាញដែលនឹងធ្វើឱ្យអ្នកចូលរួម ទទួលបានកម្លាំងចិត្តថាមានសិទ្ធិអំណាច។
សូមបញ្ជាក់ថា ត្រឹមរយៈពេល១ឆ្នាំប៉ុណ្ណោះក្លឹប BE YOUR OWN HERO បានបណ្ដុះបណ្ដាលស្រ្ដីជាច្រើននាក់នៅកម្ពុជា ឲ្យយល់ដឹងពីអត្ថប្រយោជន៍ និងភាពក្លាហាន ក្នុងការប្រឡូកក្នុងសង្គម ការចេញរកស៊ី, ភាពជាស្រ្ដីម្នាក់ឈរលើភាពរឹងមាំ និងភាពជាអ្នកដឹកនាំជាដើម។ ជាក់ស្ដែងស្រ្ដីជាច្រើននាំគ្នាចូលរួមក្នុងក្លឹប BE YOUR OWN HERO ទោះបីពួកគេមានភាពមមាញឹកយ៉ាងណាក្តី ក៏ក្រុមស្ត្រីមិនបោះបង់ចំណងមិត្តភាព ដែលមាននៅក្នុងក្លឹបនេះឡើយ ពួកគាត់តែងបែងចែកពេលវេលារបស់ខ្លួន ដើម្បីធ្វើការចូលរួម និងចែករំលែកបទពិសោធន៍ដល់គ្នាទៅវិញទៅមក។
អ្នកស្រី គង់ សូរីតា អគ្គនាយករងរបស់ស្ថាប័ន BE YOUR OWN HERO បានថ្លែងឲ្យដឹងថា
ក្លឹប BE YOUR OWN HERO ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងលើកកម្ពស់ភាពជាស្ត្រី មិនតែប៉ុណ្ណោះ BE YOUR OWN HERO បានស្ថាបនាឲ្យស្រ្ដីមានភាពរឹងមាំ ក្នុងការក្លាយខ្លួន ឬត្រៀមខ្លួន ដោយភាពជឿជាក់ជាអ្នកដឹកនាំស្រ្ដីនៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
អ្នកស្រីបន្ថែមថា ក្លឹប BE YOUR OWN HERO មានទស្សនវិស័យអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលស្រ្ដីឲ្យក្លាហាន នឹងប្រែក្លាយទៅជាស្រ្ដីដ៏ឆ្នើម ឬអ្នកដឹកនាំឆ្នើម។
BE YOUR OWN HERO មានរៀបចំវគ្គបណ្ដុះបណ្ដាល ធ្វើឡើងជារៀងរាល់ជំនាន់ដោយឥតគិតថ្លៃ ដោយក្នុងមួយជំនាន់មានរយៈពេល៣ខែ។
អ្នកស្រីបញ្ជាក់ថា BE YOUR OWN HERO មានគោលដៅដ៏ជាក់លាក់ក្នុងការរៀបចំ តម្រង់ផ្លូវដល់ស្រ្ដីឲ្យឈាន ទៅរកភាពជោគជ័យក្នុងនោះរួមមាន៖
១៖ លើកកម្ពស់សក្តានុពលនៃស្រ្តីវ័យក្មេងឲ្យក្លាយជាស្ត្រី មានភាពជាមេដឹកនាំនាពេលអនាគត។
២៖ ក្លឹប BE YOUR OWN HERO បានបង្កើនជំនាញទាំងផ្នែកទន់ និងជំនាញផ្នែករឹងដល់ពួកគេតាមរយៈ ការចែករំលែក និងរៀនសូត្រពីគ្នារវាងគ្រូបង្វឹក និងសមាជិក។
៣៖ ក្លឹប BE YOUR OWN HERO តែងតែរៀបចំសិក្ខាសាលា, វគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗ ដើម្បីដុសខាត់ភាពទន់ខ្សោយរបស់ស្រ្ដីឲ្យក្លាយជាភាពឆ្នើម និងជំរុញពួកគេឲ្យកាន់តែមាន ភាពរីកចម្រើនទ្វេឡើង៕